រដ្ឋាភិបាលបន្តលើកទឹកចិត្តដល់ប្រតិបត្តិករក្នុងវិស័យទេស​ចរណ៍ដល់រាជធានី ខេត្តចំនួន៣

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានសហការជាមួយវិស័យឯកជន ក្រសួ​ង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញលំនឹងអាជីវកម្មធុរកិច្ច ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ពីវិបត្តិកូវិដ១៩ ដោយបានដាក់ចេញនូវវិធានការធំៗ៣ សម្រាប់ការលើកលែងពន្ធ។

វិធានការណ៍លើកទឹកចិត្តនេះ ផ្តោតក្នុងខេត្តទេសចរណ៍ចំនួនបីរួមមានដូចជា ទី១ បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់រយៈពេល ៣ខែបន្ថែមទៀត គឺពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ បន្តផ្តល់ការសម្របសម្រួល តាមរយៈការបង្កកតួលេខបំណុលត្រឹមចុងឆ្នាំ ២០១៩ និងមិនគិតការពិន័យសម្រាប់ឆ្នាំ២០២២ សម្រាប់វិស័យទេសចរណ៍។ ទី៣ ជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ រៀបចំកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់បុគ្គលិករបស់ខ្លួនដោយខ្លួនឯង និងមានលទ្ធភាពស្នើសុំការគាំទ្រហរិញ្ញប្បទាន ពីសំណាក់គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) តាមការចាំបាច់។

សេចក្តីប្រកាសនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកក្កដា កន្លងមកនេះ។

ការលើកលែងនេះ បានធ្វើឡើងដើម្បីស្តារកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងពេលចំពោះមុខ និងរយៈពេលមធ្យម ឱ្យត្រឡប់ទៅរកកំណើនសក្កានុពល និងពង្រឹងភាពធន់ សម្រាប់ការអភិឌ្ឍន៍សង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ក្រោមក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here