កម្ពុជា វៀតណាមបន្តជម្រុញការផ្លាស់ប្តូរលំហូរពាណិជ្ជកម្ម

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់គយនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម បានយល់ស្របពន្លឿន ចរាចរ​ទំនិញនាំចេញនាំចូល ដើម្បីលើកកម្ពស់កិច្ចសម្រួ​ល​ពាណិជ្ជកម្មជាមួយគ្នា។

ភាគីវៀតណាម បានយល់ព្រម លើការសម្រួលឲ្យបានជាអតិបរមា លើការដឹកជញ្ជូនទំនិញ ឆ្លងកាត់ប្រទេសវៀតណាម មកកម្ពុជា ដោយអនុវត្តតាម​គោលការណ៍ រំហូរពាណិជ្ជកម្មស្របច្បាប់ និងទប់ស្កាត់ បទល្មើសគយជ្រកក្រោមរបបឆ្លងកាត់។

ភាគីទាំងពីរ គឺគណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំជំនួបទ្វេភាគី ជាមួយលោក Nguyen Van Can អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបទ្វេភាគីនេះ រដ្ឋបាលគយនៃប្រទេសទាំងពីរ បានឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការ លើចំណុចសំខាន់ៗដូចខាងក្រោម ទី១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបង្ការទប់ស្កាត់ទំនិញរត់គេចពន្ធ និងការដឹកជញ្ជូនឆ្លងដែនខុសច្បាប់ តាមរយៈអនុវត្តប្រតិបត្តិការរួមគ្នា, ពង្រឹងយន្តការមន្ត្រីទំនាក់ទំនង (Focal points) ដើម្បីផ្លាស់ប្តូរព័ត៌មានទាំង ក្នុងកម្រិតអគ្គនាយកដ្ឋាន និងនៅមាត់ច្រកព្រំដែន។

ទី២ ពន្លឿនចរាចរទំនិញនាំចេញនាំចូល ដើម្បីលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ ភាគីវៀតណាម បានយល់ព្រម លើការសម្រួលឲ្យបានជាអតិបរមា លើការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាម មកកម្ពុជា​ដោយអនុវត្តតាមគោលការណ៍ រំហូរពាណិជ្ជកម្មស្របច្បាប់ និងទប់ស្កាត់ បទល្មើសគយជ្រកក្រោមរបបឆ្លងកាត់ ។

ទី៣. បន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាពិនិត្យលទ្ធភាព​អនុវត្តន៍ យន្តការត្រួតពិនិត្យរួម​គ្នាតែមួយដង នៅច្រកព្រំដែនអន្តរជាតិបាវិត ប្រទេសកម្ពុជា និងម៉ុកបៃ ប្រទេសវៀតណាម។

ទី៤ បានឯកភាពគ្នាចាត់តាំងមន្ត្រីជំនាញ IT ឲ្យធ្វើការរួមគ្នាដើម្បីអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ សម្រាប់ផ្លាស់ប្តូរព័ត៌មានសង្ខេបតាម Online អំពីអត្តសញ្ញាណទំនិញឆ្លងកាត់ និងមធ្យោបាយ​ដឹកជញ្ជូនទំនិញទាំងនោះ។ ទី៥. ផ្លាស់ប្ដូរទស្សនកិច្ច សិក្សាមន្ត្រីគយ ដើម្បីបង្កើនកិច្ចសហការមិត្តភាព និងរៀនសូត្រដកស្រង់បទពិសោធន៍ ទៅវិញទៅមក។

ទី៦ គាំទ្រគ្នាទៅវិញទៅមក លើការងារគយលើឆាកអន្តរជាតិ និងទី៧. រៀបចំកិច្ចប្រជុំទ្វេភាគីបន្ទាប់ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៤៕

LEAVE A REPLY

Please enter your comment!
Please enter your name here