ក្រុមហ៊ុនក្រេឌីតប្យូរ៉ូដាក់ឲ្យដំណើរការសេវាវិភាគទិន្នន័យហានិភ័យ ឥណទាន

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមហ៊ុនCredit Bureau (Cambodia) Co., Ltd (CBC) )​ បាន​ដាក់ឱ្យ​ដំណើរការ​សេវា​វិភាគ​ទិន្នន័យ ​កម្រិត​ខ្ពស់​ដំបូង​គេ​នៅក្នុង​ប្រទេស ​ដោយ​ប្រើ​ឧបករណ៍​វិភាគ​ទិន្នន័យ​ធុរកិច្ច។

ការដាក់ដំណើរការសេវានេះ ធ្វើឡើងដោយគ្របដណ្តប់​ស្ថាប័នហិរញ្ញវត្ថុ​ជា​សមាជិក​ទាំងអស់ ដើម្បី​តាមដាន​កម្រិត​ហានិភ័យ​ឥណទាន នៅតាម​ទីតាំង​ភូមិសាស្ត្រ​ជាច្រើន​។​

ផែនទី​ហានិភ័យ​ឥណទាន ​គឺជា​ដំណោះស្រាយ​ចុងក្រោយ​គេ​បង្អស់​ពី ក្រុមហ៊ុន CBC ដែល​បង្កើតឡើង​ក្នុង​ទម្រង់​ជា ផែនទី​អន្តរ​កម្ម និង​រស់​រវើក ដែល​អាចឱ្យ​បណ្តា​អគ្គនាយក និង​គណៈ​គ្រប់គ្រង​របស់​ស្ថាប័ន ​ផ្តល់​កម្ចី កំណត់សម្គាល់​លើហានិភ័យ ឥណទាន​របស់​ស្ថាប័ន​ខ្លួន ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀតបាន​យ៉ាង​ងាយស្រួល​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយក​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន CBC លោក​ អឿ សុធា​រ័ត្ន បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុននេះ ​យើង​បានសង្កេតឃើញថា​ វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​បាន​បត់បែន​ទៅតាម​បរិបទ​នៃ​ប្រព័ន្ធ​ឌីជីថល ​និង​បានធ្វើការ​ផ្លាស់ប្ដូរ​យ៉ាង​គំហុក​ លើ​ផ្នែក​វិភាគ​ទិន្នន័យ​។

លោក​ថ្លែងថា​ “​ជាមួយនឹង​ការរីកចម្រើន​ជា​លំដាប់ ​នៃ​ទីផ្សារ​ឥណទាន សព្វថ្ងៃនេះ​យើង មាន​សមាជិក​សរុប​១៨០​ស្ថាប័ន​ ដែលជា​គ្រឹះស្ថាន​ធនាគារ មីក្រូហិរញ្ញវត្ថុ ឥណទាន​ជនបទ និង​ក្រុមហ៊ុន ភតិសន្យា​ហិរញ្ញវត្ថុ​”។​

លោកបន្តថា ម្យ៉ាងវិញទៀត សមាជិក​របស់​យើង​កំពុងតែ​ពង្រីក​ប្រតិ​បត្តិការលើ​សេវា និង​ផលិតផលរបស់ខ្លួន ទៅកាន់​តំបន់​ទីផ្សារ​ថ្មីៗ ដែលជា​ហេតុ​ធ្វើ​ឱ្យពួកគេ មាន​តម្រូវការ​លើ​ការវិភាគ​ហានិភ័យ​លើក​ម្ចី នៅតាម​តំប​ន់ទាំងនោះ​។ ដូច្នេះហើយ​ទើបឧបករណ៍​វិភា​គនេះ ​គឺ​បង្កើតឡើង ដើម្បី​បំពេញតម្រូវការ​របស់សមាជិក​យើង​​។​

​យោងតាម​របាយការណ៍​ចុងក្រោយ ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC)បានបង្ហាញថា ប្រាក់កម្ចី​តាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​ដល់៥១,៥​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែមិថុនា​ឆ្នាំនេះ ពោលគឺ​កើនឡើង២៣,៤ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​កាលពី​ឆ្នាំមុន ខណៈដែល​ប្រាក់​បញ្ញើ​របស់​អតិថិជន បាន​កើនឡើង១៦​ភាគរយ​ដល់៤២ ​ពាន់​លាន​ដុល្លារ​។

យោងតាម​របាយការណ៍ដដែលបានបង្ហាញថា ប្រាក់កម្ចី​មិន​ដំណើរការ (NPLs) នៅតាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ស្ថិតក្នុង​អត្រា​អាច​គ្រប់គ្រងចំនួន២,៦​ ភាគរយ និង២,៣​ភាគរយ​រៀង​គ្នា​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here