ដោយ៖ សូរិយា
ភ្នំពេញ៖ ស្របពេលវិបត្តិជំងឺកូវីដ១៩មានភាពប្រសើរឡើង វិបត្តិសេដ្ឋកិច្ចសកលបាននិងកំពុងបង្កក្តីបារម្ភពីផលប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក៏ដូចជាវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។ តាមរយៈបញ្ហាដែលកើតមានជាបន្តបន្ទាប់នេះ អាចធ្វើឱ្យកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២២ យឺតជាងឆ្នាំ២០២១។
អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានឱ្យដឹងថា ដោយសារតែវិបត្តិសេដ្ឋកិច្ច ធ្វើឱ្យការលក់លំនៅឋានកាន់តែតឹងតែង បណ្តាលឱ្យការលក់គម្រោងលំនៅដ្ឋាននៅឆ្នាំនេះធ្លាក់ចុះផងដែរ។
ចាប់តាំងពីកើតមានសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនមក បានធ្វើឱ្យតម្លៃប្រេងសាំងឡើងថ្លៃយ៉ាងគំហុក ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យផលិតកម្ម និងបង្កឱ្យតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់។ កត្តានេះបានជំរុញឱ្យទំនិញស្ទើរគ្រប់មុខឡើងថ្លៃ ក្នុងនោះដែរ ដែក និងសម្ភារៈសំណង់ ដែលភាគច្រើនជាទំនិញនាំចូលពីក្រៅប្រទេស បម្រើឱ្យវិស័យសំណង់ក៏បានកើនឡើងផងដែរ។
អ្នកឧកញ៉ាបានមានប្រសាសន៍ថា បើទោះបីជាតម្លៃដែក និងសម្ភារៈសំណង់ផ្សេងៗហក់ឡើងថ្លៃខ្លាំងក៏ដោយ ក៏តម្លៃលំនៅឋានដែលបានដាក់លក់មិនអាចដំឡើងថ្លៃតាមបាននោះទេ ខណៈការលក់លំនៅដ្ឋាននៅកម្ពុជា បានធ្លាក់ចុះគួរកត់សម្គាល់។
អ្នកឧកញ៉ា លី ហួរ បានបញ្ជាក់ថា ក្នុងពេលដែលតម្លៃសម្ភារៈសំណង់ផ្សេងៗកំពុងឡើងថ្លៃខ្ពស់ ប៉ុន្តែសម្រាប់គម្រោងលំនៅឋានដែលបានដាក់លក់ ទាំងគម្រោងចាស់ និងគម្រោងថ្មី មិនអាចដាក់លក់ដំឡើងថ្លៃតាមវត្ថុធាតុដើមនៃសំណង់នោះទេ ព្រោះបើដំឡើងថ្លៃលក់នឹងធ្វើឱ្យអ្នកទិញរារែកចិត្ត។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា “ទំនិញវាឡើងថ្លៃ តម្លៃសំណង់វាឡើងថ្លៃ ដោយសារការដឹកជញ្ជូនឡើងថ្លៃ ដែលជាការប៉ះពាល់ដល់ការសាងសង់។ បើផ្ទះយើងលក់ ហើយកំពុងសាងសង់ យើងអត់អាចដំឡើងថ្លៃបានទេ។ ដោយឡែក គម្រោងថ្មីៗក៏ពិបាកក្នុងការដំឡើងផងដែរ ដោយសារតែទីផ្សារអចលនទ្រព្យយើងក៏រៀងពិបាកដែរ ដោយសារស្ថានភាពផលប៉ះពាល់ជាទូទៅពាក់ព័ន្ធនឹងសេដ្ឋកិច្ចសកល”។
អ្នកឧកញ៉ាមានប្រសាសន៍បន្តថា “វិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែង វាធ្វើឱ្យប៉ះពាល់ទាំងអស់ កាលណាប៉ះពាល់ដល់សេដ្ឋកិច្ចសកល ការលក់ក៏វារៀងតឹងតែងដូចគ្នា បើយើងឡើងថ្លៃខ្ពស់ពេក យើងលក់អត់បានទេ ជាទូទៅលក់ដដែល គ្រាន់តែបាត់បង់ការចំណេញ។ បើយើងគិតថារបស់ថ្លៃ យើងលក់ថ្លៃដែរ សួរថាលក់បានដែរឬអត់?”។
អ្នកឧកញ៉ាបន្តថា គម្រោងសាងសង់ដែលចេញរួចហើយ មិនមានគម្រោងណាពន្យារសាងសង់នោះទេ ប៉ុន្តែបើគម្រោងថ្មី គេអាចនឹងពិចារណាក្នុងការពន្យារបើកលក់សិន។ តាមរយៈបញ្ហាដែលកើតមានជាបន្តបន្ទាប់នេះ នឹងជំរុញឱ្យកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងឆ្នាំ២០២២ យឺតជាងឆ្នាំ២០២១៕