ចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធរំពឹងសម្រេចបាន លើស១០០ភាគរយ

ដោយ សុផារី

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ រំពឹងថា ដំណាច់ឆ្នាំ២០២២ ចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធសម្រេចបាន១០៣,៥ភាគរយនៃផែនការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ ជាពិសេសធានាបាននូវចីវភាពសេដ្ឋកិច្ច។

លោកស្រី ប៊ុន នារី អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ខែសីហានេះថាការប្រមូលចំណូលពន្ធដារ ក្នុងឆមាសទី១ ឆ្នាំ២០២២ នៅតែបន្តសម្រេចបានលទ្ធផលល្អប្រសើរ ដែលបានឆ្លុះបញ្ជាំងឱ្យឃើញពីប្រសិទ្ធភាព នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តនូវផែនការយុទ្ធសាស្ត្រ។

ចំណូលសារពើពន្ធនៅតែអនុវត្តបានល្អប្រសើរ គឺខ្ពស់ជាងឆ្នាំ២០២១ បើធៀបនឹងរយៈពេល៦ខែដើមឆ្នាំដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបញ្ជាក់ថា ចំណូលមិនមែនសារពើពន្ធ អនុវត្តន៍បានទាប ដោយសារប្រភពចំណូលពន្ធសំខាន់ៗ នៅទទួលរងនូវផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ១៩ ដោយចំណូលមិនមែនសារពើពន្ធ មានបីផ្នែកសំខាន់ៗ ចំណូលពីទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត ក្រៅពីទ្រព្យសម្បត្តិរដ្ឋ រួមមានចំណូលកាតព្វកិច្ចពីកាស៊ីណូ និងចំណូល កាតព្វកិច្ចពីឆ្នោត ក្នុងឆមាសទី១នៅឆ្នាំ២០២២ ដោយសារការបន្តរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ហើយមុខចំណូលខ្លះទៀត កំពុងបំពេញនូវនីតិវិធីកត់ត្រាចូល ដូចជា ចំណូលពីផលទុនរបស់ប្រៃសណីយ៍ និងទូរគមនាគមន៍។

លោកស្រីបានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានពន្ធដារ នឹងដាក់ចេញនូវគោលនយោបាយបន្ធូរបន្ថយពន្ធ ដើម្បីទ្រទ្រង់ដល់ដំណើរការអាជីវកម្មមួយចំនួន ដែលរងនូវផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩និងការបើកប្រទេសឡើងវិញ។

លោកស្រីមានប្រសាសន៍ថា អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តកើនឡើងតទៅទៀត នៅក្នុងឆ្នាំ២០២១ដល់ ២០២៤ ការខិតខំប្រឹងប្រែងរកចំណូលទាំងអស់ អគ្គនាយកដ្ឋានពន្ធដារត្រូវបំពេញកាព្វកិច្ច នៅក្រោមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ កំណែទម្រង់ហរិញ្ញវត្ថុសាធារណៈ ក៏ដូចជាយុទ្ធសាស្ត្រកៀរគរចំណូល ជាពិសេសអគ្គនាយកដ្ឋានប្រមូលចំណូល ដែលមានអង្គភាពទាំងបី គយ ពន្ធដារ ចំណូលមិនមែនសារពើពន្ធ អង្គភាពទាំងបីត្រូវប្រមូលយកមក ដើម្បីបង្កើតឱ្យចេញជាសកម្មភាពបន្តទៀតសម្រាប់ជំរុញ និងសម្រេចឱ្យបានគោលដៅ ដែលបានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣

តាមការប៉ាន់ស្មាន រហូតដល់ដំណាច់ ឆ្នាំ២០២២ ចំណូលមិនមែនសារពើពន្ធ អាចនឹងសម្រេចបានប្រមាណដល់១០១,១ភាគរយ នៃច្បាប់ហរិញ្ញវត្ថុឆ្នាំ២០២២។

តាមការវាយតម្លៃនេះ ចំណូលចរន្តនឹងសម្រេចបានខ្ពស់ជាងផែនការ១៩០លានដុល្លារអាមេរិក ដោយសារចំណូលមិនមែនសារពើពន្ធនឹងសម្រេចខ្ពស់ជាងផែនការ ប្រមាណ៥លានដុល្លារអាមេរិក ចំណូលពន្ធដារអាចសម្រេចបានខ្ពស់ ជាងផែនការ២២៩លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here