ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នានជួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុ ក្ខាប្រមាញ់ និងនេសាទ ដើម្បីពិភាក្សាលើការគាំទ្រហិរញ្ញវត្ថុ ក្នុងន័យស្តារវិស័យនេះក៏ដូចជាជម្រុញសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។
លោកAnthony Mcdonald) នាយកប្រតិបត្តិ នៃធនាគារអភិវឌ្ឍន៍អាស៊ីបានជួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២៧ ឧសភាកន្លងមកនេះ។
កម្មវត្ថុនៃជំនួបរបស់ភ្ញៀវពេលនេះ គឺដើម្បីសិក្សា និងស្វែងយល់បន្ថែមពីតម្រូវការចាំបាច់សម្រាប់ គម្រោងអភិវឌ្ឍវិស័យកសិកម្មមួយចំនួន ដែល ADB អាចពិចារណាជួយឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចនៅជនបទ ក៏ដូចសេដ្ឋកិច្ចជាតិបន្ទាប់ពីស្ថានភាព នៃវិបត្តិជំងឺកូវីដ១៩ ជាសកលមានលក្ខណ:ល្អប្រសើរឡើងវិញ។
លោកវេង សាខុនបានមានប្រសាសន៍ថា គម្រោងទាំងអស់នោះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្រិតជីវភាព និរន្តរភាពនៃកំណើនសេដ្ឋកិច្ចគ្រួសារ និងបង្កើតឱកាសការងារ តាមរយ:ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការធ្វើពិពិធកម្មកសិកម្ម ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការគ្រប់គ្រងធនធានធម្មជាតិតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ការជួយដល់សហគមន៍នេសាទ សហគ្រាសកែច្នៃធន់តូច និងការដាំព្រៃកោងកាងឡើងវិញ លើកកម្ពស់ទីផ្សារកសិករ នៅតាមសហគមន៍ ដែលសកម្មភាពទាំងនោះ កំពុងចូលរួមស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ-១៩។
ភាគីទាំងពីរក៏បានលើកយកប្រធានបទ សំខាន់ៗមួយចំនួនមកពិភាក្សាគ្នាផងដែរ ទាក់ទងនឹងវឌ្ឍនភាពនៃការអនុវត្តគម្រោង កម្មវិធីនានាដែលស្ថិតក្រោមជំនួយឧបត្ថម្ភរបស់ ADB ព្រមទាំងបញ្ហាប្រឈម និងគោលដៅអនាគតថាត្រូវធ្វើយ៉ាងណា ដើម្បីធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោនយោបាល និងផែនការអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ និងជាពិសេសស្របទៅតាមបរិបទ នៃការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។
លោកវេង សាខុនបានបន្តថា ដើម្បីដើរឲ្យទាន់ស្ថានការណ៍វិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ជាពិសេសក្នុងបរិបទ នៃការស្តារសេដ្ឋកិច្ចជាតិឡើងវិញ លោកបានលើកសំណើជូនភ្ញៀវ ធ្វើការពិនិត្យពិចារណានូវលទ្ធភាពដល់ការគាំទ្រលើគម្រោងសំខាន់បី ដូចជា៖ ទី១-ការគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ជាពិសេសការពង្រឹងផលិតភាព ផលិតកម្មបន្លែ និងផ្លែឈើហូបផ្លែ ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព សុវត្ថិភាព និងតម្លៃ ដោយធ្វើការចងក្រងជាសហគមន៍ និងបណ្តុំផលិត បណ្តាញទីផ្សារ កន្លែងប្រមូលផ្តុំ រចនាសម្ព័ន្ធទូត្រជាក់ និងប្រព័ន្ធលើកដាក់និងដឹកជញ្ជូន។
ទី២-បន្តធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកកម្ពស់ខ្សែច្រវាក់តម្លៃបន្ថែម កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលបម្រើដល់ផលិតកម្មដំណាំកសិ-ឧស្សាហកម្ម ការកែច្នៃ លើកកម្ពស់ការផ្តល់សេវាផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការសិក្សាស្រាវជ្រាវ និងផលិតពូជ សំដៅបង្កើនទិន្នផល ការគ្រប់គ្រង និងការប្រើប្រាស់ជី ថ្នាំកសិកម្ម ព្រមទាំងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងសមត្ថភាពសហគមន៍ និងវិស័យឯកជន សំដៅលើកកម្ពស់សមត្ថភាពក្នុងការនាំចេញ។
ទី៣- បញ្ហាប្រឈម និងការកំពស់អភិវឌ្ឍអនុវិស័យវារីវប្បកម្ម សំដៅលើកកម្ពស់ផលិតភាពផលិតកម្ម ជាមួយតម្លៃចំណីសមស្រប ដើម្បីបានការផលិតប្រកបដោយនិរន្តរភាព និងប្រគួតប្រជែងជាមួយទីផ្សារជាមួយប្រទេសជិតខាង។ ជាងនេះទៅទៀត ការកសាងខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ទីផ្សារ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ នៅតែជាអាទិភាព។
ទី៤-ការពង្រីកទំហំនៃការអភិវឌ្ឍវិស័យកសិកម្ម (Scale Up) និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ព្រមទាំងជំរុញនិងពង្រឹងសមត្ថភាព ដល់សហគមន៍កសិកម្ម ឲ្យក្លាយជាសហគ្រិនភាព ជាមួយនឹងការចងបណ្តុំអាជីវកម្មបន្លែ ផ្លែឈើ និងសត្វ ទាំងផ្លូវច្បាប់ បច្ចេកទេស និងឥណទាន ដើម្បីជំរុញផលិតភាពផលិតកម្មរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរថែមទៀតទាំងបរិមាណ គុណភាព សុវត្ថិភាព និងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ៕