តើការកើនឡើងអត្រាការប្រាក់សកលអាចប៉ះពាល់ដល់ជីវិតរបស់អ្នករបៀបណា?

ដោយ៖ សហការី

ភ្នំពេញ៖ ផ្អែកតាមទិន្នន័យផ្លូវការចុងក្រោយ យ៉ាងហោចណាស់ មាន៤៥ប្រទេសដែលបានដំឡើងអត្រាការប្រាក់ រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២២។ នយោបាយនេះ គឺធ្វើឡើងដោយធនាគារកណ្ដាលនៃប្រទេសនីមួយៗ ដើម្បីដោះស្រាយបញ្ហានៃការកើនឡើងអតិផរណា ឬការកើនឡើងតម្លៃទំនិញជាទូទៅ។

ក្នុងពេលជាមួយគ្នា នយោបាយនេះនឹងបង្កផលប៉ះពាល់ដល់អ្នកខ្ចី អ្នកសន្សំ អ្នកប្រើប្រាស់ អ្នកវិនិយោគ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាពេលបច្ចុប្បន្ន បណ្ដាប្រទេសយ៉ាងច្រើន មិនថានៅអាស៊ី អឺរ៉ុប អាមេរិក និងនៅលើពិភពលោកបានអនុវត្តនយោបាយបង្កើនអត្រាការប្រាក់របស់ធនាគារកណ្ដាល។ យ៉ាងហោចណាស់ មាន៤៥ប្រទេសដែលបានដំឡើងអត្រាការប្រាក់ រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២២។ នេះបើយោងតាមកាសែត The New York Times។

ផ្អែកតាមសារទីភ្នាក់ងារសារព័ត៌មាន AP ការអនុវត្តនយោបាយបង្កើនអត្រាការប្រាក់នេះ គឺដើម្បីទប់ទល់នឹងការឡើងថ្លៃទំនិញជាទូទៅ ក៏ប៉ុន្តែនយោបាយនេះក៏បង្កផលប៉ះពាល់ផ្សេងៗផងដែរដល់សេដ្ឋកិច្ចជាតិទាំងមូល។

ការប្រាក់ គឺជា ចំណែកលុយបន្ថែមដែលគេត្រូវចំណាយនៅពេលខ្ចី។ ក្នុងការអនុវត្តជាក់ស្ដែង ដើម្បីកាត់បន្ថយការកើនឡើងកម្រិតអតិផរណា ឬការឡើងថ្លៃទំនិញជាទូទៅ ធនាគារកណ្ដាលនៃប្រទេសមួយអាចដំឡើងអត្រាការប្រាក់។

នៅពេលអត្រាការប្រាក់កើនឡើង នោះមនុស្សកាន់តែច្រើននឹងយកលុយរបស់ខ្លួនមកសន្សំ ជាជាងចំណាយ ព្រោះដើម្បីបានការប្រាក់ខ្ពស់។ នៅពេលលុយសន្សំច្រើននៅក្នុងធនាគារ នោះបរិមាណលុយលើទីផ្សារក៏ធ្លាក់ចុះ ហើយវាធ្វើឱ្យតម្លៃលុយដែលសល់បរិមាណតិចជាងមុនកើនតម្លៃមកវិញ។ ជាលទ្ធផល ជាមួយបរិមាណលុយដដែល គេអាចទិញទំនិញបានច្រើនជាងមុន ដូច្នេះគេអាចនិយាយថា កម្រិតអតិផរណានឹងធ្លាក់ចុះផងដែរ។

នាពេលបច្ចុប្បន្ន កម្រិតអតិផរណាកើនឡើង ជាពិសេស តម្លៃថាមពល និងស្បៀងអាហារ ក្រោយពីពិភពលោកប្រឈមនូវវិបត្តិយ៉ាងច្រើនតួយ៉ាង វិបត្តិកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ផ្អែកតាមការចេញផ្សាយវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ការកើនឡើងអត្រាការប្រាក់ធ្វើឱ្យតម្លៃកម្ចីកើនឡើង អ្នកខ្ចីប្រាក់ត្រូវចំណាយច្រើនជាងមុន ហើយក៏អាចធ្វើឱ្យអ្នកដែលនឹងត្រូវប្រើប្រាស់បំណុលត្រូវបង់ការប្រាក់ច្រើនជាងមុនផងដែរ។ ក្នុងន័យនេះ នៅពេលធនគារកណ្ដាលបង្កើនអត្រាការប្រាក់ នោះអ្នកមានកម្ចីផ្ទាល់ខ្លួន កម្ចីទិញផ្ទះ ឬកម្ចីទិញរថយន្ដនឹងត្រូវចំណាយច្រើនជាងមុន។ ជាឧទាហរណ៍ បើយោងតាមការប៉ាន់ប្រមាណរបស់កាសែត BBC ការកើនឡើងអត្រាការប្រាក់ចុងក្រោយបង្អស់ នៅក្នុងចក្រភពអង់គ្លេស នឹងមានន័យថា ម្ចាស់ផ្ទះបង់ប្រាក់រហូតដល់ ២៥ផោនបន្ថែមទៀត ជារៀងរាល់ខែ។ ក៏ប៉ុន្តែ ចំនួនទឹកប្រាក់កើនឡើងនឹងអាស្រ័យលើទំហំ និងប្រភេទនៃប្រាក់កម្ចី។

