ដោយៈ លោកហុង សុហួរ
ភ្នំពេញៈ ១ទសវត្សរ៍កន្លងមកនេះ ចាប់តាំងពីផ្សារមូលបត្រកម្ពុជា (ផ.ម.ក) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ យើងបានចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងទីផ្សារមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ យើងបានសម្រេចនូវសមិទ្ធផលជាច្រើន ដែលសមិទ្ធផលទាំងនេះ ផ្តល់ជាឧត្តមប្រយោជន៍ដល់ក្រុមហ៊ុន និងវិនិយោគិន និងបានចូលរួមចំណែក ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេស និងជាកិត្តិយសយ៉ាងធំធេងបំផុត សម្រាប់ផ្សារមូលបត្រកម្ពុជា ដោយបានរៀបចំនូវ “សន្និសីទជាតិស្តីពីផ្សារមូលបត្រកម្ពុជា” ក្រោមប្រធានបទ “១ទសវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា និងដំណើរឆ្ពោះទៅមុខ” ខណៈយើងប្រារព្ធខួប ១០ឆ្នាំ នៃ ផ.ម.ក។
ដំណើរឆ្ពោះទៅមុខ គឺយើងគួរបង្កើតក្ដីស្រមៃរួមមួយ ហើយក្ដីស្រមៃរួមនោះ គឺបង្កើតទីផ្សារមូលបត្រមួយ ដែលមានទំហំជួញដូរ ៥០លានដុល្លារ ក្នុង១ថ្ងៃ នៅក្នុងរយៈពេល ៦-៧ឆ្នាំក្រោយ។
ខ្ញុំជឿជាក់ថា តួលេខនេះនឹងអាចសម្រេចបាន ប្រសិនបើមានការខិតខំប្រឹងប្រែងរួមគ្នា ពីភាគីពាក់ព័ន្ធទាំងអស់ ដោយសហការ ធ្វើការសំដៅគោលដៅរួម ដើម្បីសម្រេចបាននូវគោលដៅ ប្រកបដោយមហិច្ឆតានេះដែលកំណត់ដោយ ផ.ម.ក។
ថ្វីបើទីផ្សាររបស់យើងនៅមានទំហំតូចនៅឡើយ បើប្រៀបធៀបនឹងប្រទេសជិតខាង ប៉ុន្តែទំហំជួញដូររបស់យើង មានការកើនឡើងយ៉ាងខ្លាំង ចាប់ពីឆ្នាំ២០១៩មក ដែលក្នុងឆ្នាំ ២០១៨ និងឆ្នាំមុនៗនោះ ទំហំជួញដូរប្រចាំថ្ងៃ មានប្រមាណ១០០លានរៀល (២ម៉ឺនដុល្លារ) ឬតិចជាងនេះ ហើយកើនឡើងដល់ប្រមាណ៦៣០លានរៀល (ជិត ១៦ម៉ឺនដុល្លារ) ក្នុងឆ្នាំ២០១៩ តែបានធ្លាក់ចុះបន្តិច មកត្រឹមប្រមាណ៤៧០លានរៀល (ជាង ១១ម៉ឺនដុល្លារ) ក្នុងឆ្នាំ២០២០ ដោយតែការមកដល់នៃជំងឺកូវីដ១៩។
នៅក្នុងឆ្នាំ២០២១ ដោយសារតែប្រសិទ្ធភាព និងភាពវៃឆ្លាត នៃការគ្រប់គ្រងស្ថានការណ៍កូវីដបានល្អ ពីសំណាក់រាជរដ្ឋាភិបាល យើងបានត្រឡប់ទៅរកផ្លូវកំណើនឡើងវិញ ហើយដោយតម្លៃជួញដូរ បានកើនដល់ជាង ១ប៊ីលានរៀល (២៧ម៉ឺនដុល្លារ)។
ដោយឡែកក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២២នេះ យើងសម្រេចបានលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ដោយទំហំជួញដូរ បានកើនឡើងដល់ជាង ៤ប៊ីលានរៀលក្នុង១ថ្ងៃ ដោយសារតែមានសកម្មភាពជួញដូរច្រើន។
ចំពោះការចូលរួមក្នុងទីផ្សារវិញ គឺមានវិនិយោគិនថ្មី ដែលបានបើកគណនីជួញដូរ ចន្លោះពី២០០ ទៅ៥០០នាក់ជារៀងរាល់ខែ រួមទាំងក្នុងអំឡុងពេលជំងឺកូវីដ និងអំឡុងពេលបិទខ្ទប់នានាផងដែរ។
ជាការពិតណាស់ ការរីកចម្រើននេះ ពិតជាមិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានការជួយជ្រោមជ្រែង របស់រាជរដ្ឋាភិបាល និយតករមូលបត្រកម្ពុជា និងការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងអស់។
បច្ចុប្បន្ន ផ.ម.ក មានក្រុមហ៊ុនចុះបញ្ជីចំនួន១៦ ដែលក្រុមហ៊ុនចំនួន៩បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុនចំនួន៧ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង១៥នេះ បានកៀរគរទុនពីទីផ្សារមូលបត្រប្រមាណជា១,១២២ប៊ីលានរៀល (២៨១ លានដុល្លារ)។ ដូច្នេះការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ទាំងនេះ នឹងមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការគាំទ្រពីថ្នាក់ដឹកនាំកំពូលរបស់យើង និងភាគីពាក់ព័ន្ធទាំងអស់។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ចំពោះការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំប្រឹងប្រែងជំរុញ និងបង្កើតឱ្យមានទីផ្សារមូលបត្រនេះឡើង និងសូមថ្លែងអំណរគុណ ឯកឧត្តមបរិរក្សបណ្ឌិត គាត ឈន់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការដឹកនាំចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិត។
រហូតមកដល់ពេលនេះ គឺជាដំណើរដ៏អស្ចារ្យសម្រាប់ ផ.ម.ក ហើយខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងឈានទៅដល់កម្រិតខ្ពស់ មួយបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕
អត្ថបទ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា។