លោកបណ្ឌិត គីម ហ៊ាង៖ ពន្ធលើចំណេញមូលធនគួរតែពន្យារដល់ឆ្នាំ ២០២៣

ដោយ៖ លក្ខិណា

ភ្នំពេញ៖ លោកបណ្ឌិត គីម ហ៊ាង អ្នកវិនិយោគក្នុងវិស័យដីធ្លី និងអចលនទ្រព្យ និងជាអ្នកជំនាញ ក្នុងវិស័យនេះមួយរូបផងដែរនោះ បានមានប្រសាសន៍ថា ពន្ធលើចំនេញមូលធនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលគ្រោងនឹងអនុវត្តន៍នៅដើមឆ្នាំ ២០២១ គួរតែពន្យារទៅឆ្នា ២០២៣ ទើបល្អ ព្រោះកាលៈទេសៈនេះ មិនទាន់ត្រូវនឹងស្ថានភាពសេដ្ឋកិច្ចដែលរងរបួសដោយសារតែវិបត្តិក្នុងឆ្នាំ២០២០ ។

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍បន្តថា ឆ្នាំ២០២០ ជន្ទល់សេដ្ឋកិច្ចកម្ពុជាជាច្រើនបានរងផលប៉ះពាល់ដោយសារកូវីដ១៩ ដូចជារោងចក្រ នាំចេញនាំចូល ក៏ដូចជាវិស័យដីធ្លីជាដើម ។ ការបង្កើតពន្ធលើចំណេញមូលធនលើវិស័យដីធ្លី ដើម្បីយកទៅជួយដល់វិស័យផ្សេងៗ គឺមិនងាយស្រួលទេ ព្រោះអ្នកអត់ការងារធ្វើមិនមែនមានតែក្នុងវិស័យឧស្សហកម្ម សណ្ឋាគារនោះទេ ក្នុងវិស័យដីធ្លីក៏មានអ្នកអត់ការងារធ្វើច្រើនដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានថ្លែងថា “កន្លងមករដ្ឋាភិបាលកម្ពុជាបានពន្យារពេលក្នុងការអនុវត្តន៍ពន្ធលើចំណេញមូលធនជាង១០ឆ្នាំហើយ ដូច្នេះខ្ញុំគិតថា រដ្ឋាភិបាលគួរតែពន្យារពេលដល់ឆ្នាំ ២០២៣ ។ ការអនុវត្តន៍ពន្ធលើចំណេញមូលធនលើវិស័យដីធ្លី វាមិនបានជួយរុញអោយវិស័យដីធ្លីដើរទៅមុខទេ ផ្ទុយទៅវិញវានឹងឱ្យការទិញលក់ដីធ្លីកាន់តែពិបាកជាងមុន”។

លោកបណ្ឌិតបន្ថែមថា នៅពេលចប់កូវីដភ្លាម បើចង់ឱ្យវិស័យដីធ្លីមានការរីកចម្រើន ត្រូវមានច្បាប់ពិសេសមួយ ព្រោះច្បាប់នោះនឹងជួយស្រោចស្រង់វិស័យនេះ បានមួយកម្រិតវិញ។ លោកមិនបានបង្ហើបពីច្បាប់ពិសេសនោះជាអ្វីទេ ។
លោកបណ្ឌិតគីមហ៊ាង ក៏បានបញ្ជាក់ថា ក្នុងនាមអ្នកវិនិយោគចេះតែចង់ស្នើអោយមានការលើកលែងក៏ប៉ុន្តែច្បាប់ពន្ធលើចំណេញមូលធនពន្យាររឺមិនពន្យារអាស្រ័យលើក្រសួងនិងពន្ធដារ បើមិនពន្យារពួកយើងនឹងចាប់ផ្ដើមបង់ពន្ធទៅតាមអ្វីដែលក្រសួងនិងពន្ធដារកំណត់។

ក្រៅពីលោកគីម ហ៊ាង អ្នកវិនិយោគផ្សេងទៀតក៏បានស្នើអោយក្រសួងពិចារណាក្នុងការពន្យារពេលអនុវត្តន៍ពន្ធលើចំណេញមូលធននេះដែរ ដោយថាពេលនេះជាពេលមានវិបត្តិហើយឆ្នាំក្រោយក៏មិនទាន់អាចស្រោចស្រង់សេដ្ឋកិច្ចអោយប្រសើរបានភ្លាមៗដែរ ។
កាលពីពេលថ្មីៗនេះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានមានប្រសាសន៍ថា អគ្គនាយកដ្ឋានរង់ចាំតែអនុវត្តន៍តាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ ហើយមកដល់ពេលនេះ ក៏មិនទាន់មានការសេចក្ដីសម្រេចណាមួយពីការពន្យារពេលការអនុវត្តន៍ពន្ធលើចំណេញមូលធននេះដែរ ដូច្នេះអគ្គនាយកដ្ឋានពន្ធដារនឹងចាប់ផ្ដើមអនុវត្តន៍ទៅតាមសេចក្ដីសម្រេចចាស់របស់ក្រសួងសេដ្ឋកិច្ច ៕

LEAVE A REPLY

Please enter your comment!
Please enter your name here