ធនាគារជាតិនៃកម្ពុជាដាក់ចេញគោលនយោបាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់ ដើម្បីរក្សាស្ថិរភាពវិស័យធនាគារ

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ដាក់ចេញការអនុវត្តនយោបាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់០៥ចំណុច ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច និងបន្តរក្សាបានស្ថិរភាពរឹងមាំក្នុងវិស័យធនាគារ ក្នុងកំឡុងវិបត្តិសេដ្ឋកិច្ចសកល ដែលកំពុងផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនយោបាយរូបិយវត្ថុ លើកទី៦០ ដែលអង្គប្រជុំបានពិភាក្សា លើបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និងបញ្ហាប្រឈមនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងការអនុវត្តនយោបាយរូបិយវត្ថុ។

ធនាគារជាតិបានឱ្យដឹងថា នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២២នេះ សកម្មភាពសេដ្ឋកិច្ចពិភពលោកបន្តមានកំណើន ប៉ុន្តែយឺតជាងការរំពឹងទុក ដោយសារការអូសបន្លាយ នៃវិបត្តិភូមិសាស្ត្រនយោបាយរុស្ស៊ី-អ៊ុយក្រែន។ អតិផរណាពិភពលោកបានកើនឡើងខ្ពស់នៅស្ទើរគ្រប់ប្រទេស ដោយសារផលប៉ះពាល់នៃការឡើងថ្លៃប្រេងឥន្ធនៈ និងកំណើនតម្រូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះកម្ពុជា សកម្មភាពសេដ្ឋកិច្ចបានបន្តងើបឡើងដែលគាំទ្រ ជាចម្បងដោយកំណើននៃវិស័យកម្មន្តសាល និងការងើបឡើងសន្សឹមៗនៃវិស័យទេសចរណ៍ ខណៈកំណើនវិស័យកសិកម្ម និងវិស័យសំណង់បានថមថយ។ ជាមួយគ្នានេះ ការកើនឡើងថ្លៃប្រេងឥន្ធនៈ និង ម្ហូបអាហារពិភពលោក បាននាំឱ្យកម្រិតអតិផរណានៅកម្ពុជាកើនឡើងគួរឱ្យកត់សម្គាល់មិនធ្លាប់មាន បើគិតក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។

អត្រាប្ដូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព ដើម្បីរួមចំណែកការពារអំណាចទិញ និងបន្ថយផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា ស្របពេល ដែលទុនបម្រុងអន្តរជាតិបន្តមានកម្រិតខ្ពស់គ្រប់គ្រាន់សម្រាប់គាំទ្រដល់ការអនុវត្តនយោបាយ អត្រាប្តូរប្រាក់ និងរក្សាជំនឿទុកចិត្តលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា  អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តនយោបាយរូបិយវត្ថុ ដែលបានចូលរួម យ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងបន្តរក្សាបានស្ថិរភាពរឹងមាំក្នុងវិស័យធនាគារ។ ចំពោះទស្សនវិស័យខាងមុខ សកម្មភាពសេដ្ឋកិច្ចកម្ពុជារំពឹងបន្តកើនឡើងមួយកម្រិតទៀត ហើយ អតិផរណាត្រូវបានព្យាករថានឹងថយល្បឿនជាលំដាប់ ជាពិសេសនៅក្នុងអំឡុងឆមាសទី២ ដោយសារ ការរំពឹងទុកពីការថយចុះសម្ពាធថ្លៃប្រេងឥន្ធនៈនិងម្ហូបអាហារ។

 

ក្នុងស្ថានភាពនេះ គណៈកម្មាធិការបានសម្រេចអនុវត្តនយោបាយរូបិយវត្ថុសម្រាប់ គ្រាបន្ទាប់ ដូចខាងក្រោម៖

១/- រក្សាស្ថិរភាពអត្រាប្ដូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ រួមទាំងការធ្វើអន្តរាគមន៍ និងការបញ្ចេញសន្ទនីយភាពជាប្រាក់រៀល

២/- រក្សាអត្រាការប្រាក់ដេញថ្លៃនៃប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការផ្ដល់សន្ទនីយភាពរយៈពេលខ្លី (MLF) ក្នុងកម្រិតសមស្រប

៣/-ផ្តល់សន្ទនីយភាពតាមយន្តការ LPCO ក្នុងបរិមាណដែលជួយដល់តម្រូវការប្រាក់រៀល របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ

៤/- រក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា ៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក

៥/- លើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ប្រាក់រៀល។

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here