ស្ថាប័នអប់រំពីរ រួមគ្នាបង្កើតធនធានមនុស្សក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារ ស្ថាប័នអប់រំពីររួមមាន វិទ្យាស្ថានធនាគារនិងហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា និងសាកលវិទ្យាផារ៉ាហ្កន បានចាប់ដៃគ្នាពង្រឹង ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សវិស័យហិរញ្ញវត្ថុនៅកម្ពុជា ។

ក្នុងន័យនេះ ស្ថាប័នទាំងពីរនឹងជំរុញការបណ្ដុះបណ្ដាលសិស្សនិស្សិតនៅតាមសាកលវិទ្យាជំនាញហិរញ្ញវត្ថុហើយនៅពេលពួកគេចប់ពីសាកលវិទ្យាល័យ ពួកគេមានសមត្ថភាពក្នុងការធ្វើការតែម្ដង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាកាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០២០នៅសណ្ឋាគាររ៉ូសវូដ លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថាទំនាក់ទំនងស៊ីសង្វាក់គ្នារវាងវិស័យឧស្សាហកម្ម និងស្ថាប័នអប់រំ គួរតែមានជាចាំបាច់ ដោយហេតុនេះអង្គភាពទាំងពីរនឹងទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក និងទទួលបានស្ថានភាពឈ្នះឈ្នះទាំងសងខាង។

តាមរយៈ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំង សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អាចអនុវត្តកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពផ្សេងៗដែលផ្តល់អត្ថប្រយោជន៍ដល់ធនាគារិកកម្ពុជារបស់យើងក្នុងវិស័យឧស្សាហកម្មនេះ។

 

លោកបន្តថា អនុស្សរណៈយោគយល់នេះ គឺជានិមិត្តិសញ្ញានៃព្រឹត្តិការណ៍សំខាន់មួយដែលយើងអាចទន្ទឹងរងចាំនូវការខិតខំប្រឹងប្រែងបន្ថែមនិងបន្តទៅមុខទៀតឥតឈប់ឈរសម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីរៀបចំ និងកែលម្អរកម្មវិធីសិក្សាឡើងវិញ ជាពិសេសទាក់ទងនឹងតម្រូវការវិស័យធនាគារ និងធម្មជាតិដែលមានភាពប្រែប្រួលនៃពិភពធុរកិច្ចជំនួញ ។

លោកជំទាវជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា វាពិតជាមានសារសំខាន់ណាស់ សម្រាប់កិច្ចសហការរវាងស្ថាប័នអប់រំទាំងពីរ ដើម្បីពង្រឹងជំនាញ ហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជាឱ្យកាន់តែមានភាពច្បាស់លាស់បន្ថែមទៀត ។

លោក ជំទាវ បានថ្លែងថា “ជំហានដំបូង កិច្ចហការនេះ ទទួលស្គាល់ត្រឹមតែក្នុងស្រុកប៉ុណ្ណោះ តែអនាគតយើងនឹងជំរុញឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយសម្រាប់សិស្សនិស្សិតដែលមានសមត្ថភាពអាចចេញទៅធ្វើការនៅក្រៅប្រទេស និងរៀនសូត្របន្ថែម និងយកចំណេះជំនាញពីបរទេសមកចែករំលែកក្នុងស្រុកវិញបានផងដែរ” ។

លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កម្មវិធីអប់រំឧត្តមសិក្សានៅកម្ពុជាបានពង្រីកយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើននៅក្នុងវិស័យផ្សេងៗ ប៉ុន្តែកំណើននេះមិនមានភាពស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការនៃវិស័យឧស្សាហកម្មនោះទេ ដោយសារតែមិនមានកិច្ចសហការវាងអង្គភាពទាំងពីរ។

លោកបណ្ឌិត បានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវកំណែទម្រង់នៃវិស័យអប់រំឧត្តមសិក្សា ដើម្បីផ្តោតលើគុណភាពអប់រំ អភិបាលកិច្ចដែលមានភាពប្រសើរ ការផ្សារភ្ជាប់វិស័យអប់រំឧត្តមសិក្សា និងការអប់រំ STEM ៕

LEAVE A REPLY

Please enter your comment!
Please enter your name here