រដ្ឋមន្រ្តីទេសចរណ៍ស្នើឲ្យវិស័យឯកជនចាប់យកកាលានុវត្តន៍ភាពវិនិយោគនៅខេត្តមណ្ឌលគិរី

ដោយៈ គង់ ម៉ាលីនណា

មណ្ឌលគិរីៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុនបានស្នើឲ្យ បណ្តាក្រុមហ៊ុន និងអ្នកវិនិយោគនានា ចាប់យកកាលានុវត្តភាពរបស់ខេត្តមណ្ឌលគិរី ដើម្បីលើកជាគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានា ទាំងក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធនានា ដើម្បីរួមគ្នាសម្រេចឲ្យបានតាមចក្ខុវិស័យដែលបានដាក់ចេញ។

លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីផ្សព្វផ្សាយសមាសភាព នៃគណៈកម្មាធិការដឹក​នាំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) រួចមក រាជរដ្ឋាភិបាលកម្ពុជាដែលមាន គ.ដ.ផ.ម ជាសេនាធិការថ្មីនោះ បានប្រកាសដាក់ចេញ ផែនការសកម្មភាពនៃផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីកាលពីម្សិលម៉ិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថោង ខុនបានបន្តស្នើឱ្យរដ្ឋបាល ខេត្តមណ្ឌលគិរីត្រូវបន្តចាត់វិធានការចាំបាច់នានាឲ្យបានហ្មត់ចត់ ដើម្បីរក្សាឲ្យបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្សខេត្តមណ្ឌលគិរី រក្សាឲ្យបាននូវអត្តសញ្ញាណដើមរបស់ខេត្ត។ ទន្ទឹមនឹងនេះ លោកក៏ស្នើអភិបាលខេត្ត ជួយសម្រួលដល់ការចុះបញ្ជីរមណីយដ្ឋានទេសចរណ៍សំខាន់ៗ ក្នុងខេត្តឲ្យបានច្បាស់លាស់ ក្នុងយុទ្ធនាការ នៃការចុះបញ្ជីដីធ្លីខេត្តមណ្ឌលគិរី ដើម្បីធានានិរន្តរភាពបានសម្រាប់ជាប្រយោជន៍របស់ខេត្ត។

កិច្ចការនេះ ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា បានឯកភាពជាគោលការណ៍រួចហើយនាពេលកន្លងមក។

រដ្ឋាភិបាលបានកំណត់ក្នុងផែនការមេ ចក្ខុវិស័យអភិវឌ្ឍន៍ទេសចរណ៍សម្រាប់រយៈពេលវែងឆ្នាំ២០២០ ឆ្នាំ២០៣៥ ដោយធ្វើយ៉ាងណាឲ្យចំនួនភ្ញៀវទេសចរអន្តរជាតិ មកកាន់ខេត្តមណ្ឌលគិរី នឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

លើសពីនេះក្នុងផែនការមេនេះ រដ្ឋាភិបាលបាននិងកំពូងគិតគូររៀបចំផែនការ និងទិសដៅកសាងផ្លូវល្បឿនលឿនភ្នំពេញ មណ្ឌលគិរីនាពេលអនាគតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here