លោក​បណ្ឌិត​គីម ហ៊ាង បង្ហើប​ពី​ឥរិយាបទ​ចំនួន៥របស់​មនុស្ស​ជោគជ័យ

ដោយ​គង់ សូរិយា

ភ្នំពេញ៖ នៅពេល​និយាយ​ពី​បុគ្គល​ជោគជ័យ នៅទីនេះ​យើង​សំដៅ​ដល់​បុគ្គល​ដែលមាន និង​ដឹកនាំ​ក្រុមហ៊ុន​បាន​ជោគជ័យ ជា​បុគ្គល​មាន​ប្រាក់​ច្រើន។ តើ​អ្នកទទួល​ជោគជ័យ​ទាំងនោះ​ជា​មនុស្ស​បែបណា? ។

លោក​បណ្ឌិត​គីម ហ៊ាង អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន KW Cambodia បាន​លើកឡើងថា ភាពជា​អ្នកមាន និង​អ្នកទទួលបាន​ជោគជ័យ ត្រូវមាន​កត្តាសំខាន់ៗមួយចំនួន ដូចជា ទី១ បុគ្គល​ជោគជ័យ ជា​បុគ្គល​ដែលមាន​ការចេះដឹង ព្រោះ​គ្មាន​អ្នកមាន​ប្រាក់​ច្រើន​ណាមួយ​មិនចេះ​នោះទេ ហើយ​បើ​មិនចេះ​ក៏​គាត់​មិនអាច​រក្សា​ភាពជា​អ្នកមាន​បានយូរ​ដែរ។

លោក​បន្តថា ហេតុនេះ បុគ្គល​ជា​អ្នកមាន​ត្រូវមាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ចេះ​គ្រប់គ្រង​ផ្នែក​ទីផ្សារ គ្រប់គ្រង​ផ្នែក​ធនធានមនុស្ស ទី២ ជា​បុគ្គល​ដែលមាន​ចិត្ត​មោះមុត ហ៊ាន​សម្រេចចិត្ត ព្រោះ​ការធ្វើ​ជំនួញ​ត្រូវតែមាន​ការសម្រេចចិត្ត ប្រកបដោយ​ភាពច្បាស់លាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណុច​ទី៣ បុគ្គល​ដែល​ជោគជ័យ ជា​អ្នកមាន​វិន័យ​ផ្ទាល់ខ្លួន​តឹងរ៉ឹង​ក្នុង​ជីវិត ហើយ អ្នកមាន​ជោគជ័យ​ខ្លាំង ត្រូវមាន​វិន័យ​តឹងរ៉ឹង​ចំពោះ​ខ្លួនឯង ចំពោះ​បុគ្គល​នៅ​ជុំវិញខ្លួន ព្រោះ​អ្នក​ដែល​មិនអាច​គ្រប់គ្រង​ខ្លួនឯងបាន មិន​ងាយ​ទទួលបាន​ជោគជ័យ​នោះទេ។

ទី៤  អ្នកមាន​ត្រូវ​ធ្វើតាម​ជំនាញ ដែល​ខ្លួនឯង​ចេះ និង​ទី៥ ត្រូវតែ​ជា​បុគ្គល​ឧស្សាហ៍​ព្យាយាម រៀនសូត្រ​ជាប់​ជាប្រចាំ​នូវ​អ្វី​ទាក់ទង​នឹង​អាជីព ឬ​មុខ​ជំនួញ​ផ្ទាល់ខ្លួន។

លោក​គីម ហ៊ាង បាន​បន្តថា ហេតុនេះ​នៅពេល​បើក​ក្រុមហ៊ុន​ដំបូង នាយក​ក្រុមហ៊ុន​នោះ ត្រូវ​ធ្វើជា​ទាសករ​របស់​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន ៥០ភាគរយ​បាន​បិទទ្វារ​ក្រោយ​រយៈពេល​បី​ឆ្នាំ។ ៧០ភាគរយ​ទៀត​បិទ​នៅក្រោយ​រយៈពេល៧ឆ្នាំ និង៩០ភាគរយ​បិទ​នៅមុន​ខួប១០ឆ្នាំ​របស់​ក្រុមហ៊ុន។ លោក​បន្តថា ហេតុនេះ​អ្នក​ដែល​អាចឈរជើង​បានរ​យៈ​ពេល១០ឆ្នាំ និង​ទទួលបាន​ជោគជ័យ គឺ​ត្រួវ​ធ្វើជា​ទាសករ​របស់​ក្រុមហ៊ុន​របស់ខ្លួន។

លោក​បន្តថា មាន​បុគ្គល​ខ្លះ​បើក​ក្រុមហ៊ុន​បាន​រយៈពេល៣ឆ្នាំ ក្រុមហ៊ុន​របស់ខ្លួន​ដើរ​ហើយ ស្រាប់តែ​ជួល​គេ​មក​គ្រប់គ្រង ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នោះ​បរាជ័យ នៅ​រយៈពេល​បី​ខែ​ឬ១ឆ្នាំ​ក្រោយមក ប៉ុន្តែ​ពេល​អ្នកបង្កើត​ក្រុមហ៊ុន​នោះ​ត្រលប់មក​គ្រប់គ្រង​វិញ គឺ​ហួសពេល​រួចទៅហើយ។

លោក​គីម ហ៊ាង បាន​បន្តថា “ជា​យោបល់​របស់ខ្ញុំ គឺ​អ្នកបង្កើត​ក្រុមហ៊ុន​នោះ​ត្រូវ​គ្រប់គ្រង​ខ្លួនឯង​ឲ្យ​បាន១០ឆ្នាំ​សិន ចាំ​ក្រុមហ៊ុន​របស់ខ្លួន​រ៉ឹង​មាំ​សិន ចាំ​មក​ពង្រីក​មុខរបរ​ថ្មី ព្រោះ​បើ​អ្នក​ដែល​យើង​ជួល មក​គ្រប់គ្រង​ក្រុមហ៊ុន​របស់​យើង ជា​មនុស្ស​ពូកែ​ពិតប្រាកដ ពួកគេ​មិន​មក​ស៊ីឈ្នួល​យើង​ទេ ពួកគេ​នឹង​បើក​ក្រុមហ៊ុន​ខ្លួនឯង​ហើយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here