សម្តេចតេជោអញ្ជើញបិទសន្និបាតការងារក្រសួងទេសចរណ៍នាព្រឹកថ្ងៃនេះ

ដោយៈជេស៊ីកា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបិទ សន្និបាតបូកសរុបការងារវិស័យទេសចរណ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នាព្រឹកថ្ងៃទី១៤ កក្កដានេះ។

វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជានៅលើពិភពលោក បានជួបនូវការប៉ះទង្គិចយ៉ាងខ្លាំងក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ ដោយសារតែវិបត្តិបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានយកឈ្នះលើការរាតត្បាត កាលពីចុងឆ្នាំ២០២២កន្លងទៅនេះ ក្រសួងទេសចរណ៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ បានប្រឹងប្រែងជាខ្លាំង ដើម្បីឱ្យវិស័យដែលកម្ពុជាចាត់ទុកជាមាសបៃតងនេះ មានដង្ហើមឡើងវិញ។

ក្រសួងទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍នៅកម្ពុជា បានបើកសន្និបាតរួមគ្នាមួយ ដើម្បីបូកសរុបការងារទេសចរណ៍ បូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញ នូវវិស័យទេសចរណ៍
ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្និបាតដែលបានធ្វើឡើងនៅថ្ងៃទី១២ និង១៣ ខែកក្កដា ឆ្នាំ២០២២នេះ មន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានជជែក និងពិភាក្សាគ្នាលើប្រធានបទជាច្រើន ពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ជាពិសេសវិបត្តិ និងបញ្ហា ដែលបានកើតមានចំពោះវិស័យទេសចរណ៍ ដែលបានកើតមានក្នុងវិបត្តិកូវីដ១៩។ ក្នុងសន្និបាត ក៏បានពិភាក្សាដាក់ចេញនូវយន្តការផ្សេងៗ ដើម្បីជាកាលានុវត្តន៍ភាព សម្រាប់វិស័យទេសចរណ៍ចំពោះមុខភាពមិនច្បាស់លាស់នៃជំងឺកូវីដ១៩។

យោងតាមរបាយការណ៍ ដែលបានបង្ហាញក្នុងអង្គសន្និបាតនេះ បានឱ្យដឹងថា រយៈពេលប្រមាណ៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់ កើនឡើង៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ភាគច្រើនជាភ្ញៀវមកពីប្រភពទីផ្សារវៀតណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្រ្តាលី សិង្ហបុរី និងឥណ្ឌា។

ក្នុងរយៈពេលដូចគ្នានេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង៧លាននាក់ ក្នុងនោះទេសចរជាតិមានប្រមាណ៦.៣៣លាននាក់ កើនឡើង ២១៩% និងទេសចរបរទេសផ្ទៃ ក្នុងមានប្រមាណ៦៨ម៉ឺននាក់ កើនឡើង ៣៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here