តើអ្វីជាការលាងលុយ តើវាឆ្លងកាត់និតិវិធីនិងដំណាក់កាលបែបណា?

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ពាក្យ”លាងលុយ”ត្រូវបានគេលឺជាញឹកញាប់ ប៉ុន្តែតើគេលាងលុយតាមនិតិវិធីបែបណា និងធ្វើឡើងយ៉ាងដូចម្តេចមិនទាន់មានការយល់ដឹងទូលំទូលាយនៅឡើយទេ។

តើអ្វីជាការលាងលុយ? (​Money Laundering​)ចម្លើយ វាគឺជា​ដំ​ណើរ​នៃ​ការ​បំ​លែង​លុយ​ខុសច្បាប់ ​ទៅជា​លុយ​ស្រប​ច្បាប់​វិញ​។​ ​លុយ​ខុសច្បាប់​នេះ ​ត្រូវ​បាន​គេ​ហៅថា​លុយ​ខ្មៅ​ រឺ ​លុយ​កខ្វក់​ (​Black Money​) ​ដែល​លុយ​ទាំងនោះ ​អាច​មាន​ប្រភព​មកពី​ការ​ជួញ​ដូរ​គ្រឿងញៀន​ ​ការ​ជួញ​ដូរ​អាវុធ​ខុសច្បាប់​ អំពើពុករលួយ​ រឺ អំពេី​ភរ​វ​កម្ម​ផ្សេងៗ​។​

​ជា​ធម្មតា​ ​លុយ​កខ្វក់​ដែល​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់ ​អាច​មាន​ការពិបាក​ក្នុង​ការ​ធ្វើចរាចរ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ឧទាហរណ៍​ ​ធនាគារ​មួយចំនួន ទាម​ទារ​អោយ​មាន​របាយការណ៍​ច្បាស់លាស់​អំពី​លុយ​ ដែល​មាន​ចំនួន​ច្រើន​លើ​ស​លប់​នោះ​ រឺ ​សាកសួរ​បន្ថែម​ពី​ប្រតិបត្តិការ​ នៃ​កា​រដាក់​ប្រាក់​ច្រើន​ខុសប្រក្រតី​ ​ដែល​អាច​នាំ​អោយ​មាន​ការសង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់​។​

ហេតុនេះ​ ​ទើប​ក្រុម​ឧក្រិដ្ឋជន​ ខំ​រក​វិធី​លាង​លុយ​កខ្វក់​ទាំងនោះ​ ដើម្បី​អាច​ប្រើប្រាស់​បាន​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដោយមាន​ប្រសិទ្ធ​ភាព​។

ការលាងលុយ គឺជា​បទឧក្រិដ្ឋហិរញ្ញវត្ថុ ដែល​មាន​ដំណើរការ​៣ដំណាក់​កាលដូចជា

 

១. ការដាក់​លុយ​ចូលប្រព័ន្ធហិរញ្​ញវត្ថុ​ស្រប​ច្បាប់ ​(PLACEMENT)

 

ក្នុង​ដំណាក់កាល​នេះ​ ​លុយ​កខ្វក់​ត្រូវ​បាន​បំ​បែក ទៅជា​ចំណែក​ផ្សេងគ្នា​ច្រើ​ន​ ហើយ​យកទៅ​ដាក់ជា​បញ្ញើ​ រឺ ​ជា​ការ​វិនិយោគ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដូចជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​កា​ស៊ី​ណូ ​ហាង​លក់ទំនិញ​ រឺ ​អាជីវកម្ម​តូច​ធំ​ផ្សេងៗ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​។​ ​ក្រៅពី​នេះ​ ​វា​អាច​ជា​ការ​រត់​ពន្ធ​រូបិយប័ណ្ណ​ទៅក្រៅ​ប្រទេស​ (​Currency​ ​Smuggling​) ​ការផ្លាស់ប្តូរ​រូបិយប័ណ្ណ​ (​Currency​ ​Exchange​) ​កា​រដាក់​លាយ​បន្លំ​ជាមួយ​លុយ ​ដែល​មាន​ក្នុង​ប្រព័ន្ធ​ស្រាប់​ (B​lending​ ​Fund​) ​និង​ការ​ទិញ​ទ្រព្យ​ផ្សេងៗ​ដែល​មិន​ត្រូវការ​សំណុំ​បែបបទ​ច្បាស់លាស់​។​ ​

ដំ​ណើរកា​រ​នេះ ​នឹង​ធ្វើអោយ​លុយ​កខ្វក់​ទាំងនោះ​​ កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បំ​លែង​ រឺ ​ផ្ទេរ​តាមរយៈ​ធនាគារ​ ​ហើយ​ឧក្រិដ្ឋជន​ងាយ​នឹង​បន្ត​ដំ​ណើ​រកា​រលា​ង​លុយ​ត​ទៀត​។​

