គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ទទួលបានចំណូលការប្រាក់ប្រមាណ ១០៥.២៥លានដុល្លារ ក្នុងត្រីមាសទី២

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ មានចំណូលការប្រាក់សរុបចំនួន ៤២១.០០០ លានរៀល (ប្រមាណ ១០៥.២៥លានដុល្លារ) ក្នុងត្រីមាសទី២ ឆ្នាំ២០២០ កើនជាងត្រីមាសទី២ ឆ្នាំ២០១៩ ចំនួន ៤៩.៩៥១ លានរៀល ស្មើនឹង ១៣,៤៦%។ នេះបើយោងតាមរបាយការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលបានដាក់ជួនផ្សារមូលបត្រកម្ពុជានៅក្នុងសប្តាហ៍នេះ។

របាយការណ៍ខាងលើ បានឱ្យដឹងថា ចំណេញ សុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់៣ខែ ក្នុងត្រីមាសទី២ ឆ្នាំ២០២០ សរុបចំនួន ៥២.៨៣៩ លានរៀល ថយចុះចំនួន ៥០.៩២៤ លានរៀល ស្មើនឹង -៤៩,០៨% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ បានឱ្យដឹងទៀតថា សម្រាប់រយៈពេល ៦ខែ គិតត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ៨៤៤.៣៨៥ លានរៀល កើនចំនួន ១៣៥.៦០៤ លានរៀល ស្មើនឹង ១៩,១៣% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទ មានចំនួន ១៥២.៣៣៤ លានរៀល ថយចុះចំនួន ៣៨.០៣២ លានរៀល ស្មើនឹង -១៩,៩៨% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក មានចំនួន ១៣.៧២៤.៤៣៦ លានរៀល កើនចំនួន ១.០៩៧.៩២២ លានរៀល ស្មើនឹង ៨,៧០% និងមូលធនសរុប មានចំនួន ១.៨៣១.១៣៧ លានរៀល កើនចំនួន ១៦០.៣៥០ លានរៀល ស្មើនឹង ៩,៦០% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា កាលពីខែកក្កដា ឆ្នំា២០២០ បានបោះជំហានបន្ថែមទៀតដើម្បីធានាបាននូវស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ដោយទទួលបានដោយជោគជ័យក្នុងការទទួលបានអនុបំណុលក្នុងទឹកប្រាក់ ៥០ លានដុល្លារអាមេរិក សម្រាប់រយៈពេល ៧ ឆ្នាំ និងកិច្ចសន្យាផ្តល់ទុនក្នុងទឹកប្រាក់ ១០០ លានដុល្លារអាមេរិក សម្រាប់រយៈពេល ២ ឆ្នាំ ពីធនាគារ ខេប៊ី គូកមីន ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគទុនិកថ្មីរបស់ប្រាសាក់ចាប់តាំងពីខែមេសា ឆ្នាំ ២០២០។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានថ្លែងថា “ការផ្ដល់ហិរញ្ញប្បទាននេះ នឹងជួយឱ្យប្រាសាក់ពង្រឹងមូលធនកម្មឱ្យកាន់តែរឹងមាំ និងបង្កើនសន្ទនីយភាពដើម្បីបំពេញបានតាមតម្រូវការអាជីវកម្មរបស់ប្រាសាក់ ក៏ដូចជាផ្តល់លទ្ធភាពច្រើនបន្ថែមទៀតដល់ប្រាសាក់លើការពង្រីកការផ្តល់កម្ចីដល់អាជីវកម្មធុនតូចបំផុត តូច និងមធ្យម ដែលភាគច្រើនមានម្ចាស់ជាស្ត្រី ដើម្បីរក្សានិរន្តរភាពប្រតិបត្តិការអាជីវកម្ម និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ពួកគាត់”។

លោកបានបន្តទៀតថា “ទោះបីស្ថិតក្នុងពេលវេលានៃភាពមិនច្បាស់លាស់នេះក៏ដោយ ប្រាសាក់ នៅតែអាចទទួលបានការជឿជាក់ពីធនាគារ ខេប៊ី គូកមីន តាមរយៈការផ្តល់ឥណទាននេះ។ នេះគឺជាការបង្ហាញពីទំនុកចិត្តដ៏រឹងមាំមិនរង្គោះរង្គើមកលើប្រាសាក់ និងមកលើវិស័យហិរញ្ញវត្ថុទាំងមូលរបស់ប្រទេសកម្ពុជា ព្រមទាំងទស្សនវិស័យវែងឆ្ងាយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពរបស់កម្ពុជា»។

គិតមកដល់ចុងខែមិថុនា ឆ្នាំ ២០២០ លទ្ធផលដ៏ល្អប្រសើររបស់ប្រាសាក់ ត្រូវបានបង្ហាញតាមរយៈកំណើនឥណទានដុលកើនឡើងដល់ ២ ៦៥៩ លានដុល្លារអាមេរិក និងសមតុល្យប្រាក់បញ្ញើពីអតិថិជនចំនួន 1,928 លានដុល្លារអាមេរិក។ ទ្រព្យសកម្មសរុបរបស់ប្រាសាក់ បានកើនឡើងច្រើនជាង ៣ ៣៩០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here