កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រដ្ឋាភិបាលទទួលបានការសាទរពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលទៅលើគ្រួសារក្រីក្រ និងពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩ ត្រូវបានទទួលការសាទរពីថ្នាក់ជាតិ និងមជ្ឈដ្ឋានអន្តរជាតិ ដែលអាចជួយដល់គ្រួសារក្រីក្រមិនអោយធ្លាក់ទៅក្នុងវិបត្តិកាន់តែខ្លាំង ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា រដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ កន្លងមក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីនេះ គឺជាការយកចិត្តទុកដាក់ចំពោះជីវភាព និងការលំបាករបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានរួមចំណែកជំរុញឱ្យមានការកែសម្រួលកាន់តែប្រសើរឡើង នូវការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀតក្នុងការអនុវត្តកម្មវិធី ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ទទួលបានការសាទរទាំងពីថ្នាក់ជាតិ និងមជ្ឈដ្ឋានអន្តរជាតិ ។

ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ខែទី១ មានអ្នកទទួលផលចំនួន៥៣០.៨៣៨គ្រួសារ ខែទី២មានចំនួន៥៩៨.៥១២គ្រួសារ ខែទី៣មានចំនួន ៦៤៤.៦៥៥គ្រួសារ ។ ដោយឡែកនៅខែទី៤ ដែលចាប់ផ្ដើមអនុវត្តបើកផ្ដល់កាលពីថ្ងៃទី២៥ខែកញ្ញាកន្លងទៅនេះ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន ១២៥,១៧ពាន់លានរៀល សម្រាប់បើកជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ចំនួន ៦៨៩.៩៧៣គ្រួសារ ។

ក្រៅពីការឧបត្ថម្ភសាច់ប្រាក់នេះដែរ រដ្ឋាភិបាលក៏បានដាក់វិធានការបន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ ១៩ ដែលវិធានការនេះគឺជាជុំទី ៦ហើយ ដែលរដ្ឋាភិបាលដាក់វិធានការ ។

សម្រាប់ជុំទី៦នេះគឺដាក់ចេញ ដើម្បីបន្តទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិ និងបន្តជួយទំនុកចិត្តបម្រុងដល់គ្រួសារក្រីក្រ ។ ក្នុងនោះវិស័យសំខាន់ពីរក៏ត្រូវបានបន្តលើកទឹកចិត្តនិងជួយគាំទ្រសកម្មភាពក៏ដូចជាជួយឧត្ថម្ភដល់អ្នកដែលបាត់បង់ការងារ រួមមានក្នុង វិស័យកាត់ដេរ វាយនភណ្ឌស្បែកជើង ផលិតផលធ្វើដំណើរ កាបូ និងវិស័យទេសចរណ៍ ។

ធនាគារពិភពលោកបានសាទរនូវវិធានការរបស់រដ្ឋាភិបាលកម្ពុជា ដែលចំណាយដល់ទៅ៥ភាគរយនៃផលិតផល ក្នុងស្រុកសរុប ក្នុងការស្ដារនិងទប់សេដ្ឋកិច្ចមិនអោយធ្លាក់ចុះ កាន់តែខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here