ម្ចាស់ Bitcoin ខាតយ៉ាងធ្ងន់ធ្ងរ ក្រោយ Bitcoin ធ្លាក់ថ្លៃខ្លាំងរហូតដល់ជាង ៧០ភាគរយ

ដោយ៖ សុខុម

អាមេរិក: រូបិយប័ណ្ណឌីជីថល Bitcoin បានធ្លាក់ថ្លៃយ៉ាងគំហុកមកនៅក្រោម២០.០០០ដុល្លារអាមេរិក ក្នុងមួយកាក់កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ពោលគឺធ្លាក់មកនៅត្រឹម១៨.៧៤០ដុល្លារ ដែលជាតម្លៃទាបបំផុតរបស់ខ្លួនចាប់តាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មក។

ដោយសារបណ្ដាវិនិយោគិនកាន់តែមានការប្រុងប្រយ័ត្នជាងមុនចំពោះហានិភ័យ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬ គ្រីបតូដ៏ពេញនិយមបំផុតរបស់ពិភពលោក បានធ្លាក់ថ្លៃរហូតដល់ទៅជាង៧២%ស្ទើរមិនគួរឱ្យជឿ ចាប់តាំងពីបានហក់ឡើងថ្លៃខ្ពស់បំផុត រហូតដល់៦៨.៩៩១ដុល្លារ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ទាប់ពីធ្លាក់ថ្លៃមកនៅត្រឹម១៨.៧៤០ដុល្លារ កាលពីថ្ងៃសៅរ៍ ទី១៨ ខែមិថុនា Bitcoin បានហក់ឡើងបន្តិចវិញដល់១៨.៩៤១ដុល្លារ ដោយធ្លាក់ចុះ៨%បើធៀបនឹងថ្ងៃសុក្រសប្ដាហ៍ដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រូបិយប័ណ្ណឌីជីថលសំខាន់ៗផ្សេងទៀតក៏បានធ្លាក់ថ្លៃដែរ កាលពីថ្ងៃសៅរ៍ រួមទាំងរូបិយប័ណ្ណឌីជីថល Ether ដែលបានធ្លាក់ថ្លៃជិត១០%ផងដែរ។

ទីផ្សារហ៊ុនទូទាំងពិភពលោកបានដាំក្បាលចុះ ក្នុងសប្តាហ៍កន្លងទៅ ស្របពេលមានការភ័យខ្លាចថា ការដំឡើងអត្រាការប្រាក់ពីសំណាក់ធនាគារកណ្តាលអាមេរិក (Federal Reserve) និងធនាគារកណ្តាលផ្សេងទៀត ដើម្បីទប់អតិផរណាដែលហក់ឡើងខ្ពស់ អាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។

ហើយជាលទ្ធផលនៃការព្រួយបារម្ភនេះបានធ្វើឱ្យទីផ្សាររូបិយប័ណ្ណឌីជីថល ឬ គ្រីបតូទទួលរងការខាតបង់ធ្ងន់ធ្ងរបំផុត។

តម្លៃទីផ្សារគ្រីបតូទូទាំងពិភពលោកបានធ្លាក់ចុះ មកនៅក្រោម១ទ្រីលានដុល្លារអាមេរិក កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន បន្ទាប់ពីឈានដល់៣ទ្រីលានដុល្លារ កាលពីខែវិច្ឆិកា ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here