ដោយសុខុម
រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន បានចាប់ផ្ដើមគម្រោងសាងសង់គម្រោងមួយដែលតភ្ជាប់គម្រោងបញ្ជូនទឹកដ៏ធំពីររបស់ប្រទេសចិន ហើយនេះជាចំណាត់ការថ្មីដើម្បីបញ្ជូនទឹកបន្ថែមទៀតទៅកាន់ភាគខាងជើងនៃប្រទេសដែលរីងស្ងួត និងដើម្បីកែលម្អបណ្តាញទឹកទូទាំងប្រទេស។
យោងតាមទីភ្នាក់ងារប័ត៌មាន Xinhua ចុះផ្សាយកាលពីសៅរ៍ ទី៩ ខែកក្កដា ឱ្យដឹងថា គម្រោងនេះតភ្ជាប់រវាងគម្រោងអាងស្តុកទឹក Three Gorges Reservoir និងគម្រោងបញ្ជូនទឹកពីភាគខាងត្បូង ឆ្ពោះទៅភាគខាងជើងនៃប្រទេស (South-to-North Water Diversion Project)។
គម្រោងថ្មីនេះនឹងបញ្ជូនទឹកពីតំបន់អាងស្តុកទឹក Three Gorges Reservoir ឆ្ពោះទៅកាន់ទន្លេ Hanjiang ដែលជាដៃទន្លេ Yangtze។
គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល៩ឆ្នាំ។ នៅពេលការសាងសង់បញ្ចប់ជាស្ថាពរ វានឹងបង្កើនបរិមាណទឹកដែលបញ្ជូនពីផ្លូវកណ្តាល នៃគម្រោងបញ្ជូនទឹកទៅកាន់ភាគខាងជើងនៃប្រទេសចិន។
ផ្លូវកណ្តាលចាប់ផ្តើមពីចំណុចអាងស្តុកទឹក Danjiangkou Reservoir តាមដងទន្លេ Hanjiang នៅភាគកណ្ដាលប្រទេសចិន ហើយរត់ទៅភាគឦសានឆ្ពោះទៅកាន់ទីក្រុងប៉េកាំង និងក្រុង Tianjin។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីទំហំទុនវិនិយោគសម្រាប់គម្រោងខ្នាតយក្សនេះឡើយ៕