កម្ពុជាគ្រោងនាំចេញថាមពលកកើតឡើងទៅកាន់ប្រទេសសិង្ហបុរី ឲ្យបាន១០០០មេហ្កាវ៉ាត់

 ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានការចុះហត្ថលេខាមួយរវាងកម្ពុជា និងសិង្ហបុរីលើកិច្ចព្រមព្រៀងចងកាតព្វកិច្ចប្រគល់សិទ្ធិផ្ដាច់មុខ លើការសិក្សាលទ្ធភាពអភិវឌ្ឍន៍និងប្រតិបត្តិការរួមគ្នា លើគម្រោងថាមពលកកើតឡើងវិញ នៅកម្ពុជា ដែលមានសមត្ថភាពប្រមាណ២៥០០មេហ្កាវ៉ាត់។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងរវាងក្រុមហ៊ុន Royal Group Power Co.,Ltd និងក្រុមហ៊ុនKeppel Energy Pte របស់សិង្ហបុរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា២០២២ ដោយគ្រោងនឹងនាំចេញទៅកាន់ប្រទេសសិង្ហបុរី ១០០០មេហ្កាវ៉ាត់។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនាពេលនេះ ប្រព្រឹត្តទៅក្រោ​មអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Power មានប្រសាសន៍ថា កិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុនKeppel គឺដើម្បីអភិវឌ្ឍន៍ និងនាំចេញថាមពលរហូតដល់១០០០មេហ្គាវ៉ាត់ ពីព្រះរាជាណាចក្រកម្ពុជា ទៅសាធារណរដ្ឋសិង្ហបុរី ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបញ្ជួនថាមពល សម្រាប់ដោះស្រាយការនាំចេញថាមពលពីឡាវ គឺតំណាងឱ្យការចាប់ផ្ដើមនូវកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងក្រុមហ៊ុនទាំងពីរ ហើយនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន។

កិច្ចសហប្រតិបត្តិការរវាងធុរកិច្ចនិងធុរកិច្ច នឹងចូលរួមចំណែកយ៉ាងច្រើនដល់ការអនុវត្តកាន់តែទូលំទូលាយនូវ ខ្សែបណ្តាញបញ្ជូនថាមពលអាស៊ាន តាមរយៈតំណភ្ជាប់ផ្នែកអគ្គិសនីក្នុងអាស៊ាន ដោយអនុវត្តនូវធាតុផ្សំជាគន្លឹះ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី Cindy Lim ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន KI បានឱ្យដឹងដែរថា កិច្ចព្រមព្រៀងនេះ ជាជំហានដ៏សំខាន់ ក្នុងពន្លឿនការអភិវឌ្ឍធន​ធានថាមពលកកើតឡើងវិញ ក៏ដូចជា ចាប់យកកាលានុវត្តភាពដែលកើតចេញពី ចក្ខុវិស័យខ្សែបណ្តាញបញ្ចូញថាមពលអាស៊ាន នៃពាណិជ្ជកម្មអគ្គិសនីពហុភាគី លើសពីព្រំដែនអន្តរជាតិ ដោយរាប់បញ្ចូលទាំងការនាំចូលជាសក្តានុពលនូវអគ្គិសនី ដែលមានកាបូនទាបទៅកាន់ប្រទេសសិង្ហបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here