ដោយៈគង់ សូរិយា
ភ្នំពេញៈ នៅពេលរដ្ឋាភិបាលប្រកាសពីគំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ តម្លៃដីធ្លីបានហក់ឡើងរួចទៅហើយ បើទោះជាការសាងសង់ពេលណា និងសិក្សាចប់ឬនៅ មិនទាន់មានទិន្នន័យច្បាស់លាស់នៅឡើយ។
តាមធម្មតានៅពេលមានការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ តម្លៃដីធ្លីបានកើនឡើងជាស្វ័យប្រវត្តិ ជាក់ស្តែងដូចជាផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម។
មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ផ្លូវខ្សែក្រវាត់ក្រុងទី៤ ដែលក្រសួងបានឱ្យក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន សិក្សាតាំងពីឆ្នាំ២០១៨ បានសិក្សាចប់សព្វគ្រប់នៅឆ្នាំ២០២០ ដោយផ្លូវនេះមានប្រវែង១៩៥គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង។
រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកលីម ស៊ីដេនីនធ្លាប់បានបញ្ជាក់នៅក្នុងសិក្ខាសាលា ពិគ្រោះយោបល់ស្តីពីការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ថា ក្នុងចំណោមខេត្តទាំង៤នេះ ដោយឆ្លតកាត់ខេត្តកំពង់ស្ពី ចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុកខេត្តកណ្តាល៨ស្រុកនិងខេត្តព្រៃវែង២ស្រុក។
លោកបន្តទៀតថា “ផ្លូវក្រវាត់ក្រុងទី៤ ជាផ្លូវមួយមានសារៈសំខាន់ ដែលនឹងចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ របស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ផ្លូវជាតិផ្សេងៗ និងទៅកាន់ព្រំដែនប្រទេសវៀតណាម និងប្រទេសថៃ បានកាន់តែលឿន ចំណេញពេលវេលា កាត់បន្ថយការចំណាយបានមួយកំរិតទៀត”។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលា ក្នុងគោលបំណង ពិគ្រោះយោបល់ស្តីពី ការជ្រើសរើសផ្លូវក្រវាត់ក្រុងទី៤ យន្តការការគ្រប់គ្រង និងការទប់ស្កាត់ការទន្ទ្រានដីចំណីផ្លូវ និងតម្រូវការហេដ្ឋានរចនាសម្ព័ន្ធ នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការពិគ្រោះយោបល់ ជាមួយបណ្តាក្រសួងពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍អំពីផលប៉ះពាល់លើ អនុវត្តគម្រោងនេះ និងដើម្បីប្រមូលធាតុចូលបន្ថែមឱ្យគ្រប់ជ្រុងជ្រោយ សម្រាប់ការអនុវត្តគម្រោងផ្លូវក្រវាត់ក្រុងទី៤នេះមានភាពរលូន និងប្រសិទ្ធភាពខ្ពស់។
ទោះជាយ៉ាងណា លោកវ៉ាស៊ីម សូរិយាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសយងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលនេះ លោកមិនទាន់ទទួលបានព៌តមានលំអិតថា គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤បានបញ្ចប់ការសិក្សា និងគ្រោងសាងសង់នាពេលណានៅឡើយទេ។
អ្នកតាមដានដំណើរវិវត្តន៍នៃសេដ្ឋកិច្ច និងទីផ្សារដីធ្លីនៅកម្ពុជាលោក យិន លាងគង់ ដែលជាសហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.siaបានលើកឡើងថា ការវិនិយោគដែលទទួលបានព៌តមានច្បាស់លាស់ នឹងមិនសូវមានហានិភ័យនោះទេ ប៉ុន្តែការទទួលបានព៌តមានមិនត្រឹមត្រូវ នឹងធ្វើឲ្យការវិនិយោគរបស់ខ្លួនជួបហានិភ័យ ដែលអាចជាប់គាំងហិរញ្ញវត្ថុ ឬលំហូរសាច់ប្រាក់។
លោកបន្តថា “ជាក់ស្តែង ការវិនិយោគដីនៅផ្លូវក្រវ៉ាត់ក្រុងទី៤ អាចជួបគាំងលំហូរសាច់ប្រាក់ បើទោះបីជាផ្លូវនឹងសាងសង់ នាពេលខាងមុខក្តី ប៉ុន្តែការពន្យាពេល នឹងធ្វើឲ្យយើងមានបញ្ហា”។
លោកយិន លាងគង់បានបន្តថា “ការពន្យាពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ឋណាមួយរបស់រដ្ឋាភិបាល អាចអាស្រ័យលើកត្តាជាច្រើនដូចជា ទី១ វិបត្តិសេដ្ឋកិច្ចសកល ជាក់ស្តែងដូចបញ្ហាជំងឺកូវីដ បានធ្វើឲ្យរដ្ឋាភិបាលកាត់បន្ថយការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ទី២ ការសិក្សាបច្ចេកទេស ផលប៉ះពាល់បរិស្ថាន និងបញ្ហាសំណងជាមួយពលរដ្ឋ ក៏អាចធ្វើឲ្យគំរោងពន្យាពេល ទី៣ ការផ្តល់ជំនួយឬកម្ចីហិរញ្ញប្បទានធ្លាក់មកយឺត ក៏ធ្វើឲ្យគំរោងពន្យាពេលផងដែរ ទី៤ ប្រសិនជាការសិក្សារកឃើញថា គម្រោងនោះ មិនទាន់បំរើសេដ្ឋកិច្ចឬសេចក្តីត្រូវការជាចាំបាច់ភ្លាមៗ ក៏ធ្វើឲ្យដំណើរការសាងសង់ មានការយឺតយ៉ាវជាស្វ័យប្រវត្តិ៕