UN-Habitatគាំទ្រគំនិតផ្តួចផ្តើមអាគារបៃតងនៅខេត្តព្រះសីហនុ

ដោយៈ វិវត្តន៍

       ព្រះសីហនុៈ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់សូឡាតាមថ្នល់ ការបែងចែកសូឡាតាមផ្ទះ និងចង្រ្កានបរិស្ថាន នៃគម្រោង ”គំនិតផ្ដួចផ្ដើមអគារបៃតង។

គំរោងនេះធ្វើឡើង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ” អនុវត្តដោយ UN-Habitat ឧបត្ថម្ភដោយប្រទេសជប៉ុន។

លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណកម្មវិធីសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) ដែ​លគៀងគរថវិកា ដើម្បីអនុវត្តគម្រោងជាច្រើនក្នុងក្រុងព្រះសីហនុ មានដូចជាការរៀបចំទស្សនទានទីក្រុងឆ្លាតវៃ ការប្រមូល និងការគ្រប់គ្រងសំរាម ការអប់រំផ្សព្វផ្សាយ ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការ គ្រប់គ្រងទឹកកខ្វក់ ការគាំទ្រសហគមន៍ងាយរងគ្រោះ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងគំនិតផ្ដួចផ្ដើមអគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះនេះ ត្រូវបានអនុវត្តប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពក្នុងគោលបំណងដូចជា ទី១ ផ្តល់ជម្រើសថាមពលស្អាត ពិសេសច    ង្ក្រានដែលប្រើប្រាស់ ថាមពលប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពងាយរងគ្រោះ ចំពោះការឆ្លងមេរោគតាមផ្លូវដង្ហើម ដែលអាចបណ្ដាលមកពីការចម្អិនអាហារប្រើប្រាស់ឥន្ធនៈបំពុល និងបច្ចេកវិទ្យាធ្វើឱ្យគុណភាពខ្យល់នៅក្នុងផ្ទះមិនល្អ។

ទី២ -ផ្តល់ជម្រើសថាមពលជំនួសសម្រាប់បំភ្លឺ និងសន្សំសំចៃការប្រើប្រាស់អគ្គិសនី ដែលរួមចំណែកដោយផ្ទាល់ដល់ការ កាត់បន្ថយការចំណា​យរបស់គ្រួសារក្រីក្រ។ ស្ថិតក្នុងភាពជាដៃគូជាមួយ UN-Habitat និងរដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍អនុញ្ញាតឱ្យ UN-HABITAT អនុវត្តគម្រោងស្ដីពី “គំនិតផ្ដួចផ្ដើមអគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ” ក្នុងសហគមន៍ក្រីក្រចំនួន២ រួមមាន តំបន់ទំនប់រលកភូមិ៣ និងតំបន់អភិវឌ្ឍន៍ថ្មី ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ តាមរយៈ ស.ជ.ណ.លេខ ២១១/២២ ចុះថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២២។

ក្នុងទិសដៅអនុវត្តគម្រោងសហគមន៍បៃតងត្រូវបានចងក្រងឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានប្រជាជនចំនួន១៨៦គ្រួសារជាសមាជិ​កក្នុងចំណោមគ្រួសារ៣០៨គ្រួសារ ស្ថិតក្នុងភូមិ១ និងភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ។

កន្លងមកក្រុមការងារគម្រោង បានសហការជាមួយអាជ្ញាធរដែនដី និងគណៈកម្មការសហគមន៍ បានចុះសិក្សាវាយតម្លៃអំពីសេដ្ឋកិច្ចសង្គម ទាក់ទ​ងទៅនឹងគម្រោង តាមរយៈការសម្ភាសន៍ជាមួយប្រជាពលរដ្ឋ១៨៩គ្រួសារ ក្នុងសហគមន៍បានរកឃើញថា ប្រជាពលរដ្ឋមានការចំណាយច្រើន លើការទិញហ្គាសសម្រាប់ចំអិនអាហារ ខណៈខ្លួនកំពុងស្ថិតនៅក្នុងស្ថាន ភាពមានប្រាក់ចំណូលទាបក្នុងសហគមន៍ កន្លែងភាគច្រើនមានស្ថានភាពស្មុគស្មាញ ដោយសំណង់ផ្ទះ សាងសង់ក្នុងស្ថានភាពណែនចង្អៀតពិបាកធ្វើដំណើរ ជាពិសេសក្នុងពេលយប់ ។ល។ គណៈកម្មការបានសិក្សាអំពីក្រុមហ៊ុននានាក្នុងប្រទេសសម្រាប់ផ្គត់ផ្គង់សូឡា ចង្រ្កាន កង្ហារ រួចបានជ្រើសជ្រើសក្រុមហ៊ុន ដែលអាចផ្ដល់ផលិតផលមានគុណភាពខ្ពស់បច្ចេកវិជ្ជាប្រ​ទេស​ជប៉ុន និងចង្ក្រានមានគុណភាពកាត់បន្ថយការបំភាយកាបូនខ្ពស់។

លោកឡុង ឌីម៉ង់បានបន្តថា “ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ការផ្ដល់ជូននាពេលនេះ នឹងរួមចំណែកធ្វើឱ្យជីវភាព សុខុមាលភាព និងកាត់បន្ថយការចំណាយប្រចាំថ្ងៃទៅលើការប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យបានប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងអាចរស់នៅប្រកបដោយភាពរីករាយ និងសុវត្ថិភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here