សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសហការជាមួយអង្គការមួយពង្រឹង កិច្ចគាំពារអតិថិជន

ដោយៈ លក្ខិណា

ភ្នំពេញៈ អង្គការ Social Performance Task Force SPTF និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា ប្រកបដោយការទទួលខុសត្រូវ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ប្រព្រឹត្តនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ ក្រោមអធិប្បតីយភាពរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីធនាគារជាតិនៃកម្ពុជា។ ភាគីពាក់ព័ន្ធបរិយាបន្នហិរញ្ញវត្ថុមកពីជុំវិញពិភពលោក បានចូលរួមក្នុងពិធីនេះដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Nitin Madan នាយកផ្នែក បរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ SPTF មានប្រសាសន៍ថា ភាពជាដៃគូថ្មី ដែលមានតែមួយ និងដំបូងគេបង្អស់នេះ នឹងបង្កើតជាផែនទីចង្អុលផ្លូវ នាំដល់ការរីកចម្រើនវិស័យហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ ស្ថិរភាពហិរញ្ញវត្ថុ និងកិច្ចគាំពារអតិថិជននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចវិស័យធនាគារនិងហិរញ្ញវត្ថុទាំងមូលផងដែរ។

សមាគម និងសមាជិករបស់ខ្លួន ក៏អាចដាក់ពាក្យស្នើសុំសហហិរញ្ញ ប្បទាន សម្រាប់អនុវត្ត និងពង្រឹងសមត្ថភាពលើការអនុវត្តបរិយាបន្នហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ក្នុងចំណោមស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកសុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ មានគោលបំណងពង្រឹងការអនុវត្តអាជីវកម្ម ប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ដោយមើលពីជ្រុងនៃការគ្រប់គ្រងហានិភ័យ ដើម្បីជំរុញនូវកំណើនប្រកបដោយការទទួលខុសត្រូវ ការលើកកម្ពស់ស្ថេរភាពវិស័យហិរញ្ញវត្ថុ និងបង្កើនការការពារអតិថិជន។

គំនិតផ្តួចផ្តើមនេះ ត្រូវបានដាក់ចេញស្របពេលដែល Smart Campaign ឈានដល់ទីបញ្ចប់ ដោយនឹងជំនួសដោយកិច្ចសហប្រតិបត្តិការជាមួយ SPTF-CERISE ក្នុងដំណើរដ៏សកម្មបន្តទៅមុខ ។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នឹងដើរតួនាទីក្នុងកិច្ចការជំរុញ និងអនុវត្តនូវស្តង់ដារការពាអតិថិជនថ្មីរបស់ SPTF-CERISE ក៏ដូចជាវិញ្ញាបនបត្រទទួលស្គាល់ផងដែរ ។

ជាមួយគ្នានេះ លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ជំនឿទុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ជាកត្តាចម្បងក្នុងការរក្សាចីរភាពគ្រឹះស្ថាន ការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល ហើយកិច្ចការពារអតិថិជន ក៏ត្រូវបានចាត់ទុកជាការងារអាទិភាព ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់ ។

លោកស្រីLaura Foose នាយកប្រតិបត្តិអង្គការSPTF បានមានប្រសាសន៍ថា ចាប់តាំងពីអង្គការSPTF បានបង្កើតឡើងក្នុងឆ្នាំ២០០៥ យើងបានឃើញឥទ្ធិពលនៃការធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចការស្វ័យ

បញ្ញត្តិប្រកបដោយប្រសិទ្ធភាព។

លោកស្រីបន្តថា តាមប្រទេសដែលមានភូមិសាស្រ្ត និងវប្បធម៌ខុសៗគ្នា ទីផ្សារហិរញ្ញវត្ថុនឹងមានសុខមាលភាពល្អ លុះណាអតិថិជនទទួលបានការពារ នៅពេលដែលអ្នកផ្តល់សេវារួមគ្នា អនុវត្តន៍ក្រមសីលធម៌ និងស្តង់ប្រតិបត្តិការដូចគ្នា ព្រមទាំងទទួលខុសត្រូវចំពោះមុខគ្នាទៅវិញទៅមក។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងអាចចម្រេចទៅបាន លុះណាតែមានការដឹកនាំដ៏រឹងមាំ ព្រមទាំងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here