សហគ្រិនខ្មែររកឃើញម្ចាស់ពានរង្វាន់លេខ១ជាសហគ្រិនឆ្នើម ថ្នាក់ជាតិឆ្នាំ២០២២

 ដោយៈ លក្ខិណា

ភ្នំពេញៈ បន្ទាប់ពីប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៃកម្មវិធីពានរង្វាន់សហគ្រិនឆ្នើមថ្នាក់ជាតិសម្រាប់ឆ្នាំ ២០២២នេះ ទីបំផុតក៏បានរកឃើញម្ចាស់ពានរង្វាន់សហគ្រិនឆ្នើមថ្នាក់ជាតិ សម្រាប់ឆ្នាំ២០២២នេះហើយ។

សហគ្រិនឆ្នើមដែលទទួលបានពានរង្វាន់នេះ បានទៅលើលោកឈរ រឹទ្ធី អគ្គនាយកនៃក្រុមហ៊ុន ហ្វ្រេសមៀល ដែលផលិតទឹកគោស្រស់គីរីសួគ៌ និងទទួលបានទឹកប្រាក់ចំនួន១ម៉ឺនដុល្លារអាមេរិកពីកម្មវិធី។

ក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សហគ្រិនឆ្នើម ថ្នាក់ជាតិឆ្នាំ២០២២ កាលពីថ្ងៃទី២៣ វិច្ឆិកា លោកពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ឆ្នាំនេះជាឆ្នាំទី៣ដែលយើងបានរៀបចំ នូវកម្មវិធីពានរង្វាន់សហគ្រិនឆ្នើមនេះឡើង ហើយគណៈកម្មការដែលរៀបចំ ក៏មានបទពិសោធន៍ច្រើន ក្នុងការជ្រើសរើសបេក្ខភាពដែលសមនឹងទទួលបានពានរង្វាន់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “កម្មវិធីនេះនឹងជួយជំរុញឱ្យសហគ្រិន ដែលកំពុងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា កាន់តែមានភាពរឹងមាំ ជាពិសេសអ្នកដែលចូលរួមក្នុងការប្រកួតប្រជែងផ្ទាល់តែម្ដង”។ លោកបន្តថា “ពួកគេនឹងទទួលបាននូវបទពិសោធន៍ និងស្គាល់ពីចំណុចខ្វះខាតរបស់ខ្លួន ហើយអាចពង្រឹងពីសមត្ថភាពរបស់ខ្លួន ដើម្បីឈានដល់ការអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់ផងដែរ”។

លោកបន្ថែមថា អត្ថប្រយោជន៍ដែលទទួលបាន ពីការប្រកួតប្រជែងកម្មវិធីនេះ មិនត្រឹមតែបានទៅលើអ្នក ចូលរួមប្រកួតប្រជែងប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែក ដល់សេដ្ឋកិច្ចជាតិរបស់យើងដែរ ហើយអនាគតទៅទៀត សហគ្រិនភាពកាន់តែត្រូវបានលើកកម្ពស់ ហើយបើសិនជាកម្មវិធីនេះត្រូវបានរៀបចំជាបន្តបន្ទាប់ នឹងធ្វើឱ្យសហគ្រិនកម្ពុជា ក៏ដូចជា ផលិតផលដែលផលិតចេញពីកម្ពុជា នឹងឈានដល់និយាមស្ដង់ដារអន្តរជាតិ។

លោកឈរ រិទ្ធី អគ្គនាយកនៃក្រុមហ៊ុនហ្វ្រេសមៀល ឯ.ក ដែលទទួលបានជ័យលាភី ក្នុងការប្រកួតនេះបានមានប្រសាសន៍ផងដែរថា កម្មវិធីពានរង្វាន់នេះគឺជាកម្មវិធីល្អមួយ ដែលសហគ្រិនខ្មែររៀបចំឡើង និងបានផ្ដល់ឱកាសដល់សហគ្រិន ក្នុងប្រទេសកម្ពុជាបានចូលរួមបញ្ចេញសមត្ថភាព ។

លោកបន្តថា ក្នុងនាមជាអ្នកទទួលបានពានរង្វាន់លេខ១ ជាសហគ្រិនឆ្នើមប្រចាំឆ្នាំ២០២២ នឹងខិតខំព្យាយាមបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីចូលរួម ក្នុងការអភិវឌ្ឍសង្គមជាតិយើង ឱ្យមានការរីកចម្រើនបន្ថែមទៀតទៅទៀត ។

ជាមួយគ្នានេះ លោកបណ្ឌិតឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា សហគ្រិនខ្មែរបានចូលរួមក្នុងកម្មវិធីនេះ ជារៀងរាល់ឆ្នាំ ដោយមានគោលបំណងធំៗពីរគឺ ទី១ ផ្សព្វផ្សាយវប្បធម៌សហគ្រិនភាពឱ្យបានទូលំទូលាយ និងទី២ ការពង្រីកបណ្ដាញជាមួយដៃគូក្នុងអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ។

លោកបន្តថា “ពីមួយឆ្នាំទៅមួយឆ្នាំ យើងបានឃើញថា ចំនួនសហគ្រិន បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែង ពានរង្វាន់សហគ្រិនឆ្នើមកម្ពុជាបានកើនឡើងជាបន្តបន្ទាប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here