ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តកម្ចី៧០លានដុល្លារដល់កម្ពុជាសម្រាប់កែទម្រង់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ

ដោយៈ លក្ខិណា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកម្ចីចំនួន៧0 លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅលើផ្នែកវិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីចេញផ្សាយកាលពីដើមសប្ដាហ៍នេះ។

សេចក្ដីប្រកាសឱ្យដឹងថា គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអប់រំមធ្យមសិក្សាទុតិយភូមិនេះ នឹងជួយកម្ពុជាអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ STEM ខណៈដែលប្រទេសប្រាថ្នាចង់ប្រែក្លាយសេដ្ឋកិច្ចរបស់ខ្លួន ទៅជាសេដ្ឋកិច្ចដែលជំរុញដោយបច្ចេកវិទ្យា និងចំណេះដឹង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គំរោងជំនួយនេះ ជាគំរោងបន្តពីកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំពីមុនរបស់ADBសម្រាប់ប្រទេសកម្ពុជា គម្រោងនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ដែលផ្អែកលើស្តង់ដារ លើកកម្ពស់ការអប់រំSTEMដោយគុណភាព និងពង្រឹង សមត្ថភាពស្ថាប័នសម្រាប់ការធ្វើផែនការ ការគ្រប់គ្រង និងការផ្តល់ការអប់រំមធ្យមសិក្សាទុតិយភូមិ។

លោកស្រីLynnette Perez   អ្នកឯកទេសជាន់ខ្ពស់ផ្នែកអប់រំរបស់ADB សម្រាប់តំបន់អាស៊ី       អាគ្នេយ៍ មានប្រសាសន៍ថា ដោយសារតម្រូវការខ្លាំងនៃជំនាញSTEM គម្រោងនេះនឹងជួយពង្រឹងប្រព័ន្ធអប់រំរបស់កម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ STEM បច្ចុប្បន្ន ដើម្បីតាមទាន់ការកើនឡើងនៃតម្រូវការ សម្រាប់កម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់។ ការងារនេះមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ក្នុងការបំពេញជំនាញ ចំណេះដឹង និងសមត្ថភាពសតវត្សទី២១ ទៅក្នុងការអប់រំ STEM របស់ខ្លួន។

លោកស្រីបន្តថា “វានឹងធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់សិស្ស ក្នុងការគិតបែបវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត និងការសហការ ដែលទាំងនេះ នឹងត្រូវការសម្រាប់សេដ្ឋកិច្ចផ្អែកលើចំណេះដឹង”។

គម្រោងនេះនឹងដាក់ចេញនូវស្តង់ដារ សម្រាប់ការអប់រំប្រកបដោយគុណភាពសម្រាប់អនុវិទ្យាល័យទាំងអស់ ធ្វើឱ្យប្រសើរឡើងនូវបរិក្ខារ ព្រមទាំងផ្តល់នូវបច្ចេកវិទ្យាអប់រំ និងឧបករណ៍STEMសំខាន់ៗ សម្រាប់ប្រទេសកម្ពុជា។ ក្នុងចំណោមផែនការរបស់គម្រោង ក៏នឹងមានការធ្វើឱ្យប្រសើរឡើងនូវសម្ភារៈបរិក្ខារ នៃសាលាមធ្យមសិក្សាទុតិយភូមិចំនួន១៤ និងសាលាមធ្យមសិក្សាទុតិយភូមិទូទៅចំនួន១០៣ ដោយបំប្លែងថ្នាក់រៀនចំនួន៣ ក្នុងសាលានីមួយៗ ទៅជាថ្នាក់រៀនវិទ្យាសាស្ត្រចំនួន២ និងបណ្ណាល័យមួយ ដែលមានបំពាក់ឧបករណ៍ សម្ភារៈបង្រៀន សៀវភៅ គ្រឿងសង្ហារិម និងធនធានបច្ចេកវិទ្យាអប់រំចាំបាច់។

ដើម្បីបង្កើនជំនាញគរុកោសល្យ និងចំណេះទ្រឹស្តីរបស់គ្រូបង្រៀន និងពង្រឹងការផ្តល់ការអប់រំ STEM គម្រោងនឹងផ្តល់នូវការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិតដល់គ្រូបង្រៀន STEM ចំនួន៧៧៥នាក់ ដែលមានស្ត្រីយ៉ាងតិច៤0% និងសាស្ត្រាចារ្យ STEM ចំនួន២៥នាក់ មកពីវិទ្យាស្ថានជាតិអប់រំ ដែលមានស្ត្រីយ៉ាងហោចណាស់៨0% ។

មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា ដែលជាមជ្ឈមណ្ឌលកូនកាត់ស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងកម្មវិធីឌីជីថលដ៏រឹងមាំ នឹងត្រូវបានបង្កើតឡើង សម្រាប់ការចូលប្រើប្រាស់ដោយសាលារៀន និងសហគមន៍ទូទាំងប្រទេស។

ដោយទទួលស្គាល់នូវតួនាទីសំខាន់របស់អ្នកដឹកនាំសាលានៅក្នុងការផ្តល់ការអប់រំ និងលទ្ធផលសិក្សា STEM គម្រោងនេះនឹងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ដល់នាយកវិទ្យាល័យចំនួន១៥៥ ស្តីពីការដឹកនាំ និងការគ្រប់គ្រងសាលារៀន ការត្រួតពិនិត្យការបង្រៀន និងការកសាងភាពជាដៃគូ ដែលមានសិក្ខាកាម៨0ភាគរយជាស្ត្រី។

លើសពីនេះ គម្រោងនឹងពង្រឹងមុខងារវិភាគ និងផែនការទូទាំងប្រព័ន្ធ តាមរយៈការអភិវឌ្ឍសមត្ថភាព និងផ្តល់នូវការប្រមូលទិន្នន័យជាក់ស្តែងភ្លាមៗនៅកម្រិតសាលា ដែលអាចឱ្យអ្នកដឹកនាំសាលា ប្រើប្រាស់ទិន្នន័យទាំងនោះ ដើម្បីកែលម្អការគ្រប់គ្រងសាលារៀន៕

LEAVE A REPLY

Please enter your comment!
Please enter your name here