ក្រសួងពាណិជ្ជកម្មជំរុញឱ្យនិស្សិតរួមក្នុងការសិក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ដើម្បីជំរុញវិស័យពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែមានកំណើននិងសន្ទុះបន្ថែមទៀត វាត្រូវការធនធានមនុស្សយល់ដឹងពីការធ្វើពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស ។ក្រសួងពាណិជ្ជកម្ម ក៏បានជំរុញឱ្យនិស្សិតកម្ពុជាចូលរួមក្នុងការសិកក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជាឱ្យបានច្រើន ។

ថ្លែងនៅក្នុងសិក្ខាសាលាស្ដីពីការចូលរួមរបស់និស្សិត ក្នុងការសិក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ២០២២នេះ លោកស្រី ចម និមល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការផ្ដល់ចំណេះដឹងពីដំណើរការចរចារ និងអត្ថប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រឹងសមត្ថភាពស្រាវជ្រាវ ដើម្បីទទួលបានឱកាសកម្មសិក្សា និងអាហារូបករណ៍ ការចែករំលែកបទពិសោធន៍ ពីដំណើរការនៃការរៀបចំព្រឹត្តិបត្រពាណិជ្ជកម្មអេឡិចត្រូនិក គឺមានសារសំខាន់ណាស់ សម្រាប់វិស័យពាណិជ្ជកម្មកម្ពុជា។
លោកស្រីបន្តថា ក្រោយចូលជាសមាជិកអាស៊ាន និងសមាជិកពាណិជ្ជកម្មពិភពលោក កម្ពុជាទទួលបានប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្មអមដោយកំណើនទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំតាក់តែងលិខិតបទដ្ឋានគតិយុត្តិនានាជាច្រើន ដែលធានាសង្គតិភាពនិងស្តង់ដារបទប្បញ្ញត្តិអន្តរជាតិ។

លោកស្រីបន្ថែមថា ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់ទី៤របស់រដ្ឋាភិបាល។ ទោះបីជាមានវិបត្តិជំងឺកូវីដ១៩ក្ដី ក៏ក្រសួងពាណិជ្ជកម្ម បានខិតខំធ្វើពិពិធកម្មផលិតផលនិងទីផ្សារ តាមរយៈគោលនយោបាយគាំទ្រ សហគ្រាសនិងធុរកិច្ច ការកែទម្រង់បទដ្ឋានគតិយត្តិ និងការចរចាបើកច្រកទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាក់ស្ដែង កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់គ្រងជ្រុងជ្រោយតំបន់ បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ ខាងត្បូងនឹងត្រូវចូលជាធរមាន នៅពេលឆាប់ៗខាងមុខនេះផងដែរ។

លោកស្រីបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មក៏បាននិងកំពុងបង្កើតបទប្បញ្ញតិ្ត និងច្បាប់មួយចំនួន មានដូចជាច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីម្ហូបអាហារ ព្រមទាំងបានធ្វើវិសោធនកម្ម ច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនឹងបញ្ជីពាណិជ្ជកម្ម វិសោធនភាពច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានាជាដើម ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានលើកឡើងដែរថា ដើម្បីឱ្យវិស័យពាណិជ្ជកម្មកាន់តែមានសន្ទុះ គឺត្រូវឱ្យអ្នកនាំចេញមានចំណេះដឹងខាងពាណិជ្ជកម្មកាន់តែស៊ីជំរៅជាក់ស្ដែង យើងត្រូវធ្វើការបណ្ដុះបណ្ដាល និងផ្សព្វផ្សាយជាបន្តបន្ទាប់ ទៅដល់អ្នកនាំចេញ ដើម្បីឱ្យយល់ពីអ្វីទៅជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មាននីតិវិធីបែបណាខ្លះ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here