ប្រទេសកម្ពុជាចាត់ទុកការអភិវឌ្ឍកម្មសិទ្ធិបញ្ញាជាអាទិភាពក្នុងការជំរុញកំណើននិងអភិវឌ្ឍន៍សេដ្ឋកិច្ច

ដោយៈ សុផារី

ភ្នំពេញៈ ការអភិវឌ្ឍកម្មសិទ្ធិបញ្ញា គឺជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងអភិក្រមសេដ្ឋកិច្ចទីផ្សារ ហើយមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍សេដ្ឋកិច្ច។

លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី ការត្រួតពិនិត្យម៉ាក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រសួងពាណិជ្ជកម្ម អង្គការ JETRO Bangkok និង SOEI ASEAN Office ផងដែរ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជាក់ឱ្យឃើញអំពីសន្ទុះរីកចម្រើនផ្នែកកម្មសិទ្ធិបញ្ញា និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអន្តរជាតិ ក្នុងការលើកកម្ពស់ចំណេះដឹងសាធារណៈ ចែករំលែកបទពិ​សោធន៍ ពង្រឹងសមត្ថភាពមន្ត្រីស្ថាប័នបន្ថែម ដើម្បីអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញារបស់កម្ពុជា ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញ ពីការប្តេជ្ញាចិត្តរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចការពារ និងជំរុញឱ្យសាធារណៈជនប្រើប្រាស់កម្មសិទ្ធិបញ្ញា ឱ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការបន្តថា ក្នុងនាមក្រសួងពាណិជ្ជកម្ម ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ បានរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត ផែនការសកម្ម​ភាព ការងារកម្មសិទ្ធិបញ្ញាសម្រាប់រយៈពេល៣ឆ្នាំ សេចក្តីព្រាងគោលនយោបាយជាតិកម្មសិទ្ធិបញ្ញា ២០២២-២០២៧ ការពង្រឹងស្ថាប័នកម្មសិទ្ធិបញ្ញាក្នុងការគ្រប់គ្រងច្បាប់ និងប្រព័ន្ធកម្មសិទ្ធិបញ្ញាឱ្យ មានប្រសិទ្ធភាព និងមានតុល្យភាព ការកសាងហេដ្ឋារចនាសម្ព័នរូបវន្ត ដើម្បីលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា ការអភិវឌ្ឍសមត្ថភាពរបស់ស្ថាប័នសាធារណៈ និងវិស័យឯកជនក្នុងការ ស្រាវជ្រាវ និងការអភិវឌ្ឍ ការពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ ទំនងជាមួយស្ថាប័ន្ធពាក់ព័ន្ធនានា។

លោកអ៊ុក ប្រជាបានបញ្ជាក់ថា យោងតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ឆ្នាំ២០០២ រយៈពេលនៃការចុះបញ្ជីម៉ាក គឺមានរយៈពេល៩ខែ ប៉ុន្តែនាយកដ្ឋានបាននឹងកំពុងពង្រីក សមត្ថភាពរបស់ខ្លួន ដោយព្យាយាមកាត់បន្ថយរយៈពេលនេះ មកត្រឹមចន្លោះពី៥ទៅ៧ខែវិញ ដើម្បីបម្រើផលប្រយោជន៍ជូន អ្នកដាក់ពាក្យស្នើសុំទាំងអស់។

លោកបន្តថា “កម្ពុជាអាចត្រូវបានចាត់ទុក ជាប្រទេសលំដាប់ទីពីរក្នុងអាស៊ាន ដែលមានរយៈពេលនៃការចុះបញ្ជីបានលឿន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here