ទ្រព្យសកម្ម​វិស័យ​ធនាគារ​នៅ​កម្ពុជា​កើន​ដល់​ទំហំ​ទឹកប្រាក់ ៥៦ពាន់​លានដុល្លារ​អាមេរិក

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ប្រព័ន្ធ​ធនាគារ​បាន​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ស្ថិរភាព ក្រោយពី​ការកែទម្រង់​វិស័យ​ធនាគារ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​ចាប់ពី​ឆ្នាំ២០០០មក។ ប្រព័ន្ធ​ធនាគារ​ក៏ត្រូវ​បានធ្វើ​ទំនើបកម្ម​ជា​បន្តបន្ទាប់ ស្របតាម​និម្មាបនកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ និង​បានរួម​ចំណែក​ស្នូល​ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច គាំទ្រ​កំណើនសេដ្ឋកិច្ច, លើកកម្ពស់​បរិ​យាប​ន្ន​សេដ្ឋកិច្ច​និង​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ។

ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ អត្រា​អតិផរណា​ត្រូវបាន​គ្រប់គ្រង​ឱ្យមាន​កម្រិត​ទាប​ប្រមាណ២,៥% ជាមួយនឹង​ស្ថិរភាព​ល្អប្រសើរ នៃ​អត្រា​ប្តូរប្រាក់​ក្នុង​រង្វង់ ៤.០៥០រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក ស្រប​ពេលដែល​ទុនបម្រុង​អន្តរជាតិ​ដុល​ត្រូវបាន​គរ​ពូន ឱ្យមាន​កម្រិត​ខ្ពស់​ជា​លំដាប់ រហូតដល់២០ពាន់​លាន​ដុល្លារ​អាមេរិក ស្មើនឹង​ប្រមាណ ១០ខែ នៃ​ការ​នាំចូល​ទំនិញ​និង​សេវា ដែល​ខ្ពស់ជាង៣ដង​នៃ​កម្រិត​អប្បបរមា ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​គួរ​មាន (៣ខែ)។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​បានឱ្យដឹងថា “ទ្រព្យសកម្ម​វិស័យ​ធនាគារ​បាន​កើនឡើង​យ៉ាង ឆាប់រហ័ស​ពី​ប្រមាណ​ត្រឹមតែ០,៥ ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ១៩៩៨ ដល់៥៦ប៊ី​លាន​ដុល្លារ​អាមេរិក​នាពេល​បច្ចុប្បន្ន គឺ​កើនឡើង​ប្រមាណ១១២ដង។ ឥណទាន​ប្រព័ន្ធ​ធនាគារ​ដែល​ត្រូវបាន​បែងចែក​ទៅ កាន់​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច និង​ប្រាក់​បញ្ញើ​ក្នុងស្រុក​បាន​កើនឡើង ១៦៥ដង ប្រហាក់ប្រហែលគ្នា គឺ​ពី​ចំនួន​ប្រមាណ​តែ០,២ពាន់​លាន​ដុល្លារ​អាមេរិក ដល់​ជាង ៣៣ពាន់​លាន​ដុល្លារ​អាមេរិក” ។

ប្រព័ន្ធ​ធនាគារ​ក៏បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) ក្នុង​ប្រតិបត្តិការ ជាពិសេស​សម្រាប់​ការទូទាត់ ដែល​បាន​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​កម្ពុជា ជា​លំដាប់។ ជាក់ស្តែង​ប្រជាជន​ពេញវ័យ​ដែល​ទទួលបាន​សេវា ហិរញ្ញវត្ថុ​ផ្លូវការ​កើនឡើង​ដល់​ប្រមាណ​ជាង ៧០% ធៀប​នឹង​ពីរ​ទសវត្សរ៍​មុន (តិចជាង​ប្រមាណ ១០% ប៉ុណ្ណោះ)។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ធ្លាប់បាន​លើកឡើងថា សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល៤១ឆ្នាំនេះ កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម​របស់​រាជរដ្ឋាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្រោម​ម្លប់​សន្តិភាព ដែល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ស្ថាបនា​ឡើង និង​ថែរក្សា​រហូតមកដល់​ប​ច្ចុ​ប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here