រដ្ឋាភិបាលប្រើប្រាស់ថវិកាជាង៣ពាន់លានដុល្លារសម្រាប់អន្តរាគមន៍លើវិបត្តិកូវីដ១៩

ដោយ៖ លក្ខិណា

ភ្នំពេញ ៖  រដ្ឋាភិបាលកម្ពុជាបានបង្កើនការចំណាយរបស់ខ្លួនបន្ថែម ដើម្បីអនុវត្តន៍វិធានការអន្តរាគមន៍បន្ទាន់ៗក្នុងការដោះស្រាយផលប៉ះពាល់ ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច បណ្តាលមកពីវិបត្តិកូវីដ​១៩។

បើតាមក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ រដ្ឋាភិបាលប្រើប្រាស់ថវិកាសរុបជាង៣,១ពាន់លានដុល្លារអាមេរិក។

ក្របខណ្ឌនេះបានបង្ហាញផងដែរថា ក្នុងវិបត្តិកូវីដ១៩ រដ្ឋាភិបាលបានដាក់ចេញនូវធានការអន្តរាគមន៍សង្គម សេដ្ឋកិច្ច ចំនួន១០ជុំ សំដៅដោះស្រាយបញ្ហាចំពោះមុខ គាំទ្រសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការគាំពារអាយុជីវិត និងទ្រទ្រង់ជិវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញកំណើន និងបង្កើនភាពធន់សេដ្ឋកិច្ចសង្គម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលឱ្យដឹងថា ដើម្បីគាំទ្រដល់ការអនុវត្តវិធានការទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិចារណកម្មថវិកា និងអាទិភាវូនីយកម្មមុខសញ្ញាចំណាយជាប្រចាំ សំដៅតម្រង់ទិសធនធានឱ្យបានកាន់តែចំគោលដៅ និងបានអនុវត្តថវិកាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងបរិការណ៍នៃការថមថយចំណូលជារួម ដើម្បីធានាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ។

ជាក់ស្ដែង រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ៨២៤លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២ និង១.២៩១លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ សម្រាប់អនុវត្តវិធានការបន្ទាន់ៗក្នុងការដោះស្រាយផលប៉ះពាល់។ ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលក៏បានថវិកាចំនួន៩៨៩លានដុល្លារអាមេរិកទៀត សម្រាប់ការបន្តអនុវត្តវិធានការអន្តរាគមន៍។

នៅឆ្នាំ២០២៣ ស្របទៅនឹងនិន្នាការសកល សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តឈានទៅរកវិថីកំណើនឡើងវិញ ដោយសារការសម្រេចបាននូវភាពស៊ាំសហគមន៍ ក៏ដូចជាការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មីរបស់ប្រជាជនទូទៅ ក៏ដូចជាអាជីវកម្ម បើទោះបីជាប្រឈមនឹងហានិភ័យមួយចំនួនក៏ដោយ ។ ចន្ទល់សេដ្ឋកិច្ចស្ទើរគ្រប់វិស័យត្រូវបានរំពឹងថា នឹងមានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ ដោយសារនិន្នាការល្អប្រសើរនៃសេដ្ឋកិច្ចសកល និងគោលនយោបាយជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក។

យ៉ាងណាក្តី កម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចបើកចំហខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំងជាមួយនិន្នាការសេដ្ឋកិច្ចតំបន់និងសកល ក៏នៅជួបប្រទះនឹងហានិភ័យនិងភាពមិនប្រាកដប្រជាមួយចំនួន គួបផ្សំនឹងបញ្ហាប្រឈមកាន់តែស្មុគស្មាញជាងមុន។

ការណ៍នេះទាមទារឱ្យមានការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានា និងពង្រីកប្រសិទ្ធភាពក្នុងការអនុវត្តវិធានការ ដែលបានដាក់ចេញ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើពិពធកម្មសេដ្ឋកិច្ច ជាពិសេស ជំរុញសកម្មភាពផលិតកម្មក្នុងស្រុកឱ្យកានតែមានសន្ទុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here