ក្រុមហ៊ុនចិន Evergrande រងបណ្ដឹងរំលាយចោលក្នុងតុលាការនៅទីក្រុងហុងកុង

ដោយៈ សុខុម

ហុងកុង: ប្រភពទម្លាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group កំពុងទាក់ទងម្ចាស់បំណុលរបស់ខ្លួន នៅឯនាយសមុទ្រ ឱ្យជួយគាំទ្រខ្លួនទប់ទល់ នឹងបណ្តឹងក្នុងតុលាការនៅក្រុងហុងកុង ដែលដាក់ប្ដឹងក្នុងគោលបំណងរំលាយក្រុមហ៊ុននេះចោល។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៤ ខែកក្កដា ឱ្យដឹងថា ក្រុមហ៊ុន Evergrande ដែលខកខានទូទាត់បំណុលរបស់ខ្លួននៅឯនាយសមុទ្រ រហូតដល់ទៅជិត២៣ពាន់លានដុល្លារ និងកំពុងខ្នះខ្នែងរៀបចំឥណទានឡើងវិញ មានបំណងដាក់ញត្តិសុំការជួយគាំទ្រ ពីម្ចាស់បំណុលរបស់ខ្លួន ដើម្បីទុកធ្វើជាភ័ស្តុតាងបង្ហាញដល់តុលាការ នៅមុនសវនាការដំបូងនៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Top Shine Global Ltd ជាវិនិយោគិនមួយ នៅក្នុងក្រុមហ៊ុនFangchebao ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande បានអះអាងថា ខ្លួនបានដាក់ពាក្យបណ្ដឹងប្ដឹង ក្រុមហ៊ុនអភិវឌ្ឍន៍នេះ ដោយសារតែក្រុមហ៊ុននេះ មិនគោរពតាមកិច្ចសន្យាទិញយកវិញ នូវភាគហ៊ុនពីក្រុមហ៊ុនTop Shine ដែលមាននៅក្នុងក្រុមហ៊ុន Fangchebao។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រសិនបើពាក្យបណ្ដឹងនេះ ទទួលបានលទ្ធផលជោគជ័យ វាអាចបង្កផលប៉ះពាល់ដល់ ផែនការរៀបចំឥណទានឡើងវិញ របស់ក្រុមហ៊ុន Evergrande ដែលធ្វើឱ្យចុះនូវតម្លៃទ្រព្យសកម្មនៅបរទេស ដែលមានសារៈសំខាន់ ចំពោះផលប្រយោជន៍របស់ម្ចាស់បំណុលនៅឯនាយសមុទ្រ។

ប្រភពដដែលនិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍នេះ មិនបានពិចារណាការដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាមួយក្រុមហ៊ុន Top Shine នោះទេនៅពេលនេះ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Evergrande ដែលជំពាក់បំណុលសរុបរហូតដល់៣៥០ពាន់លានដុល្លារអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយក្រុមហ៊ុនTop Shine ក៏មិនអាចទាក់ទង ដើម្បីសុំការឆ្លើយបំភ្លឺបានទេ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here