ធនាគារពិភពលោកព្រមានពីហានិភ័យនៃការដាំក្បាលចុះសេដ្ឋកិច្ចជាថ្មី

ដោយៈ សុខុម

វ៉ាស៊ីនតោន: ធនាគារពិភពលោក ឬ World Bank កាលពីថ្ងៃអង្គារ ទី៧ ខែមិថុនា បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក រហូតដល់ទៅ១,២%មកនៅត្រឹម២,៩%សម្រាប់ឆ្នាំ២០២២នេះ។

ទន្ទឹមនេះ ធនាគារនេះបានព្រមានថា ដោយសារសង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន រួមផ្សំការខូចខាតដែលបង្កឡើង ពីវិបត្តិកូវីដ-១៩ ប្រទេសជាច្រើនទំនងជាប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។

តាមរយៈរបាយការណ៍ទស្សនវិស័យ សេដ្ឋកិច្ចពិភពលោក (Global Economic Prospects)របស់ខ្លួន ធនាគារនេះនិយាយថា ការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ដាំក្បាលចុះកាន់តែខ្លាំង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក David Malpass ប្រធានធនាគារពិភពលោកបានថ្លែងថា កំណើនសេដ្ឋកិច្ចពិភពលោក កំពុងត្រូវបានរារាំងដោយសង្រ្គាម ការបិទខ្ទប់ជាថ្មីក្នុងវិធានការកូវីដ-១៩ នៅប្រទេសចិន ការរាំងស្ទះដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងហានិភ័យសេដ្ឋកិច្ចជាប់គាំង កំណើនខ្សោយរយៈពេលវែង និងអតិផរណាហក់ឡើងខ្ពស់ ដែលមិនធ្លាប់មានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។

ប្រធានធនាគារពិភពលោករូបនេះបានលើកឡើងថា នៅចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ល្បឿននៃកំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករថា នឹងធ្លាក់ចុះ២,៧% ដែលច្រើនជាងទ្វេរដង បើធៀបនឹងការធ្លាក់ចុះចន្លោះពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៩។

របាយការណ៍ខាងលើនេះព្រមានថា ការដំឡើងអត្រាការប្រាក់ ដើម្បីគ្រប់គ្រងអតិផរណា នៅត្រឹមដំណាច់ទសវត្សរ៍ឆ្នាំ១៩៧០ គឺខ្ពស់ខ្លាំងណាស់ រហូតទាញពិភពលោក ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ១៩៨២ និងវិបត្តិហិរញ្ញវត្ថុ ជាបន្តបន្ទាប់ក្នុងទីផ្សារ ដែលកំពុងរីកចម្រើនឆាប់រហ័ស និងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here