វៀតណាមចំណាយដល់ទៅ ៤,៤ពាន់លានដុល្លារ សម្រាប់គម្រោងផ្លូវក្រវាត់មួយដ៏វែង

ដោយៈ សុខុម

ហូជីមិញ: ការស្ថាបនាដំណាក់កាលទី១ នៃគម្រោងផ្លូវក្រវាត់លេខ៤ (Ring Road No 4) របស់វៀតណាម ដែលរត់កាត់តំបន់ចំនួន៥នៅភាគខាងត្បូង រួមទាំងក្រុងហូជីមិញផង នឹងចាប់ផ្តើមនៅឆ្នាំក្រោយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។ នេះបើយោងតាមការទម្លាយឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនក្រុងនេះ។

ផ្លូវក្រវាត់ដែលមានប្រវែងជិត២០០គីឡូម៉ែត្រនេះ នឹងបង្កើនការតភ្ជាប់រវាងទីក្រុងហូជីមិញ ខេត្ត Bình Dương ខេត្ត Đồng Nai ខេត្ត Long An និងខេត្ត Bà Rịa-Vũng Tàu និងជាទូទៅគឺតំបន់សេដ្ឋកិច្ចដ៏សំខាន់នាភាគខាងត្បូង (Southern Key Economic Region)។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា។

គម្រោងផ្លូវក្រវាត់ក្រោម ទំហំទុនវិយោគរហូតដល់ទៅ៤,៤ពាន់លានដុល្លារអាមេរិក ដែលត្រូវបានអនុម័ត តាំងពីជាងជាង១០ឆ្នាំមុននេះ នឹងមានគំនូសខណ្ឌចែកទ្រូងផ្លូវ ចំនួន៤នៅក្នុងដំណាក់កាលទី១ ហើយនឹងត្រូវពង្រីកបន្ថែមគំនូស ខណ្ឌចែកទ្រូងផ្លូវដល់៦ ឬ ៨ នៅក្នុងដំណាក់កាលទី២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែកញ្ញា ឆ្នាំ២០២១ រដ្ឋាភិបាលវៀតណាម បានណែនាំឱ្យខេត្តក្រុងទាំង៥ខាងលើនេះ ចាប់ផ្ដើមអនុវត្តគម្រោងផ្លូវក្រវាត់នេះជាបណ្ដើរ។

ក្រុមហ៊ុន សហគ្រាសបរទេសជាច្រើន បានសម្រុកមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចភាគខាងត្បូងនេះ ប៉ុន្តែការតភ្ជាប់ផ្លូវដឹកជញ្ជូនក្នុងតំបន់មិនទាន់មានស្ថានភាពល្អប្រសើរនៅឡើយ។

គម្រោងដឹកជញ្ជូនមួយចំនួន កំពុងត្រូវបានអនុវត្តន៍នៅក្នុងតំបន់នេះ ដើម្បីកែលម្អស្ថានភាពឱ្យប្រសើរឡើង រួមទាំងអាកាសយានដ្ឋានអន្តរជាតិ Long Thành International Airport នៅក្នុងខេត្ត Đồng Nai និងផ្លូវល្បឿនលឿន Biên Hòa – Vũng Tàu Expressway ដែលតភ្ជាប់រវាងខេត្ត Đồng Nai និងខេត្ត Bà Rịa – Vũng Tàu ផងដែរ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here