ក្រុមហ៊ុន​អាមេរិកធំៗនៅ​កម្ពុជា បង្ហាញ​ពី​បំណង​ដាក់ទុន​វិនិយោគ​បន្ថែមទៀត

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្រុមហ៊ុន​ម៉ាក​យីហោល្បីៗ របស់​សហរដ្ឋអាមេរិក ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា បានបង្ហាញ​ពី​បំនង​នៃ​ការវិនិយោគ​បន្ថែមទៀត ដើម្បី​ពង្រីក​វិសាលភាព​កិត្តិសព្ទ​របស់ខ្លួន ។

នៅក្នុង​កិច្ចពិភាក្សា​រវាង​រដ្ឋមន្ត្រី​និង​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក អាស៊ាន កាលពី​ថ្ងៃទី២៨ កញ្ញា ២០២០កន្លងទៅនេះ តំណាង​ក្រុមហ៊ុន​យីហោ​របស់​សហរដ្ឋអាមេរិក​ជាច្រើន​ដូចជា ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Ford Motor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Herbalife Nutrition ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន​Visa និង​ក្រុមហ៊ុន Google បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុងការ​បណ្ដាក់​ទុនវិនិយោគ​បន្ថែមទៀត ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ជួយ​គាំទ្រ​ក្នុង​ការស្ដារ​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​ងើបឡើង​ជំងឺ​កូ​វីដ១៩ បានបញ្ចប់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុង​កិច្ចប្រជុំ​តាម​វីដេអូ​អន​ឡាញ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ស្វា​មន៍​នូវ​គ្រប់​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃទៀត ដែលមាន​បំណង​ចូលមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​កម្ពុជា​នឹង​រង់ចាំ​ស្វាគមន៍​ព្រមទាំង​សម្រួល​ដល់​ការវិនិយោគ​ទាំងឡាយ​របស់​ក្រុមហ៊ុន​ទាំងអស់ ។

លោក​បាន​មានប្រសាសន៍ថា សក្ដានុពល​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​កម្ពុជា អាមេរិក​បាន​បន្ត​កើន​ឡើងជា​លំដាប់ ជាក់ស្ដែង​គិត​ត្រឹម​ខែកក្កដា ២០២០ ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា មាន​ជាង២,៦ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាន១៧,០៤ភាគរយ ធៀប​នឹង​រយៈពេល៧ខែ​ដូចគ្នា​ឆ្នាំ ២០១៩ ។

លោក បាន​ថ្លែងថា “កម្ពុជា​បានធ្វើ​កំណែទម្រង់​ទាំង​ក្នុង​ក្របខ័ណ្ឌ ស្ថាប័ន និង​គតិយុត្តិ​ដែលមាន​ដូចជា ការចូល​ជាធរ​មាននៃ​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​និង​ច្បាប់​ស្ដីពី​ការការពារ​អ្នកប្រើប្រាស់ ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ និង​មុខងារ​របស់​កាំកុងត្រូល​ទៅជា​អគ្គនាយក​នៃ​ការការពារ​អ្នកប្រើប្រាស់​ការប្រកួតប្រជែង​និង​ការបង្ក្រាប​ការ​ក្លែងបន្លំ ប្រកបដោយ​ភាពជោគជ័យ” ។

លោក​បន្តថា កាលពីពេលថ្មីៗនេះដែរ កម្ពុជា​ក៏បាន​ដាក់ចេញ​នូវ​កម្មវិធី​ថ្មី​មួយ សម្រាប់​ការចុះបញ្ជី​ពាណិជ្ជកម្ម ចុះបញ្ជី​ពន្ធដារ និង​ការចុះបញ្ជី​ការងារ​ក្នុងពេល​តែមួយ ដើម្បី​បង្កើន​ភាពងាយស្រួល​ដល់​វិនិយោគ​ជាមួយនឹង​ការចុះបញ្ជី​ពាណិជ្ជកម្ម​និង​ដាក់​ដំណើរការ​ឯកសារ​ពាក់​ព័ន្ធ​នឹង​ការចុះបញ្ជី​របស់​ពួកគេ​ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here