អ្នកម៉ៅការសំណង់មានភាពងាយស្រួលរកកម្មករធ្វើការក្នុងសម័យកូវីដ១៩

ដោយ ៖ លក្ខិនា
ភ្នំពេញ ៖ ដោយសារតែឥទ្ធិពលនៃជំងឺកូវីដ១៩ បានធ្វើអោយវិស័យមួយចំនួនរងផលប៉ះពាល់និងផ្អាកសកម្មភាព ដែលជំរុញអោយបុគ្គលិកកម្មករបាត់បង់ការងារ។ ក្រៅពីនោះពលករដែលត្រលប់មកពីប្រទេសថៃវិញក៏លែងបានចូលទៅក្នុងទឹកដីថៃម្ដងទៀតព្រោះតែការរឹតត្បិតតាមព្រំដែន ធ្វើឱ្យកំលាំងពលកម្មកម្ពុជានៅសល់ច្រើន។
កត្តាទាំងនេះ អ្នកម៉ៅការសំណង់នៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា អ្នកមកស្វែងរកការងារធ្វើក្នុងវិស័យសំណង់ជាពិសេសកម្មករសំណង់កាន់តែច្រើន និងលែងពិបាករកកម្មករដើម្បីបំពេញការងារធ្វើក្នុងការដ្ឋានដូចពីមុនទៀតហើយ។
បើតាមលោកភូ សុខឡៃ អ្នកចាត់ការទូទៅនៃក្រុមហ៊ុនម៉ៅការសំណង់ ពិស្ណុការបានឱ្យដឹងថា ចាប់តាំងពីអំឡុងខែកុម្ភៈ មីនា និងមេសា ឃើញថាអត្រានៃការស្វែងរកការងារពីសំណាក់កម្មករមិនមានជំនាញ និងមានជំនាញនានានៅក្នុងក្រុមហ៊ុនពិស្ណុការឃើញថា មានកំណើនច្រើន ក៏ប៉ុន្តែក្រុមហ៊ុនបានផ្ដល់ជូនទៅតាមចំនួនកំណត់ប៉ុណ្ណោះមិនអាចផ្ដល់ជូនអ្នកដែលមកដាក់ពាក្យធ្វើការទាំងអស់បានទេ។
លោកបន្តថា ពីមុនវាការស្វែងរកកម្មករដើម្បីធ្វើការតាមការដ្ឋានហាក់មានភាពពិបាកបន្តិចតែមិនពិបាកណាស់ណាទេ ក៏ប៉ុន្តែពេលមកដល់កូវីដ១៩ផ្ទុះឡើងស្រាប់តែក្រុមហ៊ុនមានភាពងាយស្រួលក្នុងការរកកម្មករទៅវិញ។ លោកថា “មានកត្តាចំនួនដែលធ្វើអោយ កម្មករជាច្រើនស្វែងរកការងារក្នុងវិស័យសំណង់ ទី១ បណ្ដារោងចក្រសហគ្រាសមួយចំនួនបានកាត់បន្ថយបុគ្គលិក និងផ្អាកសកម្មភាពដូច្នេះ បុគ្គលិកកម្មករទាំងត្រូវបាត់បង់ការងារនិងត្រូវស្វែងរកការងារធ្វើនៅក្នុងវិស័យសំណង់ ទី២ពលករដែលត្រលប់មកពីប្រទេស កាលពីអំឡុងមុនពេលថៃបិទប្រទេសដោយសារតែកូវីឌ១៩ កាន់តែច្រើននិងមិនអាចត្រលប់ទៅធ្វើការនៅប្រទេសថៃក៏មកសុំការងារធ្វើតាមការដ្ឋានសំណង់ និងទី៣ ការងារក្នុងវិស័យសំណង់នៅតែមានសកម្មភាពបើធៀបនឹងការងារក្នុងវិស័យផ្សេងទៀតដែលមិនប្រើប្រាស់ជំនាញ”។
លោកបន្ថែមថា ទោះបីជាមានការដាក់ពាក្យសុំធ្វើការនៅក្នុងការដ្ឋានសំណង់របស់លោកច្រើនក៏ពិតមែន តែក្នុងការដ្ឋានសរុបរបស់ក្រុមហ៊ុនម៉ៅការសំណង់បានផ្ដល់ការងារជូនកម្មករត្រឹមតែ ៦០០ទៅ៧០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ។
បើតាមសេចក្តីមួយរបស់ក្រុមហ៊ុនម៉ៅការសំណងរបស់ចិន China Railway Construction Group ដែលជាក្រុមហ៊ុនម៉ៅការសំណង់របស់គម្រោងអគារ The Peak ក៏បានអោយដឹងថា ទោះស្ថិតនៅក្នុងំណាក់កាលកូវីដ១៩ក្ដីក៏ក្រុមហ៊ុនសាងសង់មួយនេះ នៅតែបន្តសកម្មភាពជាមួយនឹងកម្មកររបស់ខ្លួនដោយមិនផ្អាកសកម្មភាពឡើយ ក៏ប៉ុន្តែតម្រូវអោយកម្មករត្រូវអនាម័យខ្លួនប្រាណដោយត្រូវបាញ់អាល់កុលលាងដៃមុនចូលធ្វើការ និងត្រូវប្រយ័ត្នចំពោះការប្រាស្រ័យទាក់ទាក់ទងគ្នាជាមួយកម្មករដទៃ ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានបង្ហាញថា វិស័យសំណង់បានផ្ដល់ឱកាសការងារប្រមាណ១៧ម៉ឺននាក់ ក្នុងមួយថ្ងៃ គិតជាមធ្យមក្នុងឆមាសទី១ ឆ្នាំ ២០២០នេះ ហើយបើធៀបនឹងឆមាសទី១ឆ្នាំ ១០១៩ ឃើញថាមានកំណើនគួរអោយកត់សម្គាល់ដែលមានចំនួនចន្លោះពី១៣ម៉ឺន៣ពាន់នាក់ទៅ១៣ម៉ឺន៤ពាន់នាក់ក្នុងមួយថ្ងៃ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here