វិស័យមីក្រូហិរញ្ញវត្ថុ ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ: អ្នកជំនាញនៅកម្ពុជា អះអាងថា វិស័យមីក្រូហិរញ្ញវត្ថុ ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែវិស័យមួយចំនួនមិនទាន់អាចងើបវិញបាននាពេលនេះ។

លោក គា បូរាណ ប្រធានសមាគមីក្រូហិរញ្ញវត្ថុ បានមានប្រសាសន៍កាលពីថ្មីៗនេះថា វិស័យនេះក្នុងរយះពេល០២ខែចុងក្រោយគឺមានលក្ខណៈល្អប្រសើរជាងកន្លងទៅ ដែលរាប់ពីខែមេសា ឧសភា ជាខែដែលលំបាកជាងគេ បន្ទាប់មកខែមិថុនា កក្កដា និងខែសីហា អាចនិយាយបានថា វិស័យមួយនេះមានលក្ខណៈប្រសើរជាង តាំងពីឥណទាន(កម្ចី)មិនល្អក៏ថយចុះ ហើយចំនួនអតិថិជនដែលស្នើសុំឥណទានឡើងវិញក៏មានការធ្លាក់ចុះ រីឯចំនួនអតិថិជនដែលត្រូវការឥណទានថ្មីក៏មានការកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ចំពោះអាជីវករខ្នាតតូចក្នុងស្រុកមានភាពល្អប្រសើរជាងមុនដែរ។ តែយ៉ាងណាក្តី ផលប៉ះពាល់ពីកូវីដ១៩ នៅតែមានសម្រាប់វិស័យមួយចំនួនដែលមិនទាន់អាចស្តារឡើងវិញបាននៅឡើយទេ ទោះបីជាបញ្ហាកូវីដ១៩មានភាពធូរស្បើយក្តី។
លោកប្រធាន លើកឡើងថា “ក្នុងវិបត្តិកូវីដ១៩ វិស័យដែលប៉ះពាល់ធំជាងគេ គឺវិស័យទេសចរណ៍ និងសណ្ឋាគារ ជាពិសេសដែលផ្តោតទៅលើភ្ញៀវអន្តរជាតិ ដោយសារតែសព្វថ្ងៃអត់មានទេសចរណ៍ដែលអាចធ្វើដំណើរចេញចូលបានដូចទូទៅទេ តែយើងឃើញផលល្អមកវិញគឺទេសចរណ៍ក្នុងស្រុកកើនឡើងមកវិញ ញ្ចឹងទោះបីជាទេសចរណ៍អន្តរជាតិមានការថយចុះខ្លាំង ប៉ុន្តែទេសចរណ៍ក្នុងស្រុកកើនឡើង”។

លោកឱ្យដឹងទៀតថា “សម្រាប់វិស័យសណ្ឋាគារ ដែលផ្តោតអារម្មណ៍ទៅលើទេសចរណ៍អន្តរជាតិក៏មានផលប៉ះពាល់ខ្លាំងដែរ ជាពិសេសសៀមរាប ជាខេត្តមួយដែលរងផលប៉ះពាល់ធ្ងន់ជាងគេដោយសារពឹងផ្អែកលើទេសចរណ៍អន្តរជាតិច្រើនលើសលុប”។
ទន្ទឹមនេះ លោកបានបញ្ជាក់បន្ថែមពីការជឿជាក់ថា “សម្រាប់ឆ្នាំ២០២០ទាំងមូល វិស័យហិរញ្ញវត្ថុក្នុងស្រុកនៅតែវិជ្ជមាន ថ្វីត្បិតតែជួបការលំបាកជួបប្រទះក៏ដោយ និយាយជារួមរយះពេល០២ ទៅ៣ខែក្រោយនេះបានងើបឡើង។ ហើយដោយសារប្រទេសកម្ពុជា រដ្ឋាភិបាលបានគ្រប់គ្រងបញ្ហាកូវីដ១៩បានល្អប្រសើរ មិនមានការបិទប្រទេស ឬមួយក៏ត្រឡប់ដើរវិញ ហើយប្រជាជនយើងក៏នៅតែប្រកបរបរ ធ្វើដំណើរធម្មតា”។

ជាក់ស្តែង ក្នុងរយះពេលថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំ និងថ្ងៃបុណ្យភ្ជុំបិណ្ឌភ្ញៀវទេសចរណ៍ជាតិប្រមាណ ១លាន ៥សែននាក់ បានធ្វើដំណើរវិញ ដែលជាវិស័យមួយជួយឱ្យវិស័យសណ្ឋាគារដែលផ្តោតអារម្មណ៍ទៅលើទេសចរណ៍ក្នុងស្រុកអាចមានភាពល្អប្រសើរ ញ្ចឹងជាទូទៅមិនមែនវិស័យហិរញ្ញវត្ថុទេ សេដ្ឋកិច្ចកម្ពុជាទាំងមូល នៅប៉ុន្មានខែចុងក្រោយនេះដូចជាមានច្រើន។”
លោក គា បូរាណ បន្ថែមថា វិស័យមួយចំនួនដែលជាវិស័យគោលនៅកម្ពុជា ឧទាហរណ៍ ដូចជា៖វិស័យកសិកម្ម ពាណិជ្ជកម្ម ផលិតកម្មក្នុងស្រុក ជាពិសេសគឺដើរតាមគោលនយោបាយរបស់រដ្ឋាភិបាលទាក់ទងជាមួយនឹងការបង្កើនផលិតភាព ផលិតផលក្នុងស្រុក សហគ្រាសធុនតូចនិងមធ្យម(SME) លោកជឿថា ការជំរុញ SME ក្នុងស្រុកឱ្យមានការកើនឡើងនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា២០២១មានភាពរឹងមាំជាងមុន ដោយសារពឹងផ្អែកលើព្រឹត្តកម្មក្នុងស្រុកច្រើន ដែលនឹងជំរុញឱ្យកសិកម្ម កសិករអាចធ្វើបានប្រសើរជាងមុន ហើយពាណិជ្ជកម្មក្នុងស្រុកក៏មានភាពល្អប្រសើរផងដែរ។

តាមការបញ្ជាក់របស់មាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា រាប់ចាប់តាំងពីខែមីនា រហូតមកដល់ខែសីហា ឆ្នាំ២០២០នេះ អតិថិជនជាង២៦ម៉ឺននាក់ បានស្នើរៀបចំឥណទានឡើងវិញ ជាមួយនឹងទំហំទឹកប្រាក់ប្រមាណ ១,២០០លានដុល្លារ។ ក្នុងនោះ ការស្នើរៀបចំឥណទានមានអត្រាធ្លាក់ចុះមកវិញនៅចន្លោះខែមិថុនា ដល់ខែសីហា។ ទាំងនេះ ជាសញ្ញាល្អដែលឆ្លុះបញ្ចាំងឲ្យឃើញថា ផលប៉ះពាល់ដែលបណ្ដាលមកពីកូវីដ១៩ លើវិស័យមីក្រូហិរញ្ញវត្ថុបានថមថយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here