ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានជំរុញឱ្យគណៈកម្មការវប្បធម៌ បរិស្ថាននិងអប់រំកីឡា ពង្រឹងការផ្សព្វផ្សាយអំពីយុទ្ធនាការទាំង៥ដើម្បីឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។
យុទ្ឋនាការទាំងនោះ រួមមាន យុទ្ធនាការកីឡារស់ក្នុងសន្ដិភាព,ប្រជាជនម្នាក់លេងកីឡាមួយមុខក្នុងមួយជីវិត, កម្ពុជាស្អាតបដិសណ្ឋារកិច្ចល្អ, កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀននៅតាមគោលដៅធំៗ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ស្ដីពីការត្រួតពិនិត្យការងារ ព្រមទាំងកំណត់ផែនការសកម្មភាពការងារ និងទិសដៅអនុវត្តការងារបន្ដរបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា នៅទីស្នាក់ការ NOCC កាលពីសប្តាហ៍មុន លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានជំរុញឱ្យគណៈកម្មការទទួលខុសត្រូវលើការងារនេះ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅតាមគោលដៅធំៗ ជាពិសេសនៅរាជធានីភ្នំពេញ។
លោក តុប សុភ័ក ប្រធានគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា បានថ្លែង នៅក្រោយកិច្ចប្រជុំនោះថា លោករដ្ឋមន្ត្រី ថោង ខុន បានដឹកនាំការរៀបចំការងាររបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡាដោយផ្តោតលើយុទ្ធនាការកីឡារស់ក្នុងសន្ដិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខក្នុងមួយជីវិត កម្ពុជាស្អាតបដិសណ្ឋារកិច្ចល្អ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន ដែលចំណុចទាំងអស់ហ្នឹង យើងត្រូវបញ្ជ្រាបព័ត៌មាន ទៅដល់ប្រជាពលរដ្ឋទូទៅ ឱ្យគាត់បានយល់ដឹងអំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣។
លោកបានបន្ដថា ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមនូវយុទ្ធនាការប្រជាជនម្នាក់លេងកីឡា ១ ប្រភេទ កម្ពុជាស្អាត កម្ពុជាបៃតង គឺមានន័យថា ពួកគាត់ត្រូវចូលរួមរៀបចំអនាម័យបរិស្ថាន ជាពិសេសផ្ទះសម្តែងរបស់ខ្លួនឱ្យបានស្អាតល្អ ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច ទាំងការរៀបចំម្ហូបអាហារ ការបណ្តុះបណ្តាលសេវាកម្មឱ្យបានល្អប្រសើរ។
លោកបានបញ្ជាក់ថា ជាមួយគ្នានេះ យើងត្រូវអប់រំប្រជាពលរដ្ឋផងដែរពាក់ព័ន្ធ ទៅនឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកាត់បន្ថយគ្រឿងញៀន ដោយយើងត្រូវរួមចំណែក ក្នុងការផ្សព្វផ្សាយទៅលើការងារទាំងនេះ។
សម្រាប់ការផ្សព្វផ្សាយអំពីយុទ្ធនាការកីឡា ទាំង៥នេះ CAMSOC ដោយមានលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធាន បានផ្តោតខ្លាំងទៅលើខេត្តសៀមរាប ព្រះសីហនុ កំពត និងកែប ជាពិសេសរាជធានីភ្នំពេញ ដែលជាកន្លែងរៀបចំព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ធំជាងគេ៕