ដោយៈម៉ាណេត
ភ្នំពេញៈ ធនាគារពាណិជ្ជជាធនាគារ ដែលធ្វើប្រតិបត្តិការ៣យ៉ាង គឹប្រតិបត្តិការទទួលប្រាក់បញ្ញើរ ផ្តល់ឥណទាន និងមធ្យោបាយទូទាត់ប្រាក់។
ធនាគារពាណិជ្ជត្រូវចុះក្នុងបញ្ជីពាណណិជ្ជកម្ម។ ដើម្បីបង្កើតធនាគារពាណិជ្ជគឺត្រូវមានការអនុញ្ញាពីធនាគារកណ្តាល មានន័យថាត្រូវទទួលបានអាជ្ញាប័ណ្ណ ពីធនាគារកណ្តាលសិន ទើបអាចបើកជាធនាគារពាណិជ្ជបាន។
ដើម្បីទទួលបាននូវអាជ្ញាប័ណ្ណនេះ ធនាគារពាណិជ្ជត្រូវបំពេញលក្ខខណ្ឌដូចជា៖
១) ត្រូវមានការព្រមព្រៀងពីអ្នកចូលហ៊ុន
អ្នកចូលហ៊ុនទាំងអស់ ត្រូវមានការព្រមព្រៀងគ្នាដោយស្ម័គ្រចិត្ត មានន័យថាត្រូវព្រមព្រៀងដោយគ្មានវិការៈ(គ្មានការភ័ន្តច្រលំ គ្មានការបន្លំបោកប្រាស់ និងគ្មានអំពើហិង្សា)។
២) ត្រូវមានដើមទុនតាមការកំណត់របស់ធនាគារកណ្តាល
យោងតាមសេចក្តីប្រកាសលេខ ៧០៨-១៩៣ប្រ.ក ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០០៨ស្តីពីការកំណត់ជាថ្មីនូវដើមទុនចុះក្នុងបញ្ជី និងលក្ខខណ្ឌសុំអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថានធនាគារបានកំណត់ថា ត្រូវមានដើមទុនអបប្បរមា១៥០ពាន់លានរៀល ដោយត្រូវតំកល់ទុកនៅធនាគារជាតិ១០% មិនឲ្យដក តែអាចដកបានករណីធនាគារពាណិជ្ជនោះជំរះបញ្ជីរ។
ចំពោះធនាគារពាណិជ្ជដែលមានជំនាញ២០% ហើយត្រូវមានដើមទុនអប្បបរមាស្មើនឹង៥០ពាន់លានរៀល។ រីឯចំពោះធនាគារពាណិជ្ជ ដែលមានភាគទុនិកជាវិនិយោគិនដែលជាឯកត្តជន ឬក្រុមហ៊ុនដែលគ្មានជំនាញ ត្រូវមានដើមទុនអប្បបរមាស្មើនឹង១៥០ ពាន់លានរៀលតាមច្បាប់កំណត់។
៣) ត្រូវមានភាគទុនិក
ភាគទុនិកចាប់ពី៥% ឡើងធនាគារជាតិត្រូវសិក្សាប្រវត្តិរូបពិសេសសីលធម៌ គុណវឌ្ឍន៍ គណនី និងប្រភពទុនផ្សេងៗទោះបីជានីតិបុគ្គល ឬរូបវន្តបុគ្គលក៏ដោយ ។ ត្រូវមានភាគទុនិកមានឥទ្ធិពល (ភាគហ៊ុនចាប់ពី២០%ឡើង) ដែលមានតួនាទីបង្គ្រាប់មូលនិធិ ករណី ដែលស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារមានបញ្ហាខ្វះខាត។
បើភាគទុនិកមិនអនុវត្តន៍តាម ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់៥ ទៅ២៥០លានរៀល។
៤) ត្រូវចុះបញ្ជីពាណិជ្ជ
មុននឹងចុះបញ្ជីពាណិជ្ជកម្ម ត្រូវបំពេញលក្ខខណ្ឌខាងលើសិន ហើយការចុះបញ្ជីពាណិជ្ជកម្ម គឺធ្វើនៅក្រសួងពាណិជ្ជកម្មតាមច្បាប់ស្តីពី វិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្មដូចក្រុមហ៊ុនទូទៅដែរ ព្រោះធនាគារនេះក៏ជាក្រុមហ៊ុនពាណិជ្ជដែល តែគ្រាន់តែមានធ្វើប្រតិបត្តិការពិសេសខុសពីក្រុមហ៊ុនធម្មតា។
៥) ដាក់ពាក្យសុំអាជ្ញាប័ណ្ណ
ការដាក់ពាក្យសុំអាជ្ញាប័ណ្ណត្រូវធ្វើនៅធនាគារកណ្តាល។ សោហ៊ុយសិក្សាឯកសារ ៣,៥០លានរៀល បន្ទាប់ពីនោះធនាគារកណ្តាលត្រូវចេញអាជ្ញាប័ណ្ណ ឲ្យក្នុងរយៈពេល៦ ខែចាប់ពីថ្ងៃទទួលបានពាក្យសុំអាជ្ញាប័ណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។
៦) បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណហើយធនាគារពាណិជ្ជត្រូវមានកាតព្វកិច្ចដូចជា៖
អាជ្ញាប័ណ្ណដែលធនាគារជាតិ ចេញឲ្យមានសុពលភាព៣ឆ្នាំ គិតចាប់ពីថ្ងៃចេញ ហើយអាចបន្តទៀតបាន។
ធនាគារពាណិជ្ជត្រូវបង់សោហ៊ុយ អាជ្ញាប័ណ្ណប្រចាំឆ្នាំ ចំពោះទីស្នាក់ការចំនួន៧លានរៀល និងចំពោះសាខាចំនួន៥៦លានរៀល។
រាល់ការផ្ទេរភាគហ៊ុន ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដោយធនាគារពាណិជ្ជត្រូវបង់សោហ៊ុយ១% លើចំនួនប្រាក់ភាគហ៊ុន ដែលត្រូវផ្ទេរឲ្យទៅធនាគារជាតិកម្ពុជា។
បើចង់បន្ថយ ឬបង្កើនដើមទុនត្រូវបង់ប្រាក់១% នៃប្រាក់ដែលចង់បន្ថយ ឬបន្ថែមនោះទៅធនាគារជាតិ ។ ភាគច្រើគឺបន្ថែម (ហាមបន្ថយក្រោម ១៥០ពាន់លានរៀល)។
បើធនាគារពាណិជ្ជចង់កែប្រែលក្ខន្តិកៈ ធនាគារត្រូវបង់សោហ៊ុយ១លានរៀលក្នុងមួយទំព័រទៅធនាគារជាតិ៕