រដ្ឋាភិបាលចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍២០២២-២០៣០

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ក្រុមរដ្ឋមន្រ្តីមកពីអន្តរក្រសួង បានចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ ដែលរៀបចំឡើងតាមប្រព័ន្ធវីដេអូ។


កិច្ចប្រជុំនេះដែលបានប្រារពធ្វើឡើងកាលពីថ្ងៃទី២៧ កក្កដាកន្លងមក បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើ​ញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាច្រើនរូបមកពីក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការី ធ្វើបទបង្ហាញអំពីសាវតា និងសេចក្ដីសង្ខេបស្ដីពី សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យ ប្រៃសណីយ៍២០២២-២០៣០ ជូនអង្គប្រជុំរួចមក។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បានសម្តែងនូវការកោតសរសើរដល់ លោករដ្ឋមន្ត្រី និងមន្ត្រីរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានរៀបចំសេចក្តីព្រាងគោលនយោ​បាយនេះឡើង ប្រកបដោយអត្ថប្រយោជន៍ និងមានលក្ខណៈចាំបាច់សម្រា​ប់ប្រើប្រាស់ទាំងពេលចប្ចុប្បន្ន ទៅថ្ងៃអនាគត ដោយគោលនយោបាយនេះ បានគ្របដណ្តប់លើបញ្ហាចំពោះមុខ ព្រមទាំងមានការរៀបចំយុទ្ធសាស្រ្ត ផែនការសកម្មភាព យន្តការ និងអមដោយសូចនាករសំខាន់ៗ សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផងដែរ។

លោករដ្ឋមន្ត្រីបន្តថា ដើម្បីចូលរួមធ្វើឱ្យប្រសើរឡើង នូវសេចក្តីព្រាងគោលនយោបាយនេះ ឱ្យកាន់តែច្បាស់លាស់ បន្ថែមទៀត ក្រសួងពាណិជ្ជកម្ម ស្នើឱ្យអង្គប្រជុំពិនិត្យ និងពិចារណា លើចំណុចមួយចំនួនដែលពាក់ព័ន្ធទៅនឹងច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ ដែលត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។

ចំណុចទាំងនោះ រួមមាន៖ ស្នើឱ្យដាក់ចូលនូវពាក្យពេចន៍ យន្តការ និងការដោះស្រាយវិវាទការពារអ្នកប្រើប្រាស់ ឱ្យស្របទៅតាមប្បញ្ញត្តិនៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាស្ថាប័នដែលបានបង្កើតរួចហើយ ក្នុងចំណុច៦.២ និងឧបសម្ព័ន្ធ១ នៃសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ព្រមទាំងស្នើឱ្យមានការបរិយាយលម្អិត នូវផែនការសកម្មភាពនៅក្នុងចំណុចទី៤ ទី៤.៣ ទី៤.៤ និងទី៤.៥ ដើម្បីងាយស្រួលយកផែនការនេះទៅអនុវត្តន៍ ដោយឆ្លើយតបទៅនឹងផែនការដែលត្រូវជំរុញឱ្យក្រុមហ៊ុន អាជីវកម្មប្រើប្រាស់បច្ចេកវិទ្យាថ្មី និងប្រព័ន្ធឌីជីថលដែលឯករាជ្យ (Neutral Technology) មានប្រសិទ្ធភាព និងភាពអាចជឿទុកចិត្តបាន សម្រាប់កិច្ចការតាមដានមធ្យោបាយដឹកជញ្ជូន និងស្ថានភាព ជាក់ស្តែងនៃទំនិញការគ្រប់គ្រងវិក័យប័ត្រ និងលិខិតប្រកាសពន្ធគយក្នុងទម្រង់ជាអេឡិចត្រូនិក ព្រមទាំងប្រព័ន្ធទំនាក់ទំនងរវាង ម្ចាស់អាជីវកម្មជាមួយអតិថិជន ទាំងសម្រាប់ការបញ្ជូនទំនិញក្នុងប្រទេស និងឆ្លងកាត់ព្រំដែន។

លោករដ្ឋមន្ត្រីបន្ថែមថា ទាក់ទងនឹងការកសាងលិខិតបទដ្ឋានច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ក្រសួងពាណិជ្ជកម្ម ស្នើឱ្យគិតគូរផងដែរ នូវករណីលើកលែង ដែលអនុញ្ញាតដោយច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ទាក់ទងនឹងការទទួលខុសត្រូវរបស់ម្ចាស់ អាជីវកម្មក្នុងការបញ្ជូនទំនិញដែលទាក់ទងនឹងស្តង់ដារទំនិញ បទដ្ឋានពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម សិទ្ធិស្របច្បាប់នៃពលរដ្ឋដែលជាអតិថិជន (Lawful right and prudential rights of our people) និងផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here