២.​ ការក្លែងបន្លំរឺបំបិទប្រភពរបស់លុយ (LAYERING)

​បន្ទាប់ពី​ដាក់លុយ​ចូល​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ស្រប​ច្បាប់​ ​ពួក​ឧក្រិដ្ឋជន​ត្រូវការ​ក្លែង​បន្លំ​រឺ​បំបិទ​ប្រភព​របស់​លុយ​ រឺ​ក៏​ធ្វើអោយ​ប្រតិបត្តិការ​លុយ​មាន​ភាព​ស៊ាំ​ញ៉ាំ ​ដើម្បី​ធ្វើ​អោយ​កាន់តែ​ពិបាក​រក​ឃើញ ​ប្រភព​លុយ​កខ្វក់​ទាំងនោះ​ ​និង​ដើម្បី​លាក់បាំង​សកម្មភាព​នៃ​ការ​លាង​លុយ​។​ ​ដំ​ណើរកា​រ​នេះ​អាច​មាន​ក្នុង​ទម្រង់​ដូចជា ​ការ​ប្រើប្រាស់​គណនី​ធនាគារ​ច្រើន​ផ្សេងគ្នា​ ​ការ​ទិញ​វត្ថុ​មាន​តំ​លៃ​ដែល​អាច​លក់​ចេញ​វិញ​បាន​នៅ​ក្រៅ​ប្រទេស​ ​និង​​ការ​បំ​លែង​សាច់ប្រាក់​ទៅជា​មូលប្បទានប័ត្រ​ជា​ដើម​។​

​ម្យ៉ាងទៀត​ ​ដំ​ណើរកា​រ​នេះ​ទា​ម​ទារ ​អោយ​ការ​ចរាចរ​លុយ​កខ្វក់​មាន​ភាព​លឿន​រហ័ស​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ រឺ ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​ ​ដែល​អាច​ចៀស​ផុត​ពី​ការ​ធ្វើសវនកម្ម​ (​audit​) ​ពីសំណាក់​អាជ្ញាធរ​ផង​ដែរ​។

៣. ការដក​លុយចេញ​បន្ទាប់​ពីលាង (INTEGRATION)

នេះ​ជា​ដំណាក់កាល​ដែល​លុយ​ទាំងនោះ​ អាច​ធ្វើ​ចរាចរណ៍​បាន​នៅ​ក្នុង​សេដ្ឋកិច្ច ​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដោយ​ស្រប​ច្បាប់​ ហើ​យ​វា​ថែមទាំង​ត្រូវ​បាន​មើល​ឃើញ​ថា​ លុយ​ទាំងនោះ​ចេញពី​ប្រភព​ស្រប​ច្បាប់​ទៀត​ផង​។​ ​ក្នុង​ដំណាក់កាល​នេះ​ ​លុយ​ទាំងនោះ​នឹង​ត្រូវ​បាន​យកទៅ​វិនិយោគ ​បន្ត​លើ​អចល​ន​ទ្រព្យ​ រឺ ​អាជីវកម្ម​ស្រប​ច្បាប់​នានា​ ​ដោយ​លុយ​ដែល​បង្កើត​បាន​បន្ត​បន្ទាប់ពីនេះ​សុទ្ធ​សឹង​ជា​លុយ ​ដែល​នឹង​ត្រូវ​បាន​ចាត់ទុកថា​មកពី​ប្រភព​ស្រប​ច្បាប់​ទាំងអស់​។​

ប៉ុន្តែ​មិនមែន​គ្រប់ការ​លាង​លុយ​ទាំងអស់​ សុទ្ធតែ​បាន​ឆ្លងកាត់​ដំណា​ក់កាល​ទាំង​៣​នេះ​ទេ​ ​ព្រោះ​វា​អាច​ស្ថិត​ទៅតាម​ស្ថានភាព ​នៃ​លុយ​កខ្វក់​ទាំងអស់​នោះ​។​

យ៉ាងណាមិញ​ ​ការ​លាង​លុយ​កខ្វក់​គឺជា​អំពើ​ខុសច្បាប់​ធ្ងន់ធ្ងរ​ ហើយ​រាជរដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​ ​ក៏បាន​ខិតខំ​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​បទឧក្រិដ្ឋ​ហិរញ្ញវត្ថុ​នេះ ​ដោយ​ប​ង្កើត​នូវ​បទ​ប​ញ្ញតិ្ត​ផ្សេងៗ​ ដែល​តម្រូវ​អោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា ​រឹត​បន្តឹង​និង​អនុវត្ត​ដោយ​យកចិត្តទុកដាក់​ ដើម្បីស៉ើ​ប​អង្កេត​បើសិន​មាន​ករណី​សង្ស័យ​លើសកម្មភាព​ណាមួយ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here