នៅក្នុងកម្រិតប្រទេស នយោបាយបង្កើនអត្រាការប្រាក់ក៏អាចធ្វើឱ្យប្រទេសដែលមានប្រជាជនភាគច្រើនជំពាក់បំណុលគេត្រូវចំណាយច្រើនជាងមុនផងដែរ ហើយវាអាចបង្កផលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ ជាឧទាហរណ៍ បំណុលគ្រួសារនៅសហរដ្ឋអាមេរិកឥឡូវនេះឡើងដល់កំពូល ១៥ទ្រីលានដុល្លារអាមេរិក ដោយកម្ចីទិញផ្ទះ និងកម្ចីទិញរថយន្ត បានកើនឡើង២៥០ពាន់លានដុល្លារអាមេរិក និង ១១ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២។

នេះបើយោងតាមរបាយការណ៍ប្រចាំត្រីមាសស្តីពីបំណុលគ្រួសារ និងឥណទានពីធនាគាររបស់ធនាគារកណ្ដាលនៃទីក្រុងញូវយ៉ក។ ធនគារនេះគឺជាធនាគារកណ្តាលមួយក្នុងចំណោមធនាគារកណ្តាលចំនួន១២ នៅសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ធនាគារកណ្តាលសង្ឃឹមថានឹងអាចកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ និងកាត់បន្ថយអត្រាអតិផរណា តាមរយៈនយោបាយដំឡើងអត្រាការប្រាក់។

នៅក្នុងទ្រឹស្ដី អត្រាការប្រាក់ខ្ពស់ មានន័យថា មនុស្សទទួលបានផលចំណេញប្រសើរជាងមុន សម្រាប់ការសន្សំរបស់ពួកគេ ហើយវាគួរតែលើកទឹកចិត្តឱ្យពួកគេសន្សំជាជាងចំណាយ។ ជាឧទាហរណ៍ នៅប្រទេសនូវែលសេឡង់ ធនាគាររដ្ឋ Kiwibank បានប្រកាសនៅក្នុងខែតុលា ឆ្នាំ២០២១ថា អ្នកសន្សំនឹងទទួលបានអត្ថប្រយោជន៍ពីប្រាក់ចំណូលខ្ពស់លើការសន្សំ និងអត្រាប្រាក់បញ្ញើរយៈពេលមួយ។ នៅពេលមនុស្សយកលុយទៅសន្សំច្រើននៅក្នុងធនាគារ នោះបរិមាណលុយនឹងមិនសូវមានច្រើនទេនៅក្នុងទីផ្សារ។ វាជាការកើនឡើងអត្រាការប្រាក់លើកដំបូង នៅក្នុងប្រទេសនូវែលសេឡង់ សម្រាប់រយៈពេលប្រាំពីរឆ្នាំ។

ប៉ុន្តែ ជួនកាល អត្រាសន្សំខ្ពស់អាចលេចចេញជាលទ្ធផលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចមានការយឺតយ៉ាវទៅវិញ ព្រោះថានៅពេលមនុស្សសន្សំច្រើន មនុស្សមិនសូវចាយវាយ ហើយតម្រូវការក៏ធ្លាក់ចុះ។ នៅពេលតម្រូវការធ្លាក់ចុះ ការផ្គត់ផ្គង់ក៏ធ្លាក់ចុះ ដូច្នេះវាអាចរុញច្រានឱ្យការវិនិយោគធ្លាក់ចុះ និងសេដ្ឋកិច្ចធ្លាក់ថមថយជាលទ្ធផល។

សរុបជារួម ការអនុវត្តនយោបាយដំឡើងការប្រាក់របស់ធនាគារកណ្ដាល គឺដើម្បីដោះស្រាយវិបត្តិអតិផរណា ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា វាក៏អាចបង្កផលប៉ះពាល់ដល់ស្ថានភាពកម្ចី ការសន្សំ ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិទាំងមូលផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here