ដោយម៉ាណេត
ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈអង្គភាពជំនាញ បានប្រមូលចំណូលពន្ធលើការធ្វើពាណិជ្ជកម្មក្រៅប្រទេស សរុបបានចំនួនជាង១៤០០ ប៊ីលានរៀល (ជាង៣៥០លានដុល្លារ) ដែលក្នុងនោះពន្ធ និងអាករលើការនាំចូល និងនាំចេញក្នុងរយៈពេល៨ខែដើមឆ្នាំនេះ។
យោងតាមទិន្នន័យដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីថ្មីៗនេះ បានបង្ហាញថា អង្គភាពជំនាញរបស់រាជរដ្ឋាភិបាលប្រមូលចំណូលពន្ធ លើការធ្វើពាណិជ្ជកម្មក្រៅប្រទេសបានជាង១ ៤០០ ប៊ីលានរៀល ត្រូវប្រមាណជាង ៥០% នៃផែនការច្បាប់ហិរញ្ញវត្ថុ ក្នុងនោះ បើគិតក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២០។
នៅក្នុងរយៈពេលដដែលនេះ រដ្ឋាភិបាលបានទទួលពន្ធ លើការនាំចូលប្រមូលបានជាង ៩៥២ ប៊ីលានរៀល ពន្ធគយលើផលិតផលតេលសិលាជិត១៨៧ ប៊ីលានរៀល អាករបន្ថែមលើផលិតផលតេលសិលា សម្រាប់ថែទាំផ្លូវថ្នល់ជាង២១៣ ប៊ីលានរៀល ពន្ធនាំចូលទំនិញជាវត្ថុធាតុដើម សម្រាប់ផលិតឱសថជាង៨ប៊ីលានរៀល និងការប្រមូលប្រភេទពន្ធនាំចូលផ្សេងៗទៀត មានចំនួនជាង២៨ប៊ីលានរៀល សរុបទាំងអស់សម្រាប់ចំណូលពន្ធលើពាណិជ្ជកម្មនាំចូល ការអនុវត្តបានជាង១៤០០ប៊ីលានរៀល ។
ពន្ធលើការនាំចេញឈើ មានចំនួនជាង៤ប៊ីលានរៀល អាករលើការនាំចេញកៅស៊ូជិត ៥ ប៊ីលានរៀល និងប្រភេទពន្ធលើការនាំចេញទំនិញផ្សេងៗ មានជិត៣ ប៊ីលានរៀល សរុបលើពន្ធនិងអាករលើការនាំចេញទាំងអស់ អនុវត្តបានប្រមាណ១២ប៊ីលានរៀល ។
ពាក់ព័ន្ធនឹងការប្រមូលចំណូលសម្រាប់ខែសីហាវិញ អង្គភាពជំនាញរបស់រាជរដ្ឋាភិបាលប្រមូលបានចំនួនជាង១៧៤ប៊ីលានរៀល ខណៈក្នុងខែកក្កដា ការប្រមូលពន្ធប្រភេទនេះបានត្រឹមជាង១៥៧ ប៊ីលានរៀលប៉ុណ្ណោះ។
អង្គភាពជំនាញ ប្រមូលចំណូលពន្ធក្នុងស្រុក បានជាង១១ពាន់ប៊ីលានរៀល នៅក្នុងរយៈពេល៨ខែ ក្នុងនោះការប្រមូលពន្ធផ្ទាល់ (ពន្ធលើផលទុនប្រាក់ចំណេញ) បានជិត ៤ ០០០ ប៊ីលានរៀល និងការប្រមូលប្រភេទពន្ធប្រយោលរួមមាន អាករពិសេសលើទំនិញ, អាករពិសេសលើសេវា និងចំណូលសារពើពន្ធផ្សេងៗទៀត បានជាង៧០០០ប៊ីលានរៀលផងដែរ៕