ដោយៈ ម៉ាណេត
ភ្នំពេញៈ ធម្មតាការជួញដូរនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ហៅកាត់ថា ផ.ម.ក. ឬ CSX) ថ្លៃភាគហ៊ុនអាចប្រែប្រួលបានតែក្នុងចន្លោះ ±៥% ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ប៉ុន្តែសម្រាប់ភាគហ៊ុនទើបចុះបញ្ជីដំបូង ថ្លៃរបស់វាអាចប្រែប្រួលពី-១០% ទៅ +៥០% បានសេចក្តីថា នៅចន្លោះពី៩០% ទៅ ១៥០% នៃថ្លៃបោះផ្សាយនៅទីផ្សារដំបូង (ហៅកាត់ថា ថ្លៃ IPO) ។
ឧទាហរណ៍ថា ថ្លៃ IPO ស្មើ ១០.០០០ រៀល ដូច្នេះថ្លៃដំបូងនៃភាគហ៊ុននោះអាចជាថ្លៃជួញដូរណាមួយ ដែលនៅចន្លោះ ៩.០០០រៀល ដល់ ១៥.០០០រៀល។
សូមបើករង្វង់ក្រចកបន្តិចថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ចាប់បើកទទួលបញ្ជាពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ១១:៣០ព្រឹក។ ចំណែកឯការជួញដូរនៅលើទីផ្សារ ធ្វើឡើង ០៦ដងក្នុងមួយថ្ងៃ គឺនៅម៉ោង ០៩:០០ម្តង ០៩:៣០ម្តង ១០:០០ ១០:៣០ ១១:០០ និង ១១:៣០ គឺរៀងរាល់កន្លះម៉ោងម្តង ពីម៉ោង០៩:០០ រហូតដល់ ១១:៣០ រួចបិទផ្សារតែម្តង។
ការជួញដូរគឺមានន័យថា ជាការផ្គូផ្គងបញ្ជាដេញថ្លៃទិញ និងបញ្ជាដេញថ្លៃលក់ ដើម្បីកំណត់ថាតើភាគហ៊ុននោះ ត្រូវជួញដូរនៅថ្លៃប៉ុន្មាន និងបរិមាណភាគហ៊ុនប៉ុន្មាន។
នៅវគ្គជួញដូរទី១នៃទីផ្សារ គឺពីម៉ោង ០៨:០០ព្រឹក ដល់ម៉ោង ០៩:០០ព្រឹក គឺជាវគ្គជួញដូរដំបូងបំផុត សម្រាប់ភាគហ៊ុនដែលទើបចុះបញ្ជីថ្មី។ យើងទទួលយកបញ្ជាដេញថ្លៃទិញ/លក់ពីវិនិយោគិន តាមរយៈក្រុមហ៊ុនមូលបត្រ។ បញ្ជាទាំងនោះ ត្រូវរក្សាទុកនៅក្នុងប្រព័ន្ធកុំព្យូទ័រ រង់ចាំការផ្គូផ្គងគ្នានៅម៉ោង០៩:០០ ។ នៅវគ្គជួញដូរនេះ វិនិយោគិនអាចដាក់ថ្លៃចន្លោះពី៩.០០០រៀល ដល់១៥.០០០រៀល ប្រសិនបើថ្លៃ IPO ស្មើ ១០.០០០ រៀល។
នៅពេលដល់ម៉ោងជួញដូរ ម៉ោង០៩:០០ ឧទាហរណ៍ថា ការផ្គូផ្គងជោគជ័យ ថ្លៃជួញដូរឡើងដល់ ១២.០០០ រៀល។ ថ្លៃ ១២.០០០ រៀល នេះគឺជាថ្លៃជួញដូរដំបូងរបស់ភាគហ៊ុនទើបចុះបញ្ជី នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ បន្ទាប់មកនៅវគ្គជួញដូរទី២ គឺពីម៉ោង ០៩:០០ ដល់ម៉ោង០៩:៣០ វិនិយោគិនអាចបន្តដាក់បញ្ជាទិញ/ លក់បន្តបន្ទាប់ទៀតជាធម្មតា។
ប៉ុន្តែចាប់ពីពេលនេះទៅ ថ្លៃអាចប្រែប្រួលបាននៅចន្លោះតែ ±៥% ប៉ុណ្ណោះ គឺវិនិយោគិនអាចដាក់បញ្ជាទិញ /លក់នៅថ្លៃចន្លោះពី ១១.៤០០ រៀល ដល់ ១២.៦០០ រៀល ប៉ុណ្ណោះ៕