តើការវិនិយោគផ្សារហ៊ុនរយៈពេលវែង និងរយៈពេលខ្លី វិនិយោគិនត្រូវសម្លឹងមើលកត្តាអ្វីខ្លះ?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ការវិនិយោគនៅផ្សារហ៊ុន ឬផ្សារមូលបត្រកម្ពុជាមានមូលដ្ឋា​នពីរដែលវិនិយោគិនគួរពិចារណា ដើម្បីរកផលចំណេញ ទី១ គឺការវិនិយោគរយៈពេលវែង និងទី២ វិនិយោគរយៈពេលខ្លី។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរ បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញ តេឡេក្រាមកាលពីរសៀលថ្ងៃទី២៨ កក្កដាកន្លងមកថា ការវិនិយោគនៅផ្សារមូលបត្រ ឬផ្សារហ៊ុនកម្ពុជា រយៈពេលវែង គឺវិនិយោគិន ជាការវិនិយោគបែបសន្សំ​រយៈពេលវែង ដោយអាចដាក់ក្នុងមួយខែ៥០ទៅ១០០ដុល្លារ។

លោកពន្យល់ថា “ការវិនិយោគបែបនេះ វិនិយោគិនត្រូវមើលក្រុមហ៊ុន ដែលខ្លួនទិញមូលបត្រថា តើមានភាពរីកចម្រើនបែបណា? តើរយៈពេល៥ទៅ១០ឆ្នាំខាងមុខ ក្រុមហ៊ុននោះនៅតែបន្តរីកចម្រើនឬយ៉ាងណា?”។លោកបន្តថា “ការមានមូលដ្ឋានវិភាគបែបនេះ ជាការប្រសើរ ឧទាហរណ៍ក្រុមហ៊ុនខ្លះទោះជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក៏នៅតែមានកំណើនល្អដដែល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហុង សុហួរបានបន្តថា ចំណែកការវិនិយោគផ្សារហ៊ុន ឬទិញមូលបត្ររយៈពេលខ្លី វិនិយោគិនត្រូវវិភាគលើកត្តាជាច្រើន ព្រោះវិនិយោគិនរតយៈពេលខ្លី ត្រូវការមានពេលវេលាច្រើន តាមដានវិភាគ និងកត្តាចិត្ត​សាស្រ្តច្រើន ដើម្បីមានមូលដ្ឋានសម្រាប់សម្រេចចិត្ត ប៉ុ​ន្តែអ្នកវិនិយោគផ្សារហ៊ុន ឬទិញមូលបត្រនៅផ្សារហ៊ុន មិនខាតបង់នោះទេ បើខ្លួនមិន​លក់ហ៊ុនរបស់ខ្លួនចេញ នៅពេលតម្លៃហ៊ុនដែលខ្លួនទិញនោះធ្លាក់ថ្លៃ។

លោកបន្តថា “នៅបរទេសក៏ដោយ ក្រុមហ៊ុនខ្លះចំណេញ ប៉ុន្តែតម្លៃហ៊ុន​របស់ពួកគេធ្លាក់ចុះ ដោយសារកត្តារំពឹងទុក វិនិយោគិនជាច្រើនចង់ចាក​ចេញ និងកត្តាចិត្តសាស្រ្តមួយចំនួនផងដែរ”។

លោកបន្ថែមថា ផ្ទុយទៅវិញក្រុមហ៊ុនខ្លះរកស៊ីខាត ប្រាក់ចំណេញធ្លាក់ចុះ ប៉ុន្តែថ្លៃហ៊ុនឬតម្លៃភាគហ៊ុនកើនឡើង ដែលបណ្តាលមកពីកត្តាមួយចំនួនដូចជា ការធ្លាក់ចុះតម្លៃហ៊ុនទាបជាងការបារម្ភ ឬការខាតៗជាងការរំពឹងទុក ឬក៏មានការគិតថា នាពេលអនាគតតម្លៃក្រុមហ៊ុននោះ នឹងកើនឡើងនូវផលចំណេញជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here