ខេត្តសៀមរាបរំពឹងទទួលបានទេសចរសរុបជាង២លាននាក់ក្នុងឆ្នាំនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ តាមការព្យាករណ៍សម្រាប់រយៈពេលពេញមួយឆ្នាំ២០២២ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន២.២៧៨.៨៥៤នាក់ ខណៈក្នុងរយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១.២៤២.៨៥៤នាក់រួចទៅហើយ។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា “តាមការព្យាករណ៍រយៈពេលពេញមួយ ឆ្នាំ២០២២នេះ ភ្ញៀវទេសចរចូលមកកម្សាន្តក្នុងខេត្តសៀមរាបនឹងឡើងដល់ចំនួន២.២៧៨.៨៥៤នាក់។ ចំនួនជាង២លាននាក់ដែលជាការំពឹងទុកនេះ នឹងកើនឡើងក្នុងអត្រា៣២៦,៧៥% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលមានចំនួន៥៣៤.០០៥នាក់។

លោកបានបន្តថា នៅដំណាច់ឆ្នាំ២០២២ខាងមុខនេះ ភ្ញៀវទេសចរជាតិនឹងឡើងដល់ចំនួន២.០៣៩.០០០នាក់ កើនឡើង២៩១,២៦% ហើយភ្ញៀវទេសចរអន្តរជាតិក៏នឹងឡើងដល់ចំនួន២៣៩.៨៥៤នាក់ កើនឡើង១៧៦៣,២៣%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ថោង ខុន បានបញ្ជាក់ទៀតថា ដើម្បីចូលរួមជំរុញដល់កំណើននេះ ក្រសួងទេសចរណ៍បានកំពុងពិភាក្សាជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអំពីលទ្ធភាព ក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចពិសេស ដើម្បីទាក់ទាញឱ្យទេសចរមកទស្សនាខេត្តសៀមរាបច្រើនដង។

នៅក្នុងខេត្តសៀមរាបបច្ចុប្បន្នមានមូលដ្ឋានអាជីវកម្ម និងសេវាកម្មកំពុងបើកដំណើរការអាជីវកម្មសរុបចំនួន៥៤៨កន្លែង ស្មើនឹង៤៦% នៃអាជីវកម្មទេសចរណ៍សរុបក្នុងខេត្តមានចំនួន១.១៨៧កន្លែង។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានយកចិត្តទុកដាក់ ចំពោះធនធានមនុស្សបម្រើឱ្យវិស័យទេសចរណ៍ផងដែរ ដោយបានចាត់ក្រុមការងារក្រសួងទេសចរណ៍ ឱ្យចុះពិនិត្យជំហានទី២ ដើម្បីវាយតម្លៃពីគុណភាព សេវាកម្ម និងបដិសណ្ឋារកិច្ច ក៏ដូចជាផ្ដល់ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាបបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here