អ៊ុយក្រែនត្រូវការថវិកាចំនួន១ពាន់លានដុល្លារជាបន្ទាន់សម្រាប់ស្តារ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំនះឆ្លងកាត់រដូវរងា

ដោយ: លាងហួរ

ក្រុងគៀវ: នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បានមានប្រសាសន៍កាលពីថ្ងៃចន្ទ ទី១២ ធ្នូ ថា ប្រទេសអ៊ុយក្រែនត្រូវការជំនួយចំនួនសរុប១ពាន់លានដុល្លារអាមេរិកជាបន្ទាន់ ដើម្បីបញ្ជូនបណ្តាញអគ្គិសនី  និងប្រព័ន្ធកំដៅកណ្តាល របស់ខ្លួនត្រឡប់ទៅដំណើរការធម្មតាវិញ។

ថ្លែងនៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ លោក Shmyhal បានមានប្រសាសន៍ថា  ការវាយប្រហារតាមអាកាស របស់រុស្ស៊ីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ អស់ពាក់កណ្តាល របស់ប្រទេសអ៊ុយក្រែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្ត​ថា “ការងារ​ស្តារ​ឡើង​វិញ ​តម្រូវ​ឱ្យ​មាន​ដំណើរការ​ជា៣ដំណា​ក់កាល”។

លោក Shmyhal បានថ្លែងប្រាប់កិច្ចប្រជុំនេះថា អាទិភាពជាចម្បងឥឡូវនេះ គឺជាដំណាក់កាល នៃការរស់រានមានជីវិត ការស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងវិស័យថាមពលឱ្យបានឆាប់រហ័ស ដើម្បីឆ្លងកាត់រដូវរងា ។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ Telegram ផ្ទាល់ខ្លួនរបស់លោក។

លោកបានបញ្ជាក់ថា “ថ្លៃចំណាយជាបន្ទាន់ សម្រាប់វិស័យថាមពលមានចំនួន៥០០លានដុល្លារអាមេរិក ហើយថ្លៃចំណាយសម្រាប់វិស័យកំដៅ មានចំនួន៥០០លានដុល្លារអាមេរិកបន្ថែមទៀត”។

ប្រទេសរុស្ស៊ី បានបើកការវាយប្រហារដោយកាំជ្រួច  និងយន្តហោះគ្មានមនុស្សបើក លើរោងចក្រថាមពលអ៊ុយក្រែន និងទីតាំងផ្សេងទៀតស្ទើរតែរៀងរាល់សប្តាហ៍ចាប់តាំងពីខែតុលាមកម្ល៉េះ។

ក្រុមអ្នកជំនាញថាមពល បាននឹងកំពុងធ្វើការ ដើម្បីស្ដារបណ្តាញអគ្គិសនីនៅក្នុងទីក្រុងសមុទ្រខ្មៅ នៃទីក្រុងOdesa បន្ទាប់ពីរុស្ស៊ីបានបាញ់ប្រហារ លើរោងចក្រចំនួន២របស់អ៊ុយក្រែន  ដែលបានធ្វើឱ្យអតិថិជនចំនួន១,៥លាននាក់គ្មានថាមពលប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here