ក្រុមហ៊ុនចុះបញ្ជីជាមូលបត្រចំនួន៥ ប្រមូលប្រាក់បានជាង ៩២លានដុល្លារក្នុងរយៈពេល៩ខែ ឆ្នាំនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីជាមូលបត្រចំនួន៥ ក្នុងនោះមាន២ក្រុមហ៊ុនចុះបញ្ជីជាភាគហ៊ុន និង ៣ទៀតចុះបញ្ជីជាសញ្ញាបណ្ណ ដែលសរុបទឹកប្រាក់ប្រមូលបានចំនួនជាង ៩២ លានដុល្លារអាមេរិកត្រឹមរយៈពេល៩ខែដំបូងនៅឆ្នាំ ២០២០នេះ។ នេះបើយោងតាមរបាយការណ៍ផ្សាយមូលបត្រកម្ពុជានៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ខាងលើ បានបញ្ជាក់ថា ការណ៍នេះជាសញ្ញាណវិជ្ជមានមួយ បង្ហាញពីភាពរីកចម្រើឲលូតលាស់ទៅមុខនៃផ្សារមូលបត្រកម្ពុជា បើទោះបីជាប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងជួបប្រទះនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ ហើយយើងសង្ឃឹមយ៉ាងមុតមាំផងដែរថា និន្នាការនេះនឹងក្លាយជាកាតាលិករដើម្បីជម្រុញឱ្យក្រុមហ៊ុនដទៃទៀត ចាប់យកឱកាសនេះងាកមកប្រមូលទុនតាមរយៈផ្សារមូលបត្រ ដើម្បីពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន ។

ថ្លែងក្នុងកម្មពិធីស្តីពីចុះបញ្ជីលក់មូលបត្របំណុលដំណាក់កាលទី២ របស់ធនាគារ ភ្នំពេញ ពាណិជ្ជ សៀង ធីរិទ្ធ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា (គ.ម. ក.) បានថ្លែងថា នឹងមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុននានា ធ្វើការបោះផ្សាយលក់មូលបត្រទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ដើម្បីបន្តការគាំទ្រនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍនូវវិស័យហិរញ្ញវត្ថុ របស់កម្ពុជា។

លោក Jong Weon Ha អគ្គនាយករងនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏បានលើកឡើងផងដែរថា ផ្សារមូលបត្រកម្ពុជាគឺជាប្រភពមូលធន ដែលមិនចេះរីងស្ងួត ដែលអនុញ្ញាតឱ្យក្រុមហ៊ុន សហគ្រាស ជាពិសេសក្រុមហ៊ុនដែលបានចុះបញ្ជីរួច អាចប្រមូលទុនបន្ថែមបាន ជាច្រើនលើក ដើម្បីទ្រទ្រង់អាជីវកម្ម ក៏ដូចជាពង្រីកនូវសក្តានុពលអាជីវកម្មរបស់ខ្លួនផងដែរ ។

ដោយឡែក លោក Shin Chang Moo នាយកប្រតិបត្តិ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក បានលើកឡើងថា ការបោះផ្សាយ និងចុះបញ្ជីលក់មូលបត្របំណុលដំណាក់កាលទី២នេះប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយជោគជ័យ គឺដោយសារមានការគាំទ្រពី គ.ម.ក, ផ.ម.ក ក្រុមហ៊ុនធានាទិញមូលបត្រ និងវិនិយោគិន ជាស្ថាប័នទាំង៥មានដូចជា ធនាគារ ABA ធនាគារ ស៊ុនហាន ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ក្រុមហ៊ុនធានារ៉ាប់រង ព្រូដិនសល និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា ។

លោក បានបន្តថា មូលធនដែលទទួលបាននឹងប្រើប្រាស់សម្រាប់ការបន្តគាំទ្រទៅ លើសហគ្រាសធុនតូច និងមធ្យម ដែលសហគ្រាសទាំងនេះភាគច្រើនទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺរាតត្បាត នេះ។

លោកបានបន្ថែមទៀតថា ធនាគារ ភ្នំពេញ ពាណិជ្ជ មានគម្រោងក្នុងការធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិ ក្នុងពេលអនាគត ដែលប្រភពទុនពីទីផ្សារមូលបត្រ គឺជាប្រភពទុនមួយក្នុងចំណោមប្រភពទូរផ្សេងទៀតដែលគួរ ឱ្យទុកចិត្តបាន និងផ្តល់ជាប្រភពទុនរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here