ទំហំពាណិជ្ជកម្មកម្ពុជារយៈពេល១១ខែសម្រេចបានទឹកប្រាក់ ជាង៤៨ពាន់លានដុល្លារអាមេរិក

 ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយប្រទេសជាដៃគូ សម្រេចបានទឹកប្រាក់រហូតដល់៤៨,១ពាន់លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឲ្យដឹងកាលពីម្សិលម៉ិញនេះថា ក្នុងចំណោមទឹកប្រាក់ដ៏ច្រើននេះ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន២០,៤ពាន់លានដុល្លារអាមេរិក ហើយនាំចូលមកវិញមានទឹកប្រាក់ ចំនួន២៧,៧ពាន់លានដុល្លារអាមេរិក ។

របាយការណ៍ដដែលបានឱ្យដឹងថា ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ ផលិតផលកសិកម្ម អង្ករ កៅស៊ី ដំឡូងមី ចេក ស្វាយ ស្វាយចន្ទីជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកប្រទេសដែលជាគោលដៅនាំចេញរបស់កម្ពុជា ក្នុងរយៈពេល១១ខែកន្លងកមកនេះ រួមមាន សហរដ្ឋអាមេរិក ចិន ជប៉ុន ថៃ វៀតណាម កូរ៉េខាងត្បូង និងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប ។

របាយការណ៍បង្ហាញផងដែរថា ក្នុងរយៈពេល១១ខែនេះផងដែរ កម្ពុជាបាននាំចេញទំនិញ ពីខាងក្រៅប្រទេសមានចំនួន២៧,៧ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១កន្លងទៅនេះ ដែលមានទឹកប្រាក់២៥,៤ពាន់លានដុល្លារអាមេរិក ។ ទំនិញដែលកម្ពុជានាំចូលពីខាងក្រៅមកវិញ រួមមាន ឧស្ម័ន វត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ យានយន្ត គ្រឿងយន្ត គ្រឿងអេឡិចត្រូនិក ប្រេងឥន្ធនៈនិងរបស់របរប្រើប្រាស់ជាទៀត ។

ទំហំពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០២២នេះ ត្រូវបានមើលឃើញថា នឹងកើនឡើងខ្ពស់ជាងបណ្តាឆ្នាំមុនៗ ដោយសារកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗរួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន កិច្ចព្រមព្រៀងភាពជាដៃគូតំបន់គ្រប់ជ្រុងជ្រោយ(RCEP)និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េ ដែលបានចូលជាធរមានកាលពី​ដើមខែធ្នូនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here