ក.ប.ប. បណ្តុះបណ្តាលការរួមបញ្ចូលគ្នានៃធុរកិច្ច និងចែករំលែកបទពិសោធន៍ពីកូរ៉េ

ដោយ: សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.” នៃក្រសួងពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងការចែករំលែកបទពិសោធន៍ពីគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ នៅអគ្គនាយកដ្ឋាន ក.ប.ប.។

វគ្គបណ្តុះបណ្តលនេះបានប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក Frank Jettke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារ GIZ រួមជាមួយនឹងតំណាងគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ KFTC ក្នុងគោលបំណង គឺដើម្បីស្វែងយល់អំពីសេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីអំពីការរួមបញ្ជូលគ្នានៃធុរកិច្ច ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង ព្រមទាំងដើរតួជាវេទិកាមួយ ដែលផ្តល់ឱកាសជូនដល់មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. អាចស្វែងយល់អំពីធាតុផ្សំនៃនីតិវិធី នៃការរួមបញ្ចូលគ្នានៃធុរកិច្ច ក្របខណ្ឌសម្រាប់វិភាគការរួមបញ្ចូលគ្នានៃធុរកិច្ច វិធានការកែតម្រូវទប់ស្កាត់នឹងការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលអាចរារាំង រឹតត្បឹត ឬបង្ខូចដល់ការប្រកួតប្រជែង តាមរយៈការចែករំលែកបទពិសោធន៍ ក៏ដូចជាការអនុវត្តល្អលើការត្រួតពិនិត្យករណីរួមបញ្ចូលគ្នានៃធុរកិច្ច ពីជំនាញការប្រកួតប្រជែង ដែលអញ្ជើញមកពីគណៈកម្មាធិការប្រកួតប្រជែងកូរ៉េ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គណៈកម្មាធិការប្រកួតប្រជែងកូរ៉េ (KFTC) បានបញ្ជូនជំនាញការប្រកួតប្រជែង ក្នុងក្របខណ្ឌ Expert Placement ឱ្យមកបំពេញការងារនៅអគ្គនាយកដ្ឋាន ក.ប.ប. ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។ ក្របខណ្ឌ Expert Placement នេះ គឺជាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការរបស់ គ.ប.ក. ជាមួយ នឹង KFTC ដែលមានគោលបំណងតាក់តែងគោលការណ៍ណែនាំលើការរួមបញ្ចូលគ្នានៃធុរកិច្ច និងលិខិតបទដ្ឋានពាក់ព័ន្ធនៅក្រោមអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។

ជាមួយនឹងការចែករំលែកបទពិសោធន៍នេះ ជំនាញការ KFTC កំពុងបំពេញការងារផ្ទាល់នៅអគ្គនាយកដ្ឋាន ក.ប.ប. ចំនួន១សប្តាហ៍ និងព្រមទាំងបំពេញការងារតាមប្រព័ន្ធអនឡាញចំនួន៣សប្តាហ៍បន្ថែមទៀត។ បេសកកម្មរបស់ជំនាញការប្រកួតប្រជែងកូរ៉េ ក៏រួមបញ្ចូលនូវការជួយដល់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជាក្នុងការរៀបចំមាតិការ (Outline) នៃការតាក់តែងគោលការណ៏ណែនាំសម្រាប់អនុវត្តអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ចក្រោមច្បាប់ស្តីពីការប្រកួតប្រជែងនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here