ផ្សារមូលបត្រកម្ពុជាទាក់ទាញវិនិយោគិនថ្មីជាង២ពាន់នាក់បើក គណនីជួញដូរភាគហ៊ុន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយនេះ និងកំឡុងពេលនៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ២០២២ ទទួលបានការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនីជួញដូរ ចំនួនប្រមាណជាង២០០០គណនីថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយចប់កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា កាលពីរសៀលថ្ងៃតី២៥ ខែតុលា ឆ្នាំ២០២២កន្លងទៅ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានលើកឡើងថា ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជាបានប្រព្រឹត្តទៅយ៉ាងជោគជ័យ ដោយមានសាធារណជនជាង២,០៥០,០០០នាក់ បានជ្រាបពីព័ត៌មាននៃពិព័រណ៍  និងមានសាធារណជនជាង ៨១,០០០នាក់ បានចាប់អារម្មណ៍ និងចូលមកកាន់ទំព័រហ្វេសបុកផ្លូវការ របស់ផ្សារមូលបត្រកម្ពុជា ដើម្បីស្វែងយល់ពីផ្សារភាគហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឲ្យដឹងទៀតថា “ផ្សារមូលបត្រកម្ពុជា នឹងបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលវិនិយោគិនថ្មីៗ ឱ្យយល់ច្បាស់ពីទីផ្សារ ដោយនឹងមានវគ្គបណ្តុះបណ្តាលជារៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង២ដល់ ៥រសៀល នៅអគារផ្សារមូលបត្រកម្ពុជា និងតាមប្រព័ន្ធអនឡាញ”។ លោកបន្តថា “សាធារណជនរាប់រយនាក់ នឹងមានឱកាសស្នើសុំបើកលេខអត្តសញ្ញាណ វិនិយោគិនថ្មី និងបើកគណនីដោយឥតគិតថ្លៃផងដែរ នៅក្នុងវគ្គបណ្តុះបណ្តាល”។

លោកហុង សុហួរបានលើកឡើងទៀតថា ថ្លៃភាគហ៊ុនភាគច្រើននៅទីផ្សារយើងបច្ចុប្បន្នស្ទើរទាំងអស់ កំពុងតែត្រូវបានជួញដូរក្នុងថ្លៃទាប ដូចនេះវិនិយោគិនរបស់យើង អាចទិញបានភាគហ៊ុនក្រុមហ៊ុនល្អៗ ក្នុងថ្លៃពិសេស ដែលនេះក៏មកពីកត្តាទីផ្សារ រួមផ្សុំជាមួយសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ការមានសង្គ្រាម និងវិបត្តិអតិផរណាជាដើម។

លោកបន្តថា “នេះគឺជាឱកាសដ៏ល្អមួយ សម្រា​ប់វិនិយោគិនទាំងអស់គ្នា ព្រោះថ្លៃភាគហ៊ុនអាចនឹងឡើងថ្លៃវិញខ្លាំងក្នុងពេលខាងមុខ ដូចខ្ញុំធ្លាប់បាននិយាយថា ទិញហ៊ុន ក៏នឹងអាចធ្វើឱ្យយើងក្លាយជាអ្នកមានបានដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here