ដំណឹងល្អៈផ្សារទំនើបEAON Mall3បានបើកការដ្ឋានសាងសង់ជាមួយការរំពឹងស្រូបបានអតិថិជន១២លាននាក់ក្នុង១ឆ្នាំ

        ដោយគង់ ម៉ាលីនណា

        ភ្នំពេញៈ ដំណឹងដែលគេទន្ទឹងរង់ចាំជាយូរមកហើយ បានមកដល់ហើយ ដោយផ្សារទំនើបលំដាប់អន្តរជាតិEAON MALL3ស្ថិតនៅលើមហាវិថីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី៧ តុលានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋាន​សាងសង់ជាផ្លូវការនូវផ្សារទំនើបEAON MALL3ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូ អិលធីឌី ដែលបានបណ្ដាក់ទុនបន្ថែមសាងសង់ផ្សារទំនើបគម្រោងទី៣ នៅរាជធានីភ្នំពេញនាពេលនេះ គឺជាការសម្រេចចិត្តវិនិយោគដ៏ត្រឹមត្រូវ ព្រោះថាផ្អែកតាមប្លង់គោលប្រើប្រាស់ដី រាជធានីភ្នំពេញឆ្នាំ២០៣៥ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញត្រូវបានកំណត់ថា ជាតំបន់អភិវឌ្ឍន៍ថ្មីសម្រាប់ទទួលបានគម្រោងសំណង់អគារខ្ពស់ៗ ស្ថាបត្យកម្មប្រណីតៗ និងការអភិវឌ្ឍន៍ទីក្រុងរណប ដើម្បីធានាដល់ការប្រើប្រាស់ដីធ្លី និងសក្កានុពលដែលមានស្រាប់ក្នុងទីក្រុងប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក ម៉ាសាហ៊ីរ៉ូ មិកាមិ (MASAHIRO MIKAMI)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍លើកឡើងផងដែរថា ផ្សារទំនើបអ៊ីអន ម៉លជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ទុនរកស៊ីនៅស្រុកខ្មែរ ហើយតាមរយៈ អ៊ីអន ម៉ល ទី១និងទី២ក្នុង១ខែៗ ផ្សារទំនើបនីមួយៗ បានទទួលអតិថិជនបានប្រមាណ១លាននាក់។

លោកបានបញ្ជាក់ថា “ការរីករាលដាលនៃជំងឺកូវី–១៩ វាពិតណាស់ថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច មិនដូចការរំពឹងទុករបស់យើងនោះទេ”។ លោកបន្តថា“ប៉ុន្តែទោះ​បីជាយ៉ាងណាក្តីក្រុមហ៊ុនជប៉ុនមួយនេះ នៅតែបន្តនូវវគម្រោងទី៣របស់ខ្លួននៅក្នុងការកសាងនៅផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះថែមទៀត”។

លោកជឿជាក់ថា គម្រោងកសាងផ្សារទំនើបអ៊ីអនម៉លគម្រោងទី៣នេះ គ្រោងនឹងរួចរាល់នៅក្នុងឆ្នាំ២០២២ ហើយក្រោយពីបើកអោយដំណើរការ វានឹងមានអតិថិជនប្រមា​ណជា១២លាននាក់ក្នុងមួយឆ្នាំ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here