ដោយ៖ លក្ខិណា
ភ្នំពេញ ៖ នាឆ្នាំ២០២១ខាងមុខនេះ រដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តន៍ពន្ធលើចំណេញមូលធន ហើយមានមតិជាច្រើនបានបង្ហាញការមិនពេញចិត្តនិងស្នើសុំអោយរដ្ឋាភិបាលជាពិសេសអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពន្យារពេលក្នុងការអនុវត្តន៍ពន្ធលើចំណេញមូលធននេះដោយសារតែ បច្ចុប្បន្នកម្ពុជា កំពុងជួបនឹងវិបត្តិនៃជំងឺកូវីដ១៩ ។
តែយ៉ាងណាក្ដី បើតាមមន្ត្រីជំនាញពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា បើសិនជាអ្នកជាប់ពន្ធនោះ លក់អចលនទ្រព្យខាត ខាងអគ្គនាយកដ្ឋានមិនតម្រូវអោយបង់ពន្ធចំណេញមូលធននេះដែរ ។
លោក វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការយកពន្ធ លើពន្ធចំណេញ មូលធនសម្រាប់អចលនទ្រព្យ គឺយកសម្រាប់អ្នកដែលក់អចលនទ្រព្យចំណេញ ហើយអគ្គនាយកដ្ឋានក៏បានយកតែ ២០ភាគរយនៃប្រាក់ចំណេញមកអនុវត្តន៍ប៉ុណ្ណោះ ជាក់សស្ដែងឧទាហរណ៍ថាបើសិនជាអ្នកលក់អចលនទ្រព្យនោះបាន១០ម៉ឺនដុល្លារ គេយកតែ២០ភាគរយនៃ១០ម៉ឺនមកគណនាគឺ២ម៉ឺនដុល្លារ ដូច្នេះ ២០ភាគរយនៃ ២ម៉ឺនដុល្លារគឺត្រូវបង់ពន្ធលើចំណេញ មូលធន ។
លោកបន្តថា សម្រាប់អ្នកដែលនិយាយថាខ្លួនលក់អចលនទ្រព្យខាងពន្ធដារនឹងមិនតម្រូវអោយបង់ពន្ធចំណេញមូលធននោះទេ ក៏ប៉ុន្តែខាងអ្នកលក់នោះ ត្រូវមានឯកសារទិញលក់ និងតម្លៃជាក់លាក់ពេលខ្លួនទិញអចលនទ្រព្យ ដើម្បីផ្ទៀងថាគាត់ពិតជាលក់ខាតមែន បើសិនជាគាត់ថាខាតតែមិនមានអ្វីបញ្ជាក់ខាងពន្ធដារក៏ត្រូវគិតពន្ធចំណេញមូលធននេះដែរ ។
មួយវិញទៀតបើសិនជាអ្នកលក់អចលនទ្រព្យទទួលបានប្រាក់ចំណេញច្រើនពេករហូតដល់មិនហ៊ានបង្ហាញតម្លៃទិញ ក៏មិនអីដែរ គឺមានជម្រើសដូចធ្លាប់លើកឡើងគឺ យក២០ភាគរយនៃតម្លៃអចលនទ្រព្យដែលលក់បាននោះ មកអនុវត្តន៍ពន្ធ ។
លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា លោកបានដឹងថាមានអ្នកស្នើសុំឱ្យពន្យារពេលក្នុងការអនុវត្ត ក៏ប៉ុន្តែលោកបញ្ជាក់ការយកពន្ធគឺយកនៅពេលអ្នកលក់ចំណេញ ចំណែកឯ ការលក់ខាតគឹមិនយកពន្ធនោះទេ ។
ការយកពន្ធ គឺយកពីអ្នកចំណេញពីអ្នកមានមកជួយអ្នកក្រ ដូចជាកម្មករ រាប់សែននាក់ដែលកំពុងទទួលបានការពីឧបត្ថម្ភពីរដ្ឋ ប្រជាជនក្រីក្រ ជាច្រើន និងយកពន្ធមកថែទាំហេដ្ឋរចនាសម្ព័ន្ធ និងជួយកសាងជាតិជាច្រើនទៀត ៕