លោកស៊ុន ចាន់ថុលៈឆ្នាំ២០២៣ស្ថានីយ៍បញ្ចូលថាមពលរថយន្តអគ្គិសនី២០០ទីតាំងនឹងដំណើរការនៅទូទាំងប្រទេស

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ជាង២០០ទីតាំងទៀត គ្រោងនឹងដំឡើងទូទាំងប្រទេស នៅឆ្នាំ២០២៣ខាងមុខនេះ។

លោកបានលើកឡើងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី តាមរយៈគម្រោង “ការប្រើប្រាស់យានយន្តអគ្គិសនី នៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព” ដោយមានការអញ្ជើញចូលរួម ពីសំណាក់មន្រ្តីជាន់ខ្ពស់ក្រសួងពាក់ព័ន្ឋ និងដៃគូអភិវឌ្ឍន៍នានា។

លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ តំណាងលោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងធ្វើការវាយតម្លៃខ្ពស់ចំពោះគម្រោង “ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅក្នុងវិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាព”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបន្តថា ដោយសង្កេតឃើញពីកំណើនសេដ្ឋកិច្ច និងភាពរីកចម្រើនគ្រប់វិស័យ ជាពិសេសវិស័យដឹកជញ្ជូននៅក្នុងទីក្រុង ដែលនាំឱ្យកំណើនយានយន្ត កាន់តែមានការកើនឡើងមួយឆ្នាំទៅមួយឆ្នាំ មិនថាតែយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ និងយានយន្តអគ្គិសនីនោះទេ។ ហេតុនេះហើយ ដើម្បីចូលរួមចំណែកក្នុងការប្តេជ្ញាចិត្ត និងមហិច្ឆតាក្នុងការកាត់បន្ថ​យការបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស ការជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែម ក៏ដូចជាការបង្កើនប្រសិទ្ធភាពប្រេងសម្រាប់រថយន្ត គឺជាចំនុចគន្លឹះយ៉ាងសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ និងសហការគ្នា។ តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) រាជរដ្ឋាភិបាលកម្ពុជា បានដាក់ការតាំងចិត្តខ្ពស់ចំពោះការបញ្ជ្រាបការប្រើប្រាស់រថយន្តអគ្គិសនី ឱ្យមានការប្រើប្រាស់ម៉ូតូអគ្គិសនីឱ្យបាន៧០% និងរថយន្តអគ្គិសនីឱ្យបាន៤០% នៅត្រឹមឆ្នាំ២០៥០។

លោកជំទាវបន្តថា “ភាពជោគជ័យនៃការអនុវត្ត គម្រោងសាកល្បងការប្រើប្រាស់យានយន្តអគ្គិសនី នៅក្នុងវិស័យដឹកជញ្ជូននេះអាចជួយជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាយើង ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការដឹកនាំ និងជំរុញចលនាការប្រើប្រាស់យានយន្ត អគ្គិសនីឱ្យបានច្រើននាពេលអនាគត”។

លោកស៊ុន ចាន់ថុលបានមានប្រសាសន៍ថា កំណើនការចុះបញ្ជីយានយន្តអគ្គិសនីក្នុងរយៈពេល១០ខែចុងក្រោយ គឺមានការកើនឡើងជាង១១ដង បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលនេះបង្ហាញឱ្យឃើញពីការយល់ដឹង និងការចូលរួមប្រើប្រាស់យានយន្តអគ្គិសនី គួរឱ្យកត់សម្គាល់នៅកម្ពុជា។

លោកក៏បានបង្ហាញពីកិច្ចសហការកន្លងមក របស់រាជរដ្ឋាភិបាលជាមួយដៃគូអភិវឌ្ឍន៍នានារួមមាន (១)កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានផ្តល់ម៉ាស៊ីនបញ្ចូលថាមពល យានយន្តអគ្គិសនីចំនួន៤គ្រឿង (២) ក្រុមហ៊ុន EV Energy Tech Co., Ltd. បានផ្ដល់នូវសម្ភារបិក្ខារ ដំបូលសូឡា និងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដំឡើងស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនីប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដោយបំពាក់ម៉ាស៊ីនបញ្ចូលថាមពលអគ្គិសនីចំនួន៣គ្រឿង មានដៃបញ្ចូលថាមពលអគ្គិសនីចំនួន៦ មានទីតាំងស្ថិតក្នុងទីស្ដីការក្រសួង ដែលធ្វើការសម្ពោធក្នុងឱកាសនេះផ្ទាល់។

ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ឱ្យមានការកើនឡើង ក្រសួងបាន និងកំពុងខិតខំស្វះស្វែងរកដៃគូសហការ ក្នុងការដំឡើងបន្ថែមនូវស្ថានីយ៍ បញ្ចូលថាមពលយានយន្តអគ្គិសនី ឱ្យបានច្រើននៅទូទាំងប្រទេស ហើយក៏លើកទឹកចិត្តវិស័យឯកជន ចូលរួមឱ្យបានច្រើន ជាក់ស្តែងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈកាល់តិច ក៏បានដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីរបស់ខ្លួនបាន១ទីតាំងផងដែរ។

កាលពីពេលថ្មីៗនេះដែរ បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី ក្រុមហ៊ុន EV Energy Tech គ្រោងនឹងដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឲ្យបានចំនួន២០ទីតាំងបន្ថែមទៀត ហើយចំពោះក្រុមហ៊ុន BYD គ្រោងនឹងដំឡើងចំនួន ២០០ទីតាំងនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៣ